Alynana Media Cambodia
Icon Collap
clinic narit

ចំនួនយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនធ្លាក់ចុះ ៤០% ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា

Admin Alynana | Nov 05, 2022
ចំនួនយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនធ្លាក់ចុះ ៤០% ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវា
Clinic narith

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ចាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកតម្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំនួនអ្នកធ្វើដំណើរលើផ្លូវនេះមានការធ្លាក់ចុះចន្លោះពី ៣៥%ទៅ៤០% ក្នុងមួយថ្ងៃ បើធៀបនឹងថ្ងៃបើកឲ្យដំណើរដោយឥតគិតថ្លៃកាលពីពេលកន្លងទៅ បើទោះបីមានការបញ្ចុះតម្លៃ២០% ក៏ដោយ។

ក្រសួងកត់សម្គាល់ឃើញថា អ្នកដំណើរមានការយល់ដឹង និងទទួលបានបទពិសោធន៍ច្រើនសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្នុងអំឡុងពេលដាក់ឲ្យដំណើរការសាកល្បងដោយឥតគិតថ្លៃពេញ១ខែកន្លងមកនេះ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ចូនរំពឹងថា ក្រុមហ៊ុននឹង​បន្តបញ្ចុះតម្លៃលើការយកតម្លៃសេវាបន្ថែមទៀត​នៅឆ្នាំបន្តបន្ទាប់ ដើម្បីជំរុញកំណើន​យានយន្តប្រើប្រាស់​លើផ្លូវល្បឿនលឿននេះ​។ ទោះយ៉ាងណាការបញ្ចុះតម្លៃ២០% នេះ បានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនកំពុងស្ទាក់ស្ទើរក្នុងការប្រើប្រាស់ផ្លូវនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ចំនួនយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់​ពីក្រុមហ៊ុនចាប់ផ្តើមយកថ្លៃសេវាលើការប្រើប្រាស់ផ្លូវតែម្ដង។ ទោះបីមិនបានបង្ហាញតួលេខជាក់លាក់ តែអ្នកនាំពាក្យរូបនេះវាយតម្លៃថា ចំនួនអ្នកដំណើរធ្វើដំណើរលើផ្លូវល្បឿនលឿននេះចាប់តាំងពីពេល​យកថ្លៃសេវាមក បានធ្លាក់ចុះចន្លោះពី៣៥%ទៅ៤០% បើធៀបនឹងពេលបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃកាលពីខែមុន។
Photos-4-1

សម្រាប់ការបើកឲ្យធ្វើដំណើរសាកល្បង​ដោយឥតគិតថ្លៃក្នុងរយៈពេល១ខែកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថា ប្រជាពលរដ្ឋទទួលបានបទពិសោធន៍ និងមានការយល់ដឹងច្រើនសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅឡើយតែមួយចំនួនតូចប៉ុណ្ណោះ។ ដើម្បីរក្សាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់លើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការ នឹងអនុវត្ត​វិធានការច្បាប់ និងវិធានការដ៏តឹងរឹងចំពោះយានយន្តដែលល្មើសច្បាប់​ចរាចរណ៍សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា ការបញ្ចុះតម្លៃ២០%លើការយកថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅមួយឆ្នាំដំបូង វាជាចំនួនមួយសមល្មម ដែលអាចឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន​ដឹកជញ្ជូន​មានការពិចារណាក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន​នេះ ដ្បិតវាមានភាពងាយស្រួល និងចំណាយពេលវេលា។ អ្នកជំនាញរូបនេះរំពឹងថា ក្រុមហ៊ុននឹងបន្តពិចារណាបញ្ចុះថ្លៃបន្ថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីជំរុញកំណើនយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿនឲ្យកាន់តែច្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានចាប់ផ្តើម​យកថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនពីអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ ក្រោយបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃពេញមួយខែតុលា។ សម្រាប់ការយកតម្លៃសេវានេះ ក្រុមហ៊ុនបានបញ្ចុះតម្លៃ​២០% នៅមួយឆ្នាំដំបូង ហើយការយក​កម្រៃសេវានេះ គឺគណនាតាមចម្ងាយផ្លូវ ដោយផ្លូវ១គីឡូម៉ែត្រមានតម្លៃ​ចាប់ពី០,០៨ដុល្លារតាមប្រភេទយានយន្តនីមួយៗ។ ក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃមានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនេះ៕
Photos-7