Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលថៃបានស្នើសុំឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយការប្រើប្រាស់អគ្គិសនី

Admin Alynana | Nov 15, 2022
រដ្ឋាភិបាលថៃបានស្នើសុំឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយការប្រើប្រាស់អគ្គិសនី
Clinic narith

(បាងកក)៖ ក្រុមមេដឹកនាំពិភពលោកអាចនឹងឃើញទីក្រុងបាងកកមានសភាពងងឹតជាងពេលធម្មតានៅពេលពួកគេបានទៅដល់ប្រទេសនេះ សម្រាប់កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ខណៈដែលវិបត្តិថាមពលពិភពលោកបាន និងកំពុងជះឥទ្ធិពលដល់ប្រទេសថៃ ដែលទទួលរៀបចំកិច្ចប្រជុំកំពូលមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Nikkei Asia នៅថ្ងៃចន្ទ។

រដ្ឋាភិបាលថៃបានស្នើឱ្យសាធារណជនជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងពេលប៉ុន្មានថ្ងៃឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលថ្នាក់តំបន់ APEC ខាងមុខនេះ ខណៈដែលកិច្ចប្រជុំកំពូលនេះភាគច្រើននឹងផ្ដោតលើការដោះស្រាយវិបត្តិអតិផរណាកើនខ្ពស់ក្នុងវិស័យម្ហូបអាហារ និងថាមពល។ ប្រតិបត្តិកររៀបចំផ្ទាំងប៉ាណូត្រូវបានស្នើសុំឱ្យបិទភ្លើង ខណៈដែលហាងទំនិញ និងភោជនីយដ្ឋានកំពុងត្រូវបានស្នើសុំឱ្យកាត់បន្ថយម៉ោងប្រតិបត្តិការ និងសុំឱ្យបើកម៉ាស៊ីនត្រជាក់នៅត្រឹមសីតុណ្ហភាព ២៧ អង្សារសេ។

វិធានការនេះមិនមែនជាកាតព្វកិច្ចនោះទេ ប៉ុន្តែវានឹងក្លាយទៅជាការដាក់កំហិតប្រសិនបើតម្លៃឧស្ម័នធម្មជាតិរាវកើនឡើងលើសពី៥០ដុល្លារក្នុងមួយលានឯកតាកម្ដៅរបស់អង់គ្លេសសម្រាប់រយៈពេល២សប្តាហ៍ជាប់ៗគ្នា ដែលកើនឡើងពីតម្លៃបច្ចុប្បន្នដែលមានតម្លៃប្រហែល ២៦ ដុល្លារទៅ ២៩ ដុល្លារ។

នេះគឺជាផ្នែកមួយនៃវិធានការគ្រប់គ្រងថាមពលចុងឆ្នាំ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាគោលនយោបាយជាតិថាមពលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ដើម្បីកាត់បន្ថយផលប៉ះពាល់លើថ្លៃអគ្គិសនីនៅឆ្នាំ២០២៣ ដោយការបម្រុងទុកក្នុងករណីដែលតម្លៃកើនឡើងម្តងទៀត ខណៈដែលតម្លៃបច្ចុប្បន្ន គឺប្រហែលពាក់កណ្តាលនៃតម្លៃខ្ពស់បំផុតកាលពីឆ្នាំមុន។

លោក គូលីត សំបាតសិរី (Kulit Sombatsiri) លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពលបាននិយាយថា វិធានការសេដ្ឋកិច្ចដែលត្រូវបានអនុវត្តនេះត្រូវរួមបញ្ចូលជាក់លាក់សម្រាប់អាជីវកម្មដែលពឹងផ្អែកលើថាមពលដូចជាការកំណត់ម៉ោងបើកបិទផ្សារទំនើប ហាងទំនិញ ស្ថានីយប្រេងឥន្ធនៈ និងផ្ទាំងប៉ាណូផងដែរ។

ក្រុមប្រឹក្សាភិបាលបានលើកឡើងពីការប្រែប្រួលតម្លៃជាបន្តបន្ទាប់សម្រាប់ឧស្ម័ន LNG និងប្រេងម៉ាស៊ូត។ បើទោះជាតម្លៃអាចនឹងមានស្ថិរភាពដោយសារតែស្តុកឧស្ម័ននៅអាស៊ីនៅតែមានកម្រិតខ្ពស់ផ្ដល់ឱកាសដល់ផែនការរបស់ក្រុមប្រឹក្សាក្នុងការនាំចូលនិងស្តុកទុកក៏ពិតមែនប៉ុន្តែការប្រែប្រួលនៅតែអាចមានដោយសារវាគួបផ្សំនឹងការធ្លាក់ចុះរបស់ប្រាក់បាតថៃដល់កម្រិតទាបបំផុតមិនធ្លាប់មាន រយៈពេល ១៦ ឆ្នាំមកដល់នេះពោលគឺធ្លាក់ដល់ ៣៨ បាតក្នុង១ដុល្លារកាលពីខែមុន។

លោក ថាណាខន គូបតាឈីត (Thanakorn Kuptachit) អតីតប្រធានសមាគមធុរកិច្ចគ្រឿងស្រវឹងថៃ បាននិយាយជាមតិទៅកាន់កាសែតក្នុងស្រុកមួយថា វិស័យទេសចរណ៍មានទាំងអ្នកធ្វើអាជីវកម្មពេលថ្ងៃ និងពេលយប់។ ពួកគេយល់ព្រមជួយកាត់បន្ថយការប្រើអគ្គិសនីមិនចាំបាច់ប៉ុន្តែពួកគេមិនយល់ស្របចំពោះការតម្រូវឱ្យបិទទ្វារមុនម៉ោងនោះទេ។ វិធានការសន្សំសំចៃថាមពលនេះគួរតែត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន។

បើទោះជាទីក្រុងងងឹតក៏ដោយក៏គណៈប្រតិភូនឹងមិនពិបាកស្វែងរកមជ្ឈមណ្ឌលសន្និបាតជាតិ ឃ្វីន សិរីគិត (Queen Sirikit) ជាទីដែលរៀបចំកិច្ចប្រជុំ APEC នោះដែរ ព្រោះវាមានពន្លឺចែងចាំងនៅទីនោះ ដោយសារផ្នែកខ្លះគេបានបំពាក់ដោយបន្ទះសូឡានៅលើដំបូលដែលចំណាយថវិកា ១៥ ពាន់លានបាតប្រហែល ៤១៩ លានដុល្លារ ហើយថវិការបស់រដ្ឋាភិបាលសម្រាប់ការរៀបចំកិច្ចប្រជុំ APEC ប្រចាំឆ្នាំរបស់ខ្លួនមានចំនួនជាង ៩១ លានដុល្លារជាមួយការបន្ថែមចំនួនជាង ១១ លានដុល្លារសម្រាប់ទំនាក់ទំនងសាធារណៈ៕