ឱកាសល្អបានមកដល់ហើយ សម្រាប់អ្នកនៅតាមខេត្តឬនៅភ្នំពេញដែលចង់ចេះភាសាជប៉ុនព្រោះពេលនេះក្រសួងទេសចរណ៍បើកវគ្គបង្រៀនតាមអនឡាញហើយ។ យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD បានឱ្យដឹងថា ក្រសួងទេសចរណ៍នឹងបើកវគ្គបណ្ដុះបណ្ដាលភាសាជប៉ុនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ www.tptd.org រៀងរាល់ថ្ងៃចន្ទ និងថ្ងៃពុធ ម៉ោង១១:៣០ ដល់ ១៣:០០ ចាប់ពីថ្ងៃទី១៤ វិច្ឆកា ឆ្នាំ២០២២។
ការបង្រៀននេះធ្វើឡើង ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញភាសាជប៉ុន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ប្រើប្រាស់ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរជាដើម។
សម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សាតាមគេហទំព័រ https://www.tptd.org ឬតាមរយៈ QRCode ក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ៖