ទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលតាមប្រទេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងខ្ពស់ បន្ទាប់ពីទិន្នន័យអតិផរណាក្នុងខែតុលាឆ្នាំនេះ បង្ហាញពីកំណើនដល់កំណត់ត្រាខ្ពស់បំផុតមួយ រហូតដល់ទៅពីរខ្ទង់ ពោលគឺបានកើនឡើងដល់ ១០,៧%។ អតិផរណាកើនឡើងនេះ នឹងក្លាយជា សម្ពាធមួយទៀតលើធនាគារកណ្តាលអឺរ៉ុប ដើម្បីឱ្យស្ថាប័នមួយនេះ បន្តការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
របាយការណ៍អតិផរណាក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលមាន ១៩ប្រទេសចេញផ្សាយកាលពីថ្ងៃចន្ទទី៣១តុលា បង្ហាញថា តម្លៃទំនិញរបស់អ្នកប្រើប្រាស់ក្នុងខែតុលាបានកើនឡើងដល់ ១០,៧% ពោលគឺបានកើនឡើង ០,៨% បើធៀបនឹងខែកញ្ញា ដែលមានអត្រា ៩,៩%។
ក្រៅពីទិន្នន័យតម្លៃទំនិញជារួម អតិផរណា ដែលមិនរាប់បញ្ចូលលើមុខទំនិញចំណីអាហារមិនទាន់កែច្នៃ និងថាមពល បានកើនដល់ ៦,៤% ពីអត្រា៦%កាលពីខែកញ្ញា ហើយបើមិនរាប់បញ្ចូលគ្រឿងស្រវឹងនិងថ្នាំជក់ទៀត អតិផរណានៅតែខ្ពស់ដដែល ពោលគឺស្ថិតនៅកំរិត ៥% ខណៈខែកញ្ញាមាន៤,៨%។
កំណើនតម្លៃទំនិញប្រើប្រាស់នៅតំបន់ចាយលុយអឺរ៉ូ នេះកំពុងចោទជាសំណួរបន្ថែមទៀតទៅកាន់ធនាគារកណ្តាលអឺរ៉ុប (ECB) ថាតើគេនឹងចាត់វិធានការបែបណាទៀតនៅចំពោះមុខបញ្ហានេះ ក្រោយទើបបានតំឡើងអត្រាការប្រាក់គោលរួចហើយកាលពីសប្តាហ៍មុន។
គួររំឭកថា កាលពីថ្ងៃព្រហស្បតិ៍ទី២៦តុលា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចចិត្តដ៏កម្រមួយ ដំឡើងអត្រាការប្រាក់ ០,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩មក ដើម្បីទប់ទល់នឹងវិបត្តិអតិផរណាទំនិញ នៅតំបន់ចាយប្រាក់អឺរ៉ូ និងបើទោះបីតំបន់មួយនេះ កំពុងមានទស្សនវិស័យសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។
សេដ្ឋវិទូជាន់ខ្ពស់មួយរូបនៅអឺរ៉ុបបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលអឺរ៉ុបដោយបានដាក់គោលដៅ រុញអតិផរណាឱ្យធ្លាក់មកនៅត្រឹម ៩,២%វិញ ហាក់ឃ្លាតទៅកាន់តែឆ្ងាយហើយ។ ជាមួយនឹងកំណើនថ្មីចុងក្រោយនេះ វានឹងក្លាយជាសម្ពាធមួយកាន់តែតានតឹងសម្រាប់ធនាគារកណ្ដាលរបស់អឺរ៉ុប ហើយមិនយូរមិនឆាប់ត្រូវបង្ខំចិត្តបន្តដំឡើងអត្រាការប្រាក់ទៀត។
គួរជម្រាបថា តម្លៃទំនិញប្រើប្រាស់កើនឡើងនៅតំបន់ចាយលុយអឺរ៉ូ ស្របពេលដែលការនាំចេញស្បៀងអាហារអ៊ុយក្រែនតាមសមុទ្រខ្មៅត្រូវបានផ្អាក។ ជាក់ស្តែង វាធ្វើឱ្យស្បៀងអាហារកើនតម្លៃភ្លាមៗដូចគ្នា រួមមានស្រូវសាលី ជាវត្ថុធាតុដើមចម្បងសម្រាប់ការផលិតនំប៉័ង បានកើនតម្លៃ ៦%កាលពីថ្ងៃចន្ទ រីឯពោតឡើងថ្លៃ ២%។ ការផ្អាកការនាំចេញពីប្រទេសអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយនេះ ក៏ដោយសារតែរុស្ស៊ីដកខ្លួនពីកិច្ចព្រមព្រៀងនាំចេញជាមួយអ៊ុយក្រែន ក្រោមហេតុផលមិនអាចការពារនាវាចរនៅសមុទ្រខ្មៅទៀតបាន។
គួរជម្រាបថា ការខកខានការដឹកជញ្ជូន និងផ្គត់ផ្គង់ណាមួយពីផ្លូវនាវាចរសមុទ្រខ្មៅ គឺនឹងជះឥទ្ធិពលដល់អតិផរណាស្បៀងអាហារនិយាយដោយឡែក និងអតិផរណាលើទំនិញអ្នកប្រើប្រាស់ទាំងអស់ និយាយជារួម។
សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសចាយប្រាក់អឺរ៉ូទាំង១៩ គេសង្កេតឃើញអតិផរណានៅអ៊ីតាលី គឺមានច្រើនជាងគេ តាមពីក្រោយដោយអាល្លឺម៉ង់និងបារាំង។ ក្នុងនោះ អ៊ីតាលីមានអតិផរណា ១២,៨% ក្នុងខែតុលាធៀបនឹងខែតុលាឆ្នាំមុន។ អាល្លឺម៉ង់ មានអតិរផណា ១១,៦% និងបារាំងកើនដល់ ៧,១%។ យ៉ាងណាក៏ដោយ តម្លៃអតិផរណាខុសគ្នានៅតាមប្រទេសធំៗនៅអឺរ៉ុបទាំងនេះ បានឆ្លុះបញ្ចាំងពីវិធានការនានាដែលដាក់ចេញដោយរដ្ឋាភិបាល ក៏ដូចជាកម្រិតនៃការពឹងផ្អែករបស់ពួកទៅលើថាមពលរបស់រុស្ស៊ីដែរ៕