ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសរួមគ្នាអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ គ្រឹះស្ថាន រោងចក្រ សហគ្រាស ទីតាំងដែលប្រើប្រាស់ហត្ថពលកម្មបរទេស ព្រមទាំងស្ថានតំណាងបរទេសប្រចាំកម្ពុជា ត្រូវចូលរួមសហការជាមួយអាជ្ញាធរទប់ស្កាត់ការជួញដូរមនុស្សគ្រប់ទម្រង់ និងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានប្រាប់ដល់ស្ថាប័ន ក្រសួង និងវិស័យឯកជនដូច្នេះថា៖ «សូមផ្តល់ការគាំទ្រ និងចូលរួមសហការក្នុងកិច្ចប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងនេះ ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ»។
ការអំពាវនាវនេះគឺធ្វើឡើងក្រោយពីក្រសួងទាំងពីរបានរួមគ្នាបង្កើតគណៈកម្មការអន្តរក្រសួង ពិនិត្យ តាមដាន និងជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស ហើយគណៈកម្មការអន្តរក្រសួងនេះបានដាក់ចេញនូវផែនការអនុវត្តការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២៕