Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រោយកិច្ចប្រជុំអាស៊ាន និងជី២០បានបញ្ចប់ កូរ៉េខាងជើងបន្ដបាញ់មីស៊ីបន្ថែមទៀត ផ្គើនអាមេរិក និងសម្ព័ន្ធមិត្ត

Admin Alynana | Nov 18, 2022
ក្រោយកិច្ចប្រជុំអាស៊ាន និងជី២០បានបញ្ចប់ កូរ៉េខាងជើងបន្ដបាញ់មីស៊ីបន្ថែមទៀត ផ្គើនអាមេរិក និងសម្ព័ន្ធមិត្ត
Clinic narith

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងទៀតហើយនៅថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា ពោលគឺនៅក្រោយពេលកិច្ចប្រជុំអាស៊ាន និងជី២០ត្រូវបានបញ្ចប់ ដែលវាជាការផ្គើនបន្ថែមទៀតