Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចិន នឹងផ្លាស់ប្ដូរនាយរដ្ឋមន្រ្តីនៅពេលខាងមុខនេះ ដោយសារតែកត្តាមួយចំនួននេះ

Admin Alynana | Oct 25, 2022
ប្រទេសចិន នឹងផ្លាស់ប្ដូរនាយរដ្ឋមន្រ្តីនៅពេលខាងមុខនេះ ដោយសារតែកត្តាមួយចំនួននេះ
Clinic narith

ក្នុងការពង្រឹង និងពង្រីកអំណាចបន្ថែម បុរសខ្លាំងរដ្ឋចិនរូបនេះ ក៏បាន​ជ្រើសតាំង​​សមាសភាព​​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន ដែល​សុទ្ធ​សឹង​ជា​មនុស្ស​ស្និទ្ធ ឬ​មាន​ភក្តីភាព​ខ្លាំង​នឹង​លោក ខណៈដែលខ្លះក៏ត្រូវជំរុះចោលផងដែរ។ ក្នុងនោះក៏មានដែរ លោកនាយករដ្ឋមន្រ្តី លី ឃឺឈាំង នឹងដល់ពេលចូលនិវត្តន៍នៅខែមីនាឆ្នាំក្រោយ។ ទោះ​យ៉ាងណា បុរសខ្លាំងស៊ី ជីនពីង បានសម្លឹងឃើញរួចហើយ ចំពោះអ្នកដែលត្រូវមកស្នងដំណែងនេះ ដោយលោកស៊ី បានជ្រើសយកលោក លី ឈាំង ជាបុគ្គល​ដែលស្និទ្ធនឹងលោកមកធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក លី ខឺឈាំង។ តើលោក លី ឈាំង ដៃស្តាំ​របស់លោក ស៊ី ជីនពីងនេះ មានប្រវត្តិបែបណា?

ក្នុងវ័យ៦៣ឆ្នាំ លោក លី ឈាំង ឈរនៅលំដាប់ទីពីរនៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃការិយាល័យ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន និងជាអនាគតនាយករដ្ឋមន្ត្រីចិនថ្មីផងដែរ។ លោក លី ឈាំង ជាលេខាបក្ស​របស់ទីក្រុងសៀងហៃ ហើយធ្លាប់បានបំពេញការងារ ជាមួយលោក ស៊ី ជីនពីង អំឡុងឆ្នាំ២០០៤ ដល់២០០៧ ពេលលោកកាន់តំណែង​លេខាបក្សខេត្តជឺជាំង។

ដំបូងឡើយ លោក លី ឈាំង មិនត្រូវបានគេរំពឹងទេថា នឹងឡើងមកកាន់តំណែងកំពូលមួយនេះ ដោយសារតែកំហុសឆ្គងរបស់លោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសម្រេចបិទខ្ទប់ក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសចិន រហូតដល់ទៅ២ខែ ធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុយ៉ាងខ្លាំង។លោក លី នឹងកាន់តំណែងនាយករដ្ឋមន្រ្តីបន្ត​ពីលោក លី ខឺឈាំង ហើយដូចសព្វដងដែរ ដំណែងនេះ នឹងត្រូវក្តោបក្តាប់លើវិស័យសេដ្ឋកិច្ចរបស់ចិនទាំងមូល។

កាលនៅជាលេខាបក្សរបស់ទីក្រុងសៀងហៃ លោកលី ទទួលបានការខឹងសម្បារ រិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គម​ក្នុងប្រទេសចិន ពីការអនុវត្តតឹងតែងហួសហេតុអំឡុងពេលបិទខ្ទប់ ដែលបណ្តាលឱ្យមានការរំខានដល់សេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃ។​ មិ​នតែប៉ុណ្ណោះ ពលរដ្ឋក្រុងសៀងហៃ ទាំងជាង ២៥លាននាក់ ក៏បានសំដែងការខឹងសម្បារចំពោះរូបលោកដែរ។

