Alynana Media Cambodia
Icon Collap
clinic narit

តើលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនិង «បញ្ហាផ្លូវច្បាប់អ្វីខ្លះ» ក្រោយលោកបានប្រកាសនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី?

Admin Alynana | Nov 16, 2022
តើលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនិង «បញ្ហាផ្លូវច្បាប់អ្វីខ្លះ» ក្រោយលោកបានប្រកាសនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី?
Clinic narith

 

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការហើយ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះថាលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សាជាថ្មីសម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៤។ ថ្លែងចំពោះមុខអ្នកគាំទ្រ នៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋផ្ល័រីដា លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីធ្វើឱ្យ សហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត នៅយប់នេះខ្ញុំប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិក»។ លោកបន្ថែមទៀតថា «ខ្ញុំនឹងធានាឱ្យបានថាលោក ចូ បៃដិន នឹងមិនទទួលបានអាណត្តិ៤ឆ្នាំបន្ថែមទៀតនោះទេ»។

ប៉ុន្តែ ខណៈប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងពាក្យបណ្ដឹង និងការស៊ើបអង្កេតជាច្រើន ដែលបានបង្កជាការចោទសួរថា តើបញ្ហាផ្លូវច្បាប់ដែលលោកកំពុងប្រឈម អាចនឹងបង្កជាឧបសគ្គ ឬរារាំងដល់ការប្រកួតប្រជែងដណ្ដើមកៅអីប្រធានាធិបតីរបស់លោកដែរ ឬក៏យ៉ាងណា។ ខាងក្រោមនេះគឺ ជាបញ្ហាផ្លូវច្បាប់ដែលលោក ត្រាំ កំពុងប្រឈម៖

*លួចលាក់ទុកឯកសារសម្ងាត់ជាតិ

ក្រសួងយុត្តិធម៌អាមេរិក បាន និងកំពុងដឹកនាំការស៊ើបអង្កេតពីបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក ដូណាល់ ត្រាំ ជុំវិញការកាន់កាប់ និងលាក់ទុកឯកសាររដ្ឋាភិបាល ក្នុងនោះរួមមានទាំងឯកសារសម្ងាត់ជាតិ បន្ទាប់ពីលោកចុះចេញពីអំណាចកាលពីខែមករា ឆ្នាំ២០២១។ ប៉ូលិសសហព័ន្ធអាមេរិក FBI បានរកឃើញ និងរឹបអូសឯកសារជាង ១១,០០០ ចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋផ្ល័រីដា តាមដីការរបស់តុលាការកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ។ នៅក្នុងចំណោម ឯកសារទាំងនេះ មានឯកសារចំនួន១០០ ដែលត្រូវបានអះអាងថាជាឯកសារសម្ងាត់ជាតិកម្រិតខ្ពស់បំផុត។

ប៉ុន្តែ លោក ត្រាំ បានចោទប្រកាន់ថាក្រសួងយុត្តិធម៌អាមេរិក បានគប់គិតជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីធ្វើបាប និងរារាំងមិនឱ្យរូបលោកចូលរួមក្នុងការប្រកួតប្រជែង សាជាថ្មីនៅក្នុងការបោះឆ្នោតសម្រាប់ឆ្នាំ២០២៤។ លោក Raymond Dearie ដែលត្រូវបានតែងតាំងជាអ្នក​គ្រប់គ្រង​ពិសេស​ ឬ​ភាគី​ខាងក្រៅ ដើម្បីត្រួតពិនិត្យឯកសារដែល ត្រូវបានរឹបអូស កំពុងពិនិត្យថាតើឯកសារទាំងអស់ពិតជាត្រូវបានការពារនៅក្រោម «អំណាចប្រតិបត្តិ» ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកម្នាក់អាចរក្សារទុកឯកសារ និងព័ត៌មានសម្ងាត់មួយចំនួន ដូចដែលោក ត្រាំ បានអះអាងដែរឬក៏យ៉ាងណា?

*បណ្ដឹងស៊ីវិលអគ្គរដ្ឋអាជ្ញាធរញូវយ៉ក

អគ្គរដ្ឋអាជ្ញាធរនៃរដ្ឋញូវយ៉ក លោកស្រី Letitia James បាននិយាយនៅក្នុងពាក្យបណ្ដឹងស៊ីវិលមួយ កាលពីខែកញ្ញាកន្លងទៅថាការិយាល័យរបស់លោកស្រី បានរកឃើញ ភស្តុតាងជាង ២០០ ដែលបង្ហាញថាលោក ត្រាំ និងក្រុមហ៊ុន Trump Organization បានលាក់បាំងពីទ្រព្យសម្បត្តិ និងប្រាក់ចំណូលនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ដើម្បីទទួលបានអត្រាការប្រាក់ទាបលើប្រាក់កម្ចី។

