មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយខែតុលាកន្លងទៅ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកកម្រៃសេវា ចំនួនអ្នកធ្វើដំណើរលើផ្លូវនេះនឹងមានការធ្លាក់ចុះ បើទោះបីមានការបញ្ចុះតម្លៃ២០% សម្រាប់ការធ្វើដំណើរក្នុងរយៈពេល១ឆ្នាំដំបូងក្តី។
សម្រាប់អ្នកជំនាញតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននៅតែស្ថិតក្នុងកម្រិតមួយខ្ពស់នៅឡើយ សម្រាប់អ្នកប្រើប្រាស់។
ក្រោយបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃពេញមួយខែតុលា កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានចាប់ផ្តើមយកតម្លៃសេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះហើយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ជាមួយការបញ្ចុះតម្លៃ២០% នៅ១ឆ្នាំដំបូង។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការយកតម្លៃសេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះ គឺគិតលើចម្ងាយនៃការធ្វើដំណើរ ដោយក្នុង១គីឡូម៉ែត្រមានតម្លៃចាប់ពី០,០៨ដុល្លារអាមេរិកទៅតាមប្រភេទរថយន្តនីមួយៗ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាកផ្គត់ផ្គង់កម្ពុជាយល់ឃើញថា ការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូងនេះ វាជាការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះ។ ប៉ុន្តែសម្រាប់ លោក តម្លៃសេវាសម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿននេះនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។ កត្តានេះធ្វើឲ្យ លោក ជឿជាក់ថា ចំនួនយានយន្តដែលធ្វើដំណើរលើផ្លូវល្បឿនលឿននេះនឹងមានកម្រិត បើធៀបនឹងពេលបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃកន្លងមក។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះយល់ឃើញថា ទាំងអ្នកដំណើរធម្មតា និងក្រុមហ៊ុនដឹកជញ្ជូនទំនិញនឹងបន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្នុងករណីតម្រូវការចាំបាច់ ដ្បិតវាចំណេញពេលវេលា។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ដោយយោងតាមស្ថិតិយានយន្តថា មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងរយៈពេល៣១ថ្ងៃ នៃការដាក់ឲ្យដំណើរការសាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ដោយយានយន្តទាំងនេះធ្វើដំណើរចេញចូលតាមស្ថានីយ៍ទាំង៨ទីតាំង។ ក្រសួងកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរសាកល្បងនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់កើតឡើងចំនួន១៩ករណីផងដែរ។ ហើយក្នុងចំណោមយានយន្តទាំងនេះ មានអ្នកទាក់ទងមកកាន់លេខសង្គ្រោះរបស់ក្រុមហ៊ុន ១៣៩៩ សុំប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះចំនួន ១,២៩១ខ្សែ។
ជាមួយគ្នានេះ ក្រសួង ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ៕