Alynana Media Cambodia
Icon Collap
clinic narit

តើប្រទេសកម្ពុជាចំណេញអ្វីធំជាងគេបំផុតពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ?

Admin Alynana | Nov 15, 2022
តើប្រទេសកម្ពុជាចំណេញអ្វីធំជាងគេបំផុតពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ?
Clinic narith

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំកំពូលនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា បានប្រពឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជា គឺជាប្រធានអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានបញ្ចប់ទៅរលូន និងជោគជ័យ បើទោះបី ពិភពលោកបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនយ៉ាងណាក្ដី ហើយអ្វីដែលកម្ពុជា ចំណេញធំបំផុតពិការរៀបចំកម្មវិធីនេះ គឺ ការទទួលបាននូវកិត្យានុភាពសម្រាប់ប្រជាជាតិទាំងមូល។

ថ្លែងនាឱកាសសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវលទ្ធផលផ្លែផ្កា ជាច្រើននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ ក្នុងនោះ មានឯកលទ្ធផលនៃកិច្ចប្រជុំសម្រេចបានដល់ទៅ ១០១ឯកសារ។

ប៉ុន្ដែ បើតាមសម្ដេច ហ៊ុន សែន អ្វីដែលកម្ពុជាទទួលបាន ឬជាផលចំណេញធំផុត ពីការរៀបចំកិច្ចប្រជុំកំពូលជាច្រើនថ្ងៃមកនេះ គឺកិត្យានុភាពដែលទុកជាប្រវិត្តសាស្រ្តដ័មានសារៈសំខាន់សម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានកត់សម្គាល់ឃើញថា ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានកាន់តែមានភាពល្អប្រសើរ ចាប់ពីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី១ កាលពីឆ្នាំ២០០២។ បើតាមសម្ដេច ហ៊ុន សែន ក្នុងនាមកម្ពុជាគឺជាប្រធានអាស៊ានលើកទី៣ នាឆ្នាំ២០២២នេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពល្អប្រសើរ ជាពិសេសតាមរយៈការចុះកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងផ្សេង ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺ មិនងាយស្រួលពេកនោះដែរ ក៏ព្រោះតែកិច្ចប្រជុំនេះ ធ្វើឡើងនៅចំពេលដែលពិភពលោក កំពុងជួបបញ្ហាប្រឈមក្ដៅៗជាច្រើន ដោយក្នុងនោះ សម្តេចបានគូសបញ្ជានូវបញ្ហារសើបៗ ជាច្រើនដែលបានលើកឡើងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ រួមមាន៖ បញ្ហាដ៏ស្មុគស្មាញនៃវិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាដ៏រសើបនៅសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមចាក់ស្រេះនៅអ៊ុយក្រែន និងបញ្ហាក្ដៅនៅឧបទ្វីបកូរ៉េជាដើម។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី សម្ដេចក៏បានបញ្ជាក់ដែរថា អំឡុងកិច្ចប្រជុំរយៈពេល ប៉ុន្មានថ្ងៃមកនេះ មិនមានភាគីណាមួយមានភាពថ្នាំងថ្នាក់នឹងគ្នា ឬបង្ហាញកាយវិកាមិនពេញចិត្តចំពោះគ្នានោះទេ ឬងើបដើរចេញពាក់កណ្ដាលទីនៃកិច្ចប្រជុំនោះឡើយ។

ដ្បិតថា កម្ពុជាទទួលបានលទ្ធផលផ្លែផ្កាយ៉ាងច្រើនពីកិច្ចប្រជុំខាងលើនេះ តែសម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្ដេចគ្មានមហិច្ឆិតាដើម្បីកាន់ញញួរអាស៊ានលើកទី៤ នោះទេ ដោយសម្ដេចបានបង្ហាញពីគោលបំណងចាកចេញរបស់សម្ដេច នៅពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ។ សម្ដេចបន្តអះអាងថា សម្ដេចនឹងទុកតំណែងនេះឲ្យមនុស្សជំនាន់ក្រោយជាអ្នកបន្តវេនវិញម្ដង។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»៕