លោក លី ឈាំង ក៏ជាមនុស្សដំបូងផងដែរ ដែលបានឡើងមកធ្វើជានាយករដ្ឋមន្ត្រី ដោយផ្ទុយពីឋានានុក្រមអំណាច ពោលរាប់ចាប់ពីឆ្នាំ១៩៧៦មក គឺលោក ជាបុរសទី១ហើយ ដែលឡើងធ្វើជានាយករដ្ឋមន្ត្រី ដោយមិនធ្លាប់ធ្វើជា​ឧបនាយករដ្ឋមន្ត្រី។

អ្នកឃ្លាំមើលស្ថានការណ៍​ប្រទេសចិន​ម្នាក់មកពី​សហរដ្ឋអាមេរិក និយាយថា​ នេះជាបើតាម ទម្លាប់គឺអ្នកណាម្នាក់ដែលក្លាយជានាយករដ្ឋមន្ត្រីបាន ត្រូវតែធ្លាប់ជាឧបនាយករដ្ឋមន្ត្រីពីមុន ហើយការរុញតំណែងលោក លី ឈាំង គឺផ្ទុយទាំងស្រុងពីគោលការណ៍​គណបក្ស។​ លើសពីនេះគេមិនទាំងធ្លាប់​បានឃើញលោកលី ឈាំង ណែនាំកំណែទម្រង់​ទីផ្សារណាមួយឡើយ ឬសូម្បីតែបទពិសោធន៍ផ្នែកសេដ្ឋកិច្ច។

ទោះយ៉ាងណា ការរុញឱ្យលោក លី ឈាំងឡើងមកដល់ដំណែងកំពូលមួយនេះ មិនមែនជារឿងចៃដន្យឡើយសម្រាប់អ្នកតាមដានស្ថាបការណ៍នយោបាយនៅប្រទេសចិន។ លោក លី ឈាំង ដែលជាមនុស្សស្និទនឹងលោក ស៊ី តាំងតែពីបំពេញការងារជាមួយគ្នាននៅខេត្តជឺជាំង បានតែងតាំងឡើងមកជាលេខាបក្សមជ្ឈមណ្ឌល​ហិរញ្ញវត្ថុក្រុងសៀងហៃ ក្នុងឆ្នាំ២០១៣ ជាឆ្នាំដែលលោកស៊ី ឡើងកាន់ជាប្រធានាធិបតី​ដំបូងដែរ។ នេះបានសេចក្តីថា លោកស៊ី បានសម្លឹងឃើញតំណែងកំពូល​សម្រាប់លោក លី រួចអស់ហើយ។

សូមជម្រាបថា លោក លី ឈាំងមិនមែនជាបុគ្គលតែម្នាក់ ដែលស្និទ្ធនឹងលោក ស៊ី ជីនពីង ហើយបាន ឡើងមកកាន់ដំណែងកំពូលរបស់បក្សដូចនេះទេ។ ក្នុងនោះ នៅមានមនុស្សជំនិត ដៃឆ្វេងនិងស្តាំង ៥រូបទៀត​រួមមាន លោក ចៅ ឡេជី(Zhao Leji) ​​អ្នក​ទទួល​ខុស​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ​ និង​ លោក វ៉ាង ហ៊ុននីង(Wang Huning) ទទួលបន្ទុក​ផ្នែក​មនោគមវិជ្ជាបក្ស​។ ទាំង​ពីរ​រូប​នេះ​ជា​សមាជិក​ចាស់​ដែល​បន្ត​អាណត្តិ​ថ្មី។ ចំណែក​លោក ខៃ ជី (Cai Qi) អគ្គលេខាបក្ស​ក្រុង​ប៉េកាំង លោក ឌីង សៀវស៊ែង(Ding Xuexiang) នាយកការិយាល័យ​មជ្ឈិមបក្ស​ និង​ការិយាល័យប្រធានាធិបតី​ ដែលចាត់ទុកដៃឆ្វេងរបស់​លោកស៊ីជីនពីង ព្រមទាំង​លោក លី ស៊ី (Li Xi) អគ្គលេខា​បក្ស​ខេត្ត​ក្វាងទុង ជា​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ដែល​មក​ជំនួស​អ្នកចូល​និវត្តន៍៕