Alynana Media Cambodia
Icon Collap
clinic narit

មេអគ្គិសនីកម្ពុជាបញ្ជាក់ពីហេតុផល ដែលកម្ពុជាមិនដំឡើងថ្លៃអគ្គិសនី

Admin Alynana | Oct 29, 2022
មេអគ្គិសនីកម្ពុជាបញ្ជាក់ពីហេតុផល ដែលកម្ពុជាមិនដំឡើងថ្លៃអគ្គិសនី
Clinic narith

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនៅកម្ពុជា ត្រូវបានរងការរំខានដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឲ្យតម្លៃថាមពល និងប្រេងឥន្ធនៈមានការកើនឡើង។ ទោះបីយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំរបស់ប្រជាពលរដ្ឋនោះទេ ដ្បិតរដ្ឋមិនចង់ដាក់បន្ទុកចំណាយបន្ថែមដល់ប្រជាជនដែលបានកំពុងលំបាករួចទៅហើយនោះ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអបនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា​បានអះអាងថា អគ្គិសនីកម្ពុជាមិនបានដំឡើងថ្លៃអគ្គិសនី​​សម្រាប់ការប្រើប្រាស់​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ បើទោះបីតម្លៃថ្លៃដើមផលិតអគ្គិសនីមានការកើនឡើង ហើយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន​បានរំខានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ថាមពលនៅកម្ពុជាក៏ដោយ។

ឯកឧត្តមបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យអគ្គិសនីកម្ពុជា​មិនដំឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ចុងក្រោយ គឺដោយសាររាជរដ្ឋាភិបាលជួយចំណាយលើថ្លៃខាតជូនប្រជាពលរដ្ឋ និងម្យ៉ាងទៀតអគ្គិសនីដែលប្រើប្រាស់នៅកម្ពុជាភាគច្រើនជាថាមពលរដ្ឋកកើតឡើងវិញ។ កត្តានេះហើយដែលធ្វើឲ្យ​ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងធ្យូងថ្មមិនបង្កផលប៉ះពាល់ខ្លាំងដល់វិស័យថាមពលនៅកម្ពុជា។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ អគ្គិសនីដែលកម្ពុជាកំពុងប្រើប្រាស់បច្ចុប្បន្នមានប្រមាណ៦១% ជាថាមពលអគ្គិសនីស្អាត ឬថាមពលកកើតឡើងវិញ ខណៈថាមពលដែលដើរ​ដោយធ្យូងថ្ម និងប្រេងឥន្ធនៈមានប្រមាណជាង៣០% តែប៉ុណ្ណោះ។ ក្នុងចំណោម​ថាមពលស្អាតជាង៦០% ថាមពលដែលផលិតនៅកម្ពុជាមានរហូតដល់ជាង​៤០% ហើយក្រៅពីនោះជាថាមពលដែលនាំចូលពីប្រទេសជិតខាង។

ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងបរិយាកាស និងការប្រែប្រួលអាកាសធាតុ កម្ពុជាបានដាក់ចេញផែនការផលិតអគ្គិសនីស្អាតឲ្យបានយ៉ាងតិច៦០% ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៤០ ដែលជាចំនួនមួយដ៏ច្រើន បើធៀបនឹងការកំណត់របស់​អាស៊ានដែលទាមទារឲ្យមាន​ប្រមាណ៣៥%។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ ដែលបានបន្ថែមថា បច្ចុប្បន្នកម្ពុជា​មានរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មតែ៣ប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលបានសម្រេចមិន​ឲ្យ​បង្កើតរោងចក្រប្រភេទនេះបន្ថែមទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា ក្នុងល្បាយថាមពលដែលកំពុងប្រើប្រាស់ទូទាំងពិភពលោកបានការរួមចំណែកពីរោងចក្រថាមពលដើរដោយធ្យូងថ្មប្រមាណ៣៥% ពន្លឺព្រះអាទិត្យប្រមាណ៥% វារីអគ្គសនីប្រហែល១៥% និងថាមពលនុយក្លេអ៊ែរចន្លោះពី១៥%ទៅ២០% ហើយក្រៅពីនោះដើរដោយប្រេងឥន្ធនៈ។ អ្នកជំនាញអះអាងថា បើទោះបីពិភពលោកមានការរីកចម្រើនលើការផលិតប្រភពថាមពលថ្មីៗក៏ដោយ តែពិភពលោកមិនអាចទាត់ចោលថាមពលអគ្គិសនីដើរដោយធ្យូងថ្មបានឡើយ ដ្បិតធ្យូងថ្មមានតម្លៃថោក និងជាប្រភពផលិតថាមពលដែលមាននិរន្តរភាព។ អ្នកជំនាញព្យាករថា ថាមពលអគ្គិសនីពិភពលោកនៅឆ្នាំ២០៣០ ខាងមុន នឹងនៅតែបន្តមានការរួមចំណែកថាមពលដើរដោយធ្យូងថ្មប្រមាណ៣០%។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ ប្រជាជនកម្ពុជាមានតម្រូវការថាមពលអគ្គិសនីជាង២ពាន់មេហ្គាវ៉ាត់សម្រាប់ការប្រើប្រាស់នៅពេលថ្ងៃ ខណៈនៅពេលយប់ការប្រើប្រាស់​ធ្លាក់មកនៅត្រឹមជាង១ពាន់មេហ្គាវ៉ាត់។ តាមរយៈយន្តការមិនដំឡើងថ្លៃ ហើយជួយចេញថ្លៃអគ្គិសនីជូនប្រើប្រាស់ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាបានវាយតម្លៃថា រដ្ឋអាចខាតបង់ថវិកាប្រមាណ១០០លានដុល្លារនៅឆ្នាំ២០២២ នេះ៕