*បណ្ដឹងក្នុងសំណុំរឿងគេចពន្ធ

ក្រុមហ៊ុន Trump Organization របស់លោក ដូណាល់ ត្រាំ កំពុងជាប់ពាក្យបណ្ដឹងក្នុងសំណុំរឿងគេចពន្ធ ដែលអាចនឹងប្រឈមមុខការពិន័យជាប្រាក់ ១.៦លានដុល្លារ។ លោក ត្រាំ និងក្រុមហ៊ុនរបស់លោកបានបដិសេធថាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ប៉ុន្តែ លោក Allen Weisselberg ដែលជាអតីតនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Trump Organization បានសារភាពពីទោសកំហុស និងត្រូវបានតម្រូវឱ្យធ្វើសក្ខីកម្មប្រឆាំងនឹងក្រុមហ៊ុនលោក ត្រាំ ជាផ្នែកមួយនៃការសារភាពទោសកំហុសរបស់ លោក។

*បណ្ដឹងបរិហារកេរ្តិ៍

លោកស្រី Jean Carroll ជាអតីតអ្នកសរសេរព័ត៌មានមកពីទស្សនាវដី្ដ Elle magazine បានប្ដឹងលោក ដូណាល់ ត្រាំ ពីបទបរិហាកេរិ៍្ត កាលពីឆ្នាំ២០១៩ បន្ទាប់ពីលោក ត្រាំ បានដិសេធការចោទប្រកាន់របស់លោកស្រី ដែលថាលោក ត្រាំ បានបៀតបៀនផ្លូវភេទលើលោកស្រី នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ នៅឯផ្សារទំនើបមួយនៃទីក្រុងញូវយ៉ក។

*ការវាយប្រហារលើវិមានកាពីតូល

គណៈកម្មាធិការមួយនៃសភាតំណាងរាស្ត្រអាមេរិក បាន និងកំពុងស៊ើបអង្កេតលើកុបកម្មដ៏ហិង្សាលើវិមានកាពីតូល ដែលប្រព្រឹត្តដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដើម្បីរកឃើញការពិតថាលោក ត្រាំ ពិតជាបានបំពានច្បាប់ដោយព្យាយាមរារាំងការប្រកាសជ័យជម្នះរបស់លោក បៃដិន និងញុះញង់ឱ្យ ក្រុមអ្នកគាំទ្រប្រព្រឹត្តអំពើហិង្សាដែលបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់ ដែរឬក៏យ៉ាងណា។

*អុកឡុកដល់ការស៊ើបអង្កេតលើលទ្ធផលបោះឆ្នោត ក្នុងរដ្ឋ Georgia

រដ្ឋអាជ្ញានៅក្នុងរដ្ឋ Georgia បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថាលោក ដូណាល់ ត្រាំ បានដាក់ស​ម្ពាធ និងប្រើឥទ្ធិពលដើម្បីកែប្រែលទ្ធផលបោះឆ្នោតនៅក្នុង រដ្ឋ Georgia។ ការស៊ើបអង្កេតនេះផ្តោតជាសំខាន់លើកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលេខាធិការ​រដ្ឋ Georgia លោក Brad Raffensperger ដែល​ជា​មន្ត្រី​កំពូល​រៀបចំ​ការ​បោះឆ្នោតមកពីបក្សសាធារណរដ្ឋ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ នៅសារសំឡេងនៃកិច្ចសន្ទនានេះដែលកាសែត Washington Post លោក ត្រាំបានស្នើឱ្យ លោក Raffensperger កែប្រែលទ្ធផលបោះឆ្នោត ដែលបង្ហាញថាលោក បៃដិន ជាអ្នកឈ្នះ។

នៅក្នុងកិច្ចសន្ទនានេះលោក ត្រាំ បានប្រាប់លោក Raffensperger ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​បាន​ នោះគឺ​ស្វែងរក​សំឡេង​ឆ្នោត​ចំនួន ១១.៧៨០សំឡេង ដែល​លើស​ពី​អ្វី​ដែល​យើង​មាន​ចំនួន​មួយ​សំឡេង ពីព្រោះ​យើង​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ»។ បើតាមក្រុមអ្នកច្បាប់ លោកត្រាំ បំពានច្បាប់ព្រហ្មទណ្ឌចំនួន៣ នៃរដ្ឋ Georgia ដូចជាសមគំនិតប្រព្រឹត្ត ការលួចបន្លំសន្លឹកឆ្នោត, លួងលោមឱ្យប្រព្រឹត្តការលួចបន្លំសន្លឹកឆ្នោត និងរារាំងដោយចតនានៃការអនុវត្តតួនាទីរបស់មន្ត្រីរៀបចំការបោះឆ្នោត៕