Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្ដាលវៀតណាមនឹងដំឡើងអត្រាការប្រាក់គោល ១% បន្ថែមទៀត ដើម្បីទប់ទល់អតិផរណា

Admin Alynana | Oct 26, 2022
ធនាគារកណ្ដាលវៀតណាមនឹងដំឡើងអត្រាការប្រាក់គោល ១% បន្ថែមទៀត ដើម្បីទប់ទល់អតិផរណា
Clinic narith

ធនាគារកណ្តាលនៃប្រទេសវៀតណាមបានបញ្ជាក់នៅថ្ងៃទី២៤ ខែតុលាថា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ១% បន្ថែមទៀតនេះ ដែលនេះជាការដំឡើងអត្រាការប្រាក់ជាលើកទី២នៅក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលនេះ គឺធ្វើឡើងក្នុងបំណងកាត់បន្ថយហានិភ័យអតិផរណា រក្សាស្ថិរភាព និងការពារប្រព័ន្ធធនាគាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃអង្គារនេះ។

ធនាគារកណ្ដាល​របស់​វៀតណាម (SBV) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ​ចាប់ពីថ្ងៃអង្គារទី ២៥ខែតុលា​នេះត​ទៅ ​អត្រាការប្រាក់​នៃការផ្តល់ហិរញ្ញប្បទាន​​ឡើងវិញ​​​ (Refinance Rate)នឹងត្រូវបាន​ដំឡើង​ដល់ ​៦% និងអត្រាកាប្រាក់​ដែលធនាគារពាណិជ្ជត្រូវបង់លើកម្ចីដែលខ្លួនបានខ្ចីពីធនាគារកណ្ដាល​ គឺមានដល់ ៤,៥%​។​

ប្រទេសវៀត​ណា​ម​ក៏​ដូច​ជា​ប្រទេស​ជិតខាងភាគច្រើន​ដែរ ​គឺ​បានប្រឈមមុខ​នឹងសម្ពាធ​កើនឡើងលើអតិផរណា ហើយបានមើលឃើញថា រូបិយបណ្ណរបស់ខ្លួនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយប្រាក់ដុង​បានធ្លាក់ចុះ ៩% ​បើ​ធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។

ធនាគារកណ្តាលវៀត​ណាម​​បាននិយាយថា អតិផរណាពិភពលោក​នៅតែខ្ពស់​នៅ​ឡើយ​​ ហើយធនាគារ​កណ្តាល​​អាមេរិក​បានដំឡើងអត្រាការប្រាក់គោល​​របស់ខ្លួន​ចំនួន ៥ដងរួច​មក​ហើយ​ក្នុង​ពេលថ្មីៗនេះ​ជា​មួយ​ការ​រំពឹង​ថា នឹង​ដំឡើងបន្ថែមទៀត​នៅឆ្នាំនេះ ​និងនៅឆ្នាំ២០២៣​។

ធនាគារ​កណ្ដាល​វៀត​ណាម​បាននិយាយកាល​ពីល្ងាចថ្ងៃចន្ទទី ២៤តុលាថា គួប​ផ្សំ​ជាមួយនឹងការឡើង​ថ្លៃ​របស់​ប្រាក់ដុល្លារ​ដែរ​នោះ​ ការ​ដំឡើង​អត្រាការ​ប្រាក់​របស់​អាមេរិក​​នេះ​​បានធ្វើឱ្យមានសម្ពាធលើអត្រាការ​ប្រាក់​ក្នុង​ស្រុក និង​អត្រាប្តូរប្រាក់​ផង​ដែរ​​។

នាយករដ្ឋមន្ត្រីវៀត​ណាម​លោក ផាម មិញ ឈិញ (Pham Minh Chinh)​ កាលពីសប្តាហ៍មុន​បាននិយាយថា ​វៀតណាមនឹងរក្សា​តម្លៃ​ក្នុងការត្រួតពិនិត្យ ​និងបន្តគោលនយោបាយរូបិយវត្ថុ​​ដែល​អាចបត់បែនបាន​ និងប្រុងប្រយ័ត្ន​ពេញមួយឆ្នាំក្រោយ ដោយសារតម្លៃថាមពលខ្ពស់ ​និងបញ្ហាផ្គ​ត់ផ្គង់ពិភព​លោកបាន​បន្ថែមសម្ពាធដល់​អតិផរណា​ឱ្យ​ឡើង​ថែម​ទៀត​។

សន្ទស្សន៍ភាគហ៊ុនសំខាន់របស់វៀតណាម​កាលពីថ្ងៃចន្ទ ទី២៤តុលា​ បានឈានដល់កម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ២០២០​​មក​ ហើយ​បាន​​បិទ​បញ្ចប់ជា​មួយ​ការ​​ធ្លាក់ចុះ ៣,៣% ដោយ​ងើបឡើងវិញបន្តិចពីការធ្លាក់ចុះ ៤,១% ​ធៀបនឹងការជួញដូរកាលពីថ្ងៃមុននោះ ​ហើយតម្លៃ​ប្រាក់ដុងបានធ្លាក់ចុះ​ដល់កម្រិតទាបបំផុតជាប់​គ្នា​​​លើកទី​១៣​​នៅ​ក្នុង​វគ្គជួញដូរផងដែរ​។​

ធនាគារ​ SBV បាននិយាយថា ខ្លួននឹងតាមដានយ៉ាងដិត​ដល់នូវទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីគ្រប់គ្រងឱ្យ​បាន​ទាន់ពេលវេលា​នូវ​ការដាក់ចេញវិធានការ និងឧបករណ៍រូបិយវត្ថុផ្សេងៗ ហើយ​ធនាគារ​នេះ​មានឆន្ទៈក្នុងការធ្វើ​អន្តរាគមន៍​ក្នុងទីផ្សាររូបិយវត្ថុ និងរូបិយប័ណ្ណបរទេស​ដើម្បី​បំពេញតម្រូវការសាច់ប្រាក់​ងាយ​ស្រួល​របស់ស្ថាប័នហិរញ្ញវត្ថុថែមទៀតផង។

ធនាគារ​ SBV បាននិយាយថា ខ្លួនក៏នឹងបង្កើន​អត្រា​ការ​ប្រាក់​គោល​​ពី​ ០,៥% ​ទៅ ​១​%​បន្ថែមទៀត នៃ​​អត្រាការប្រាក់​​បញ្ញើរបស់​​ប្រាក់​ដុង​​​នៅធនាគារពាណិជ្ជអាស្រ័យទៅ​លើកាលកំណត់​ផ្សេងៗគ្នា​។

អ្នកវិភាគទីផ្សារបាននិយាយមុននេះថា កំណើនផលិតផលក្នុងស្រុកសរុបដែល​លឿនជាងការរំពឹងទុកសម្រាប់ឆ្នាំនេះ ​បានផ្តល់ឱកាស​មួយចំនួនដល់​ធនាគារកណ្តាល ដើម្បីបង្កើនអត្រាការ​ប្រាក់​គោល​របស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុបអាចឈានដល់ ៨% នៅឆ្នាំនេះ គឺ​លើសពីគោលដៅ ៦% ទៅ ៦,៥%ទៅទៀត ខណៈកាលពីឆ្នាំ២០២១ វៀតណាម​មានកំណើនGDP ត្រឹមប្រមាណជិត ២,៦%ប៉ុណ្ណោះ។

តម្លៃទំនិញប្រើប្រាស់ក្នុងខែកញ្ញានៅវៀតណាម​បានកើនឡើងជាង ៤% បន្ថែមទៀត បើ​ធៀបនឹងដំណាច់ឆ្នាំមុន​ ពោលគឺ​ប្រហែល​នឹងគោលដៅអតិផរណា ៤% សម្រាប់ឆ្នាំ​នេះ​។ ធនាគារកណ្តាលកាលពីថ្ងៃទី១៧ ខែតុលាបានពង្រីកការជួញដូរអត្រាប្តូរប្រាក់ដល់ ៥% គឺ​ឡើង​ពី​ ៣% បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង​របស់​ប្រាក់​ដុងដែលបណ្តាលមកពីការប្រែប្រួលនៅក្នុងទីផ្សារពិភពលោក។

ធនាគារកណ្ដាលវៀតណាម​ ថ្មីៗនេះ ក៏បានលក់ចេញប្រាក់ដុល្លារទៅក្នុង​ទីផ្សារ​ ដើម្បីគាំទ្រ​ដល់​ប្រាក់ដុងរបស់ខ្លួន​ដែលកំពុងធ្លាក់ចុះផងដែរ ដោយអ្នកវិភាគផ្នែកទីផ្សារមួយចំនួន​បានប៉ាន់ប្រមាណថាប្រាក់ដុល្លារដែលបាន​លក់​នៅឆ្នាំនេះ មានទំហំទឹកប្រាក់ដល់ទៅ ២០ពាន់លានដុល្លារឯណោះ៕