កម្ពុជាបន្តក្ដីសង្ឃឹមខ្ពស់ថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗនេះ ជាមួយនឹងការរំពឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានដល់ជិត២លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់នៅពេញមួយឆ្នាំ២០២២នេះ។
ជាក់ស្តែងនៅរយៈពេល ៩ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២សែននាក់ កើនឡើងប្រមាណ ៨៦០% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសរួមមានភ្ញៀវទេសចរជាតិសរុបប្រមាណជាង ៨លាន៤សែននាក់ កើនឡើង ២៤៧% និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ១លាន២សែននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមការអះអាងរបស់ក្រសួងទេសចរណ៍។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ស្តីពី «កិច្ចប្រជុំបូកសរុបការងាររយៈពេល ៩ខែ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ការនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវដ១៩» បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជាក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មានការងើបឡើងវិញាគួរឲ្យកត់សម្គាល់ ជាក់ស្តែងរយៈពេល ៩ខែ ដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២សែននាក់កើនឡើងប្រមាណ ៨៦០% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្រសួងទេសចរណ៍ រួមជាមួយនឹងវិស័យឯកជនរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ ២លាននាក់ និងភ្ញៀវទេសចរណ៍ផ្ទៃក្នុងយ៉ាងហោច ១១លាននាក់។
បើតាមក្រសួងទេសចរណ៍ បញ្ជាក់ថា «ឯកសារផែនទីចង្អុលផ្លូវសម្រាប់ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលបានរំលេចនូវយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការស្រោចស្រង់ឡើងវិញនូវវិស័យទេសចរណ៍ ដោយយោងលើសូចនាកររង្វាស់ចំនួន២គឺ ទី១.ការកើនត្រឡប់មកវិញនូវចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងទី២.ការចាប់ផ្ដើមដំណើរការឡើងវិញជាបណ្តើរៗនូវមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ដែលបានបិទផ្អាកនាអំឡុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាត។
គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍សរុបទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការអាជីវកម្មសរុបនៅមានប្រមាណ ១២២០ទីតាំង ស្មើនឹង ១៥% នៃចំនួនអាជីវកម្មសរុប និងមានបុគ្គលិករងផលប៉ះពាល់សរុបជាង ២ម៉ឺននាក់ ស្មើនឹង២៦% នៃចំនួនបុគ្គលិកសរុប។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងផ្តល់ជំនួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ក្នុងដំណាក់កាលដ៏លំបាក ចាប់តាំងពីខែមេសា ឆ្នាំ២០២០ មកម្ល៉េះ និងបានសម្រេចបន្តគាំទ្រសម្រាប់ដំណាក់កាលងើបឡើងវិញ នៃវិស័យទេសចរណ៍រយៈពេល៣ខែបន្ថែមទៀត រហូតដល់ខែធ្នូឆ្នាំ២០២២៕