ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ ប្រធានាធិបតីរុស្ស៊ីលោក លោក វ្ល៉ាឌីមៀរ ពូទីន ពីបទដាក់ច្បាប់អាជ្ញាសឹកដល់តំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលត្រូវបានទីក្រុងមូស្គូ កាត់យកជាឯកតោភាគី។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី១៩ខែតុលាថា “លោកពូទីន បានដឹងថា ខ្លួនឯងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមិនគួរឲ្យជឿ។ ឧបករណ៍តែមួយគត់ដែលនៅមានសម្រាប់គាត់ គឺអំពើឃោរឃៅលើពលរដ្ឋម្នាក់ៗនៅអ៊ុយក្រែន។ ពលរដ្ឋអ៊ុយក្រែនត្រូវបំភិតបំភ័យ ឲ្យពួកគេចុះចាញ់”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានលើកឡើងថា ចំណាត់ការរបស់លោក ពូទីន បានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អ្នករស់នៅក្នុងតំបន់ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេចំពោះគ្រប់គ្នាដែលថា រុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រអស់សង្ឃឹមដើម្បីព្យាយាម និងពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ទាំងនេះ។
លោកបន្ថែមថា មិនថាវិមានក្រឹមឡាំងនិយាយអ្វី ឬធ្វើអ្វី ឬព្យាយាមអនុម័តតាមរយៈក្រឹត្យនោះទេ ឧបទ្វីបគ្រីមៀ និងតំបន់ទាំងបួនគឺជា ទឹកដីអធិបតេយ្យភាពរបស់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានោះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធទី១៩ខែតុលាថា ការប្រកាសច្បាប់អាជ្ញាសឹករបស់រុស្ស៊ី មិនបានផ្លាស់ប្តូរអ្វីទាំងអស់សម្រាប់អ៊ុយក្រែន។ ពលរដ្ឋអ៊ុយក្រែននឹងបន្តរំដោះទឹកដីរបស់ខ្លួន៕