Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការធ្លាក់ចុះថ្លៃជាប្រវត្តិសាស្ត្ររបស់ប្រាក់យ៉េនបានប៉ះពាល់ដល់សន្ទុះកំណើននៃសេដ្ឋកិច្ចរបស់ជប៉ុន

Admin Alynana | Nov 17, 2022
ការធ្លាក់ចុះថ្លៃជាប្រវត្តិសាស្ត្ររបស់ប្រាក់យ៉េនបានប៉ះពាល់ដល់សន្ទុះកំណើននៃសេដ្ឋកិច្ចរបស់ជប៉ុន
Clinic narith

(តូក្រូ)៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដោយមិននឹកស្មានដល់នៅត្រីមាសទី៣ ឆ្នាំនេះដោយសារការធ្លាក់ចុះថ្លៃជាប្រវត្តិសាស្ត្ររបស់ប្រាក់យ៉េនបានប៉ះពាល់ដល់សន្ទុះកំណើន ដែលធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីជំងឺរាតត្បាតស្ថិតក្នុងភាពរងគ្រោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់តួលេខរបស់ការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនដែលបានចេញផ្សាយនៅថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ១,២ភាគរយនៃអត្រាប្រចាំឆ្នាំនៅក្នុងត្រីមាសទី៣ ដោយសារការធ្លាក់ថ្លៃរូបិយប័ណ្ណយ៉េនបានបង្កើនការចំណាយលើការនាំចូលរបស់ប្រទេសជប៉ុន។ សេដ្ឋវិទូនានាបានរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង ១,២ភាគរយ។

ការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការធ្លាក់ចុះថ្លៃរូបិយប័ណ្ណរបស់ប្រទេសជប៉ុនទៅលើសេដ្ឋកិច្ច និងបង្ហាញថា ផ្លូវឆ្ពោះទៅរកការស្ទុះងើបឡើងវិញដ៏រឹងមាំពីជំងឺរាតត្បាតនៅតែមានចម្ងាយដ៏វែងឆ្ងាយទៀត ដោយមានហានិភ័យបន្ថែមទៀតគ្របដណ្តប់លើចក្ខុវិស័យសេដ្ឋកិច្ច។

ក្រុមអ្នកបង្កើតគោលនយោបាយកំពុងសង្ឃឹមថា កញ្ចប់វិធានការជំរុញសេដ្ឋកិច្ចចុងក្រោយបង្អស់របស់រដ្ឋាភិបាលជប៉ុននឹងជួយជំរុញកំណើនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ការបើកចំហរព្រំដែនឡើងវិញរបស់ប្រទេសជប៉ុនក៏ផ្តល់ការរំពឹងទុកផងដែរថានឹងមានលំហូរចូលប្រាក់ចំណូលជាថ្មីពីភ្ញៀវទេសចរបរទេសដែលត្រូវបានទាក់ទាញដោយសារការចំណាយនៅក្នុងប្រទេសជប៉ុនកាន់តែថោកក្រោយពេលដែលប្រាក់យ៉េនធ្លាក់ថ្លៃ។
លោក Harumi Taguchi សេដ្ឋវិទូប្រចាំក្រុមហ៊ុនន S&P Global Market Intelligence បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «នៅពេលដែលប្រាក់យ៉េនធ្លាក់ចុះថ្លៃយ៉ាងឆាប់រហ័ស ក្រុមហ៊ុនប្រឈមមុខនឹងស្ថានភាពដ៏លំបាកដែលពួកគេត្រូវបានរងផលប៉ះពាល់ដោយសារតម្លៃនាំចូលវត្ថុធាតុដើមកាន់តែខ្ពស់ ខណៈដែលពួកគេមិនអាចផ្ទេរការចំណាយទាំងនោះដោយងាយស្រួលទៅលើការនាំចេញឡើយ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសបរទេសកំពុងធ្លាក់ចុះ»៕