ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី០២វិច្ឆិកា បានប្រកាសដំឡើងអត្រាការប្រាក់គោលជាថ្មីម្តងទៀត ក្នុងអត្រា០,៧៥% ដោយបានគូសបង្ហាញថា នេះជាវិធីសាស្ត្រល្អតែមួយគត់ ដែលគេអាចទប់ទល់នឹងអតិផរណាបាន គ្រាន់តែវាប៉ះពាល់បន្តិចសម្រាប់អ្នកខ្ចីប្រាក់ ដោយគេត្រូវបង់អត្រាការប្រាក់កាន់តែខ្ពស់ជាងមុន។
ទោះយ៉ាងណា ធនាគារកណ្តាលអាមេរិក បានបង្ហើបថា ទោះបីជានឹងមានការដំឡើងអត្រាការប្រាក់លើកក្រោយទៀតក្ដី ក៏វានឹងស្ថិតក្នុងចំនួនតិចតួចជាងការដំឡើងកន្លងមកដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានធនាគារកណ្តាលអាមេរិកលោក Fed Jerome Powell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ធនាគារកណ្តាលថា លោកចង់បកស្រាយ ដើម្បីកុំឱ្យមានការភាន់ច្រលំលើការដំឡើងអត្រាការប្រាក់លើកនេះ ហើយលោកបានបញ្ជាក់ផងដែរ អំពីលទ្ធភាពដែលថា លើកក្រោយការដំឡើងអត្រាការប្រាក់អាចនឹងមានក្នុងកម្រិតទាបជាងនេះ។
ក្នុងន័យនេះ ទោះបីជាអ្នកបង្កើតគោលនយោបាយ អាចដំឡើងការប្រាក់ក្នុងអត្រាទាបក៏ពិតមែន តែមិនមែនមានន័យថា គេនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ឡើយ។ អត្រាការប្រាក់នឹងនៅតែត្រូវដំឡើងដដែល ដើម្បីទប់ស្កាត់អតិផរណា គ្រាន់តែថា ដំឡើងតិចឬច្រើន ហើយវិធានការនេះនឹងបន្តរហូតដល់អតិផរណាត្រូវគេមើលឃើញថាធ្លាក់ចុះមកវិញ។
ក្រោយការប្រកាសដំឡើងអត្រាការប្រាក់គោលនៅអាមេរិកកាលពីថ្ងៃទី២វិច្ឆិកា សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានហក់ឡើងខ្ពស់។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ដែលកំពុងប្រឈមនឹងហានិភ័យ មានក្តីសង្ឃឹមឡើងវិញបន្តិច និងក៏ដូចជាជំរុញឱ្យមានការកើនឡើងអត្រាការប្រាក់បន្ថែមទៀត ព្រោះគេបានមើលឃើញថា វាជាវិធានការណ៍ដែលមានប្រសិទ្ធិភាព។ប៉ុន្តែក្រោយការចេញមកថ្លែងរបស់ប្រធានធនាគារកណ្តាលអាមេរិក ថាការដំឡើងអត្រាការប្រាក់លើកក្រោយអាចនឹងមានទាបជាងការដំឡើងមុនៗនោះ ស្រាប់តែសន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំងនោះធ្លាក់ចុះវិញស្រឺតៗភ្លាមៗតែម្ដង។ ក្នុងនោះ សន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះអស់ ២,៥% ហើយ ភាគហ៊ុន ណាដាក ខមប៉ូសីត(Nasdaq Composite) បានធ្លាក់ចុះជាង៣%។
គួរជម្រាបថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន បើគិតក្នុងរវាង៤០ឆ្នាំចុងក្រោយនេះ។ តួលេខចុងក្រោយកាលពីខែកញ្ញាបង្ហាញថា អតិផរណានៅអាមេរិក មានកម្រិតកើនឡើង ដល់ទៅ ៨,២% ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ខណៈទិន្នន័យសម្រាប់ខែតុលា មិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការណ៍នៅឡើយទេ។
ការបន្តដំឡើងការប្រាក់ឥតឈប់ឈរនេះ ធ្វើឱ្យមានការព្រួយបារម្ភផងដែរ ថាសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចូលក្នុងវិបត្តិ ប្រសិនបើធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់នាំមុខខ្ពស់ទៅៗ។ ការប្រាក់ខ្ពស់ នឹងធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុ កាត់បន្ថយការផ្តល់កម្ចី ធ្វើឲ្យគម្រោងវិនិយោគ បោះទុន និងការចំណាយនានា ត្រូវរាំងស្ទះ។ បច្ចុប្បន្ន អត្រាការប្រាក់គោលរបស់អាមេរិក ក្រោយដំឡើងលើកចុងក្រោយនេះរួច គឺមាន ៤%។ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចអាមេរិកកំពុងតែដើរចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច កម្រិតស្រាល នៅរវាងចុងឆ្នាំ២០២២ និងដើម ២០២៣៕