Alynana Media Cambodia
Icon Collap
clinic narit

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ចិន បានសម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​

Admin Alynana | Nov 10, 2022
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ចិន បានសម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​
Clinic narith

(ភ្នំពេញ)៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក លី កេឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​រួម​គ្នា​ដាក់​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ បន្ទាប់ពី​ផ្លូវ​នេះ​ត្រូវបាន​បើក​ឱ្យ​ប្រើប្រាស់​ដោយ​គិតថ្លៃ ដែល​មាន​ការចរាចរ​ចន្លោះ​ ១ ​ម៉ឺន ទៅជិត​ ២ ​ម៉ឺន​គ្រឿង​ជា​រៀងរាល់ថ្ងៃ​។ ការដាក់​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ត្រូវ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​ ៩ ខែវិច្ឆិកា ក្នុង​អំឡុងពេល​លោក លី កេឈាង ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព ក្នុង​អំឡុងពេល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ៨-១១ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។

លោក គង់ វិមាន ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​​ថា ដោយសារ​តែ​ថ្នាក់ដឹកនាំ​ទាំង​ ២ មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដែល​អាច​ចុះទៅ​ដោយផ្ទាល់ ដើម្បី​ទស្សនកិច្ច​នៅលើ​ផ្លូវ​ល្បឿន​លឿន ទើប​ថ្នាក់​ដឹកនាំ​ទាំង​ ២ បាន​សម្រេច​រួមគ្នា​ដាក់​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​នៅក្នុង​ជំនួប​ទ្វេភាគី​នេះ​តែម្តង​។

លោក គង់ វិមាន បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ គឺ​បង្ហាញ​ជា​ប្រវត្តិសាស្ត្រ ដែល​ជា​ការវិនិយោគ​ផ្លូវ​ល្បឿន​លឿន​ទី​ ១ នៅ​កម្ពុជា ហើយ​វា​ជា​ការវិនិយោគ​ទុន​ពី​បរទេស​មក​កម្ពុជា​។ ចំពោះមុខ​ផ្លូវ​នេះ​បាន​ធ្វើការ​សាងសង់​រួចរាល់​ ១០០​ ភាគរយ​ហើយ ហើយក៏​បាន​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ​១ ខែវិច្ឆិកា មក​ដែរ​»​។

ជាមួយ​នឹង​ការប្រកាស​រួមគ្នា​ដាក់​សម្ភោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន​នេះ លោក គង់វិមាន បាន​អះអាង​ថា កម្ពុជា ក៏​នឹងមាន​ការចុះ​ MoU​ ជាមួយ​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ចម្ងាយ​ ១៣៨ គីឡូម៉ែត្រ ដែល​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​ ២ ​ផងដែរ​។

លោក​អះអាង​ថា ពិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ១០ វិច្ឆិកា ខណៈ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​បើក​សម្ពោធ​ការដ្ឋាន​នៅ​ដើមឆ្នាំ​ ២០២៣ ខាងមុខនេះ ដោយ​ក្រុមហ៊ុន CRBC ជា​​ក្រុមហ៊ុន​ទទួល​ការវិនិយោគ​ផ្លូវ​ល្បឿន​លឿន​ទី​ ១ ​។

 

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះ​សីហនុ ត្រូវ​បាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រកាស​បើក​ដំណើរការ​សាកល្បង​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១ ខែ​កាលពី​ខែតុលា ហើយ​ផ្លូវ​នេះ​ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ដោយ​គិតថ្លៃ​សេវា​ចាប់ពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ ១៨៧,០៥ គីឡូម៉ែត្រ ហើយ​អ្នក​បើកបរ​អាច​ចំណាយ​ពេល​ប្រមាណ ​២ ម៉ោង​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​។

ផ្លូវ​ល្បឿន​លឿន​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ពី​ថ្ងៃទី​ ២២ ខែមីនា ឆ្នាំ​ ២០១៩ ដែល​តួ​ផ្លូវ​មាន​ទទឹង ២៤ ម៉ែត្រ​មាន ៤ គន្លង (២ ទៅ ២ មក​) និង​គន្លង​ឈប់​បន្ទាន់ (១ ​ទៅ ១​ មក​) តភ្ជាប់​ពី​ភ្នំពេញ​ដល់​សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្តកោះកុង​។ ផ្លូវ​នេះ​មាន​សួនច្បារ​ខណ្ឌ​កណ្តាល​មាន​ផ្លូវបំបែក​ប្តូរ​ទិស ភ្ជាប់​មក​ផ្លូវជាតិ​លេខ ​៤ ចំនួន​ ៦​ កន្លែង​មាន​កន្លែង​ឈប់សម្រាក​ ៣ កន្លែង និង​ចំណតរថយន្ត ១ កន្លែង​ផងដែរ​។

លោក គង់ វិមាន បាន​អះអាង​បន្តថា បើទោះ​ជា​ផ្លូវ​នេះ ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​គិតថ្លៃ​ក៏ដោយ ក៏​ចំនួន​ចរាចរណ៍​នៅតែ​មិន​ថមថយ​ដែរ ដោយ​ក្នុង​ថ្ងៃធម្មតា​ចំនួន​យានយន្ត​មាន​ប្រមាណ ​១ ​ម៉ឺន​គ្រឿង ខណៈ​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​អំទូក និង​ថ្ងៃ​ចុង​សប្តាហ៍​កើនឡើង​រហូត​ជិត​ ២​ ម៉ឺន​គ្រឿងក្នុង​ ១​ ថ្ងៃ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ជា​មធ្យម​គឺ​ការដែល​យើង​បើក​សាកល្បង​ក្នុងពេល​ ១​ ខែ គឺ​ឃើញ​ថ្ងៃ​ធម្មតា​មាន​ជាង​ ១ ​ម៉ឺន​គ្រឿង ដែល​ចន្លោះ​ពី​ ១២ ០០០ ​គ្រឿង​ទៅ ​១៤ ០០០ ​គ្រឿង​ឡើង​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​។ ដល់ពេល​យើង​ចាប់ផ្តើម​យក​ថវិកា​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី ៤​ អី គឺ​ក្នុង​ ១ ​ថ្ងៃ ក្រោម​ ១ ​ម៉ឺន​គ្រឿង​។ លើកលែងតែ​ថ្ងៃ​សៅរ៍​អាទិត្យ និង​ថ្ងៃ​ឈប់សម្រាក ដូច​បុណ្យ​អំទូក​នេះ​កើន​ជិត ២ ​ម៉ឺន​គ្រឿងក្នុង​ ១ ​ថ្ងៃ​»​។

យ៉ាងណា​កាលពី​ថៃ្ង ​៨ ខែវិច្ឆិកា ឆ្នាំ ​២០២២ មាន​រថយន្ត Range Rover ស៊េរី​ទំនើប​ ១ ​គ្រឿង បាន​ឆ្លង​ចរន្ដអគ្គិសនី​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ស្ថិតនៅ​លើផ្លូវ​ល្បឿន​លឿន គីឡូម៉ែត្រ​ ៥៦ ស្ថិតនៅ​ឃុំ​មហាសាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​គ្រោះថ្នាក់​នេះ​មិន​បណ្ដាល​ឱ្យ​មាន​អ្នករងរបួស​នោះឡើយ​។

លោក គង់ វិមាន បាន​អះអាង​ថា បញ្ហា​នេះ​កើតឡើង​ក៏​ព្រោះតែ​អ្នកបើកបរ​បាន​ខកខាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជាច្រើន​ខែ​មក​ហើយ ហើយ​ក្នុង​អំឡុងពេល​កើតហេតុ អ្នក​បើកបរ​ជា​ជនជាតិ​ចិន​មិន​បាន​រាយការណ៍​មកសុំ​អន្តរាគមន៍​ភ្លាមៗ​ពី​សមត្ថកិច្ច​នោះទេ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​រថយន្ត​ឆាបឆេះ​ទាំងស្រុង​ទម្រាំ​តែ​ក្រុម​ជួយសង្គ្រោះ​មកដល់​។

ដូចនេះ​លោក​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​ពិនិត្យ​យានយន្ត និង​គោរព​តាម​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ដូច​ករណី​នេះ ខណៈ​ក្រសួង​នឹង​ខិតខំ​ពង្រឹង​វិធានការ​ច្បាប់ និង​អនុវត្ត​ឱ្យ​បាន​ល្អ​បន្ថែមទៀត ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នកប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​។

សូម​ជម្រាប​ថា រយៈពេល​ ១ ​ខែ​នៃ​ការបើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​មាន​យានយន្ត​ជិត ៤៤​ ម៉ឺន​គ្រឿង​បាន​ធ្វើ​ចរាចរណ៍ និង​មាន​ករណី​ប្រឹក្សា​យោបល់​សាកសួរ​ព័ត៌មាន និង​ស្វែងរក​ជំនួយ​សង្គ្រោះ សរុប​ ១ ២៩១ ​ខ្សែ តាមរយៈ​លេខ​ទាក់ទង​ ១ ៣៩៩ ខណៈ​ករណី​គ្រោះថ្នាក់​មាន​ចំនួន​ ១៩​ ករណី ឬ​ស្មើនឹង​ ០,០០៤ ភាគរយ​បើ​ធៀប​ទៅនឹង​ទំហំ​ចរាចរណ៍​ដែល​បាន​កត់ត្រា​៕