(អេមីរ៉ាតអារ៉ាប់រួម)៖ ក្នុងឱកាសអមដំណើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាបរួម-កម្ពុជា ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
វេទិកាធុរកិច្ចនេះ សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពពាណិជ្ជកម្ម និងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗ របស់ប្រទេសទាំងពីរប្រមាណ៩០រូប និងរៀបចំឡើងក្នុងគោលបំណង ពង្រីក និងពង្រឹងបណ្តាញពាណិជ្ជកម្ម និងផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសក្តានុពល រួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ការសាងសង់ ឧស្សាហកម្មសម្លៀកបំពាក់ និងទំនិញសម្រាប់ធ្វើដំណើរ។-ល-។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយលោក រ៉ាសិត អាបឌុល ការីម អាល បាលូហ្ស៊ី (Rashed Abdul Karim Al Balooshi) អគ្គលេខាធិការរង នាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច អាប៊ុយ ដាប៊ី។
ថ្លែងក្នុងវេទិកាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាធុរកិច្ចអេមីរ៉ាតអារ៉ាប់រួម-កម្ពុជា និងបានអបអរសាទរ ពិធីប្រកាសបើកការចចារជាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
អ្នកឧកញ៉ាប្រធានបានលើកឡើង អំពីកាលានុវត្តភាពធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច វិស័យសក្តានុពលរបស់កម្ពុជា និងការរីកចម្រើនរបស់វិស័យនីមួយៗ ដោយជំរុញឲ្យវិនិយោគិន អេមីរ៉ាតអារ៉ាប់រួម បំពញទស្សនកិច្ចនៅកម្ពុជា និង ពិនិត្យលទ្ធភាពសហការលើគម្រោងរួម។
អ្នកឧកញ៉ាប្រធានបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិទទួលបានសន្តិភាពពេញលេញ និងជំរុញកំណែទម្រង់ស៊ីជម្រៅ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងពង្រឹងភាពប្រកួត
ប្រជែងជាតិ ក្នុងទីផ្សារពិភពលោក។ កម្ពុជាមានទីផ្សារទូលំទូលាយ ក្នុងពិភពលោក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគី រួមមានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េជាដើម។
ទោះបីរងនូវផលវិបាកពីជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចស្ដារឡើងវិញ បានឆាប់រហ័សបំផុតក្នុងតំបន់។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ត្រូវបានព្យាករណ៍ក្នុងរង្វង់៥% ដែលគាំទ្រដោយការស្តារឡើងវិញនូវវិស័យចម្បងៗ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ ២០២១-២០២៣ ដែលនឹងជួយស្ដារសេដ្ឋកិច្ច ឲ្យត្រឡប់ទៅរកកំណើនប្រចាំឆ្នាំ ៧%។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន អ្នកឧកញ៉ាប្រធាន បានអញ្ជើញវិនិយោគិនអេមីរ៉ាតអារ៉ាប់រួម ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច
និងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនៃកម្ពុជា។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងមានការអញ្ជើញចូលរួមពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ក៏ដូចជា ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកស្រាវជ្រាវ ក្នុងតំបន់អាស៊ាន និងដៃគូសន្ទនា៕