Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

Admin Alynana | Nov 03, 2022
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥
Clinic narith

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ក្របខណ្ឌនេះ ដើម្បីបង្កើនការទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ជាក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ច ដែលមានគោលបំណងសម្រេចឱ្យបាននូវសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន ក៏ដូចជាបង្កើនចំណូលរបស់ប្រជាជនម្នាក់ៗ, ទ្រទ្រង់តម្រូវការរបស់ប្រទេសជាតិ, ដោះស្រាយបញ្ហាប្រឈម និងហានិភ័យនៃការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងអសន្តិសុខថាមពល តាមរយៈការបង្កើនលទ្ធភាព និងសមត្ថភាពជាតិ ឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ ដោយបង្កើនប្រសិទ្ធភាពក្នុងការប្រកួតប្រជែងនៃផលិតកម្ម, សេវាកម្ម, ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ បានកំណត់ចក្ខុវិស័យកសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់និង នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន និងត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៤ ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏បានបន្ថែមទៀតថា នៅពេលដែលក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានអនុវត្តពេញលេញ និងត្រឹមត្រូវនោះ ប្រជាជន និងប្រទេសជាតិរបស់យើងនឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីក្របខណ្ឌគោលនយោបាយនេះ មានជាអាទិ៍ ការកែលម្អវំហូរនៃវដ្តសេដ្ឋកិច្ច និងការលើកកម្ពស់តម្លៃបន្ថែមលើការតភ្ជាប់ផលិតផល, ផលិតកម្ម, សេវាកម្មក្នុងស្រុកជាមួយសេដ្ឋកិច្ចតំបន់ និងសកល ឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ កម្ពុជានឹងមានចំណូលកើនឡើង និងមានលទ្ធភាពក្នុងការលើកកម្ពស់ជីវភាព, ទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយថ្លៃនៃការផ្តល់សេវាសាធារណៈជូនប្រជាជន៕