(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពិពណ៌នាការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារទី០៨ ខែវិច្ឆិកានេះថា ជាថ្ងៃល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានក្នុងថ្ងៃពុធសប្តាហ៍នេះថា លទ្ធិប្រជាធិបតេយ្យរបស់យើងត្រូវបានធ្វើតេស្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែជាមួយនឹងការបោះឆ្នោតរបស់ពួកគេ… ប្រជាជនអាមេរិកបាននិយាយ និងបញ្ជាក់ម្តងទៀតថា លទ្ធិប្រជាធិបតេយ្យគឺជាពួកយើង។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមយ៉ាងដូច្នេះថា ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការជាមួយគណបក្សសាធារណរដ្ឋ។ ខ្ញុំគិតថា ប្រជាជនអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេរំពឹងថា គណបក្សសាធារណរដ្ឋក៏នឹងត្រៀមខ្លួនធ្វើការជាមួយខ្ញុំដែរ។
នៅពេលត្រូវបានសាកសួរថាតើគាត់មានគម្រោងស្វែងរកការឈរបោះឆ្នោតជាថ្មីម្តងទៀតនៅឆ្នាំ ២០២៤ ដែរឬទេ? លោក បៃដិន បានឆ្លើយតបថា គាត់មានបំណងឈរឈ្មោះសម្រាប់មុខតំណែងប្រធានាធិបតីម្តងទៀត ប៉ុន្តែនេះគឺជាការសម្រេចចិត្តចុងក្រោយរបស់គ្រួសារមួយ។ លោក បៃដិន បន្ថែមថា គាត់ជឿជាក់ថា វានឹងកើតឡើងនៅដើមឆ្នាំក្រោយ មុនពេលគាត់ធ្វើការសម្រេចចិត្តចុងក្រោយ៕