(សៀមរាប)៖ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅក្នុងខេត្តសៀមរាប នាអំឡុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះត្រូវរំពឹងថានឹងមានចំនួនច្រើន ខណៈរយៈពេល ៩ ខែដើមឆ្នាំ ២០២២ ខេត្តសៀមរាប ទទួលបានទេសចរសរុបជាង ១,៦ លាននាក់ កើន ១ ១៨៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។
ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំនេះនឹងត្រូវរៀបចំឡើងពីថ្ងៃទី ៧-៩ ខែវិច្ឆិកា។
នៅថ្ងៃទី ១ ខែវិច្ឆិកា បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានចំនួន ១ ៦៣៤ ៣៥២ នាក់ កើនឡើង ១ ១៨៩,៧៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១២៦ ៧១៩ នាក់។ ក្នុងនោះភ្ញៀវជាតិ ១ ៥០០ ២០០ នាក់ កើន ១ ១៤៤,៤៤ ភាគរយ និងអន្តរជាតិ ១៣៤ ១៥២ នាក់ កើន ២ ០៧៥,៣២ ភាគរយ។
បើតាមទិន្នន័យ ភ្ញៀវជនជាតិចិន ស្ថិតនៅចំណាត់ថ្នាក់លើគេ គឺចំនួន ១៣ ៨០៩ នាក់ កើន ៣១៦,៤៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន, បារាំងចំនួន ១៣ ៤១៣ នាក់កើនឡើង ២ ៧២៩,៤៧ ភាគរយ, អង់គ្លេស ១៣ ០០៦ នាក់កើនឡើង ៧៧៣៤,៩៣ ភាគរយ, អាមេរិក ១២ ៩១២ នាក់កើន៣ ៤៦៦,៨៥ ភាគរយ, វៀតណាម ៨៤៨៥ នាក់ កើន ៧ ០៣០,២៥ ភាគរយ, ថៃ ៦ ៩៦៥ នាក់កើន ៣ ៩៧៣,០៩ ភាគរយ និងភ្ញៀវមកពីប្រទេសមួយចំនួនទៀតដូចជា អាល្លឺម៉ង់, អូស្រ្តាលី, កូរ៉េ និងជប៉ុន ជាដើម។
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែវិច្ឆិកាថា ខេត្តសៀមរាប រំពឹងនឹងទទួលបានភ្ញៀវទេសចរដ៏ច្រើនក្នុងអំឡុងពិធីបុណ្យអុំទូក ដែលនឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ មានកត្តាជាច្រើនដែលកំពុងជួយខេត្តសៀមរាប ឱ្យស្រូបភ្ញៀវទៅកម្សាន្តច្រើន ដែលមានដូចជា យុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩, ប្រព័ន្ធផ្លូវក្នុងក្រុងមានភាពល្អប្រសើរ, មានរមណីយដ្ឋានថ្មីៗជាច្រើន ខណៈអាជ្ញាធរខេត្តក៏បានរៀបចំសោភណភាពក្នុងក្រុងដោយមានការដាក់តាំងភ្លើងបំភ្លឺ ជាច្រើនទៀត។
លោកថ្លែងថា៖ «យើងរំពឹងថានឹងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្តនៅក្នុងខេត្តសៀមរាបអំឡុង ១ សប្តាហ៍ខាងមុខ ព្រោះក្រៅពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ល្អប្រសើរ រយៈពេលនៃការឈប់សម្រាកក៏វែងផងដែរ»។
លោកលើកឡើងទៀតថា កំណើនភ្ញៀវទេសចរក៏នឹងរួមចំណែកក្នុងការបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជននៅមូលដ្ឋានផ្ទាល់ផងដែរ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ភ្ញៀវមកលេងសៀមរាប បានកើនឡើងវិញជាបណ្តើរៗ ក្រោយពីការរីករាលដាលជំងឺកូវីដ ១៩ មានភាពធូរស្រាល ហើយប្រទេសស្ទើរទាំងអស់នៅលើពិភពលោកបានប្រកាសបើកឡើងវិញ។ ជាក់ស្តែងអ្នកក្នុងវិស័យទេសចរណ៍ ដែលពីមុនមានមួយចំនួនបានងាកទៅប្រកបអាជីវកម្មផ្សេងៗ ក៏ចាប់ផ្តើមចូលមកក្នុងវិស័យនេះវិញជាបន្តបន្ទាប់។
លោកបន្ថែមទៀតថា សូម្បីសណ្ឋាគារ ដែលកាលពីឆ្នាំមុនស្ទើរតែគ្មានភ្ញៀវសោះ ពេលនេះក៏ទទួលការកក់ច្រើនដែរ គឺរហូតដល់ចុងឆ្នាំ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថានឹងមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាបនាអំឡុងបុណ្យអុំទូកខាងមុខ ពិសេសភ្ញៀវក្នុងស្រុក។ បន្ទាប់ពីនោះនឹងមានភ្ញៀវបរទេសកាន់តែច្រើនចូលមកទស្សនាប្រាសាទអង្គរវត្ត។ ខ្ញុំមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនឡើងវិញនូវវិស័យទេសចរណ៍នៅកម្ពុជា»៕