សេដ្ឋកិច្ចពិភពលោកកំពុងខិតជិតដល់ការធ្លាក់ចូលក្នុងវិបត្តិមែនទែនហើយនាពេលនេះ ខណៈដែលអ្នកសេដ្ឋកិច្ចជាច្រើន ដែលត្រូវបានស្ទង់មតិដោយ Reuters ជាថ្មីម្តងទៀត បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំៗសំខាន់ៗ និងស្របពេលដែលធនាគារកណ្តាល បន្តដំឡើងអត្រាការប្រាក់ឥតស្រាកស្រាន្តដើម្បីកាត់បន្ថយអតិផរណា។
អ្វីដែលគេឃើញច្បាស់នោះ គឺថា ប្រទេសសេដ្ឋកិច្ចធំៗភាគច្រើន ដែលបានធ្លាក់ចូលទៅក្នុងវិបត្តិរួចទៅហើយ ឬខ្លះទៀតកំពុងស្ថិតនៅមាត់ជ្រោះនៃវិបត្តិនោះ ពេលនេះកំពុងតែចាប់ផ្ដើមមានអត្រាគ្មានការងារធ្វើថយចុះមកវិញ បើធៀបនឹងអំឡុងពេលនៃការដាំក្បាលចុះកាលពីមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បច្ចុប្បន្នភាគច្រើននៃធនាគារកណ្តាលក្នុងពិភពលោកកំពុងដំឡើងអត្រាការប្រាក់គោល លើសពី ២ភាគ៣ នៃអត្រាការប្រាក់ដែលគេកំណត់ទុក ប៉ុន្តែដោយការដំឡើងការប្រាក់រួចហើយ តែអតិផរណានៅតែបន្ដមានខ្ពស់ដដែល ហានិភ័យនៃសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិនឹងកាន់តែមានខ្ពស់ដូចគ្នា។
មូលហេតុដែលសេដ្ឋកិច្ចសកលនឹងជួបវិបត្តិមួយទៀតនោះ គឺនៅឆ្នាំក្រោយគេនឹងលែងធ្វើអ្វីបានទៀត ពោលគឺ មិនអាចដំឡើងអត្រាការប្រាក់បានទៀត។ ដំបូងឡើយកំណើនអតិផរណា កើតមានភ្លាមៗ ធនាគារកណ្តាលនានាមានការយឺតយ៉ាវក្នុងការឆ្លើយតប។ ពួកគេទើបតែសម្រុកដំឡើងអត្រាការប្រាក់ភ្លាមៗ និងបន្តបន្ទាប់នៅចុងឆ្នាំ២០២២នេះ ដែលធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់កំរិតខ្ពស់បំផុតមួយ មិនអាចដំឡើងទៀតបាននៅឆ្នាំក្រោយ។
លោក ម៉ាយឃើល អេវឺរី(Michael Every) អ្នកជំនាញយុទ្ធសាស្រ្តសេដ្ឋកិច្ចសកលនៅធនាគារ Rabobank បាននិយាយថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល គឺជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងព្រួយបារម្ភ និងជាប្រធានបទសំខាន់ ដែលត្រូវយលុមកពិភាក្សាឲ្យបានទាន់ពេលវេលា។ លោកគិតថា វាគឺជារឿងដែលមិនអាចទុកយូរបានទេ នៅពេលអ្នកមើលនិន្នាការនៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗបានបង្ហាញយ៉ាងច្បាស់ទៅហើយនោះ អំពីនិន្នាការដាំក្បាលចុះសេដ្ឋកិច្ច។
អ្នកជំនាញរូបនេះព្រមានថា គេមិនអាចយកអត្រាភាពគ្មានការងារធ្វើ ដែលមានទាប មកវាស់វែង ឆ្លុងបញ្ចាំងនឹងអតិផរណាដែលមានខ្ពស់ ហើយចាត់ទុកវិបត្តិសេដ្ឋកិច្ចថា ជារឿងមិនអាចទៅរួចនោះទេ។ មនុស្សមានការងារធ្វើមែនតែពួកគេមិនបានកើនចំណូលឡើយ តែត្រូវបង្កើនការចំណាយដោយសារតែអ្វីៗសុទ្ធតែឡើងថ្លៃ។ មួយវិញទៀត ធនាគារកណ្តាលរឹតតែមិនអាចយកសូចនាករនេះ ជាមូលហេតុដើម្បីបន្តដំឡើងអត្រាការប្រាក់គោលឡើយ។
គួរកត់សម្គាល់ថា ក្នុងចំណោមធនាគារកណ្តាលចំនួន២២ ដែល Reuters បានស្ទង់មតិលើកនេះ មានធនាគារកណ្តាលក្នុងប្រទេសតែ៦ប៉ុណ្ណោះ ដែលមានកំរិតអតិផរណាស្របតាមគោលដៅដែលបានកំណត់ទុកប្រចាំឆ្នាំរបស់ពួកគេ ក្រៅពីនោះគឺសុទ្ធសឹងតែកើនលើសពីគោលដៅ។
ក្នុងពេលនេះ ទីផ្សារភាគហ៊ុន និងមូលបត្របំណុលពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងទីផ្សារប្តូរប្រាក់បរទេស ដោយសារតែការដំឡើងអត្រាការប្រាក់គោលជាច្រើនលើករបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។
ក្នុងចំណោមសេដ្ឋវិទូ ២៤២ ដែលបានស្ទង់មតិដោយ Reuters មាន៧០% ឬស្មើនឹង១៧៣នាក់ បាននិយាយថា ការរស់របស់ពលរដ្ឋនៅក្នុងប្រទេស ដែលពួកគេបានស្រាវជ្រាវនឹងមាននិន្នាការកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប្រាំមួយខែខាងមុខ ខណៈនៅសល់សេដ្ឋវិទូ ៦៤នាក់ទៀត រំពឹងថា វិបត្តិនានានឹងប្រសើរឡើង។
សូមជម្រាបថា កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករណ៍ថានឹងមានមកនៅត្រឹម ២,៣% ក្នុងឆ្នាំ២០២៣ ធ្លាក់ចុះពីការរំពឹងទុក ២,៩%នៅឆ្នាំនេះ ហើយបន្ទាប់មកអាចស្ទុះងើបឡើងវិញ ដល់៣%ក្នុងឆ្នាំ២០២៤។ នេះបើយោងតាមការស្ទង់មតិពីអ្នកសេដ្ឋកិច្ចតាមរយៈ Reuters ដែលបានសិក្សាគ្របដណ្តប់លើប្រទេសមានសេដ្ឋកិច្ចសំខាន់ៗចំនួន៤៧ធ្វើឡើងកាលពីចុងខែកញ្ញាដល់ចុងខែតុលានេះ។
ជាមួយគ្នានេះ សេដ្ឋកិច្ចប្រទេសចិនដែលជាសេដ្ឋកិច្ចធំទី២របស់ពិភពលោកនោះ ត្រូវបានព្យាករថានឹងសម្រេចបានកំណើន៣,២% នៅឆ្នាំ២០២២ គឺមានទាបជាងគោលដៅកំណើនរបស់រដ្ឋាភិបាលចិន ដែលធ្លាប់រំពឹងថានឹងកើន ៥,៥%។ សេដ្ឋកិច្ចមហាយក្សឥណ្ឌាឯណោះវិញ ត្រូវបានព្យាករថា នឹងមានក្នុងរង្វង់៦,៩% នៅឆ្នាំសារពើពន្ធ២០២២-២០២៣ និងបនកំណើន៦,១% នៅឆ្នាំក្រោយ។
ដោយឡែក តំបន់ចាយប្រាក់អឺរ៉ុបវិញ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច៣% នៅឆ្នាំនេះ និងបន្ដនៅទ្រឹងនៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវបានព្យាករថានឹងកើ១,៥%នៅឆ្នាំ២០២៤៕ នេះបើតាមការស្ទង់មតិរបស់រ៉យទ័រ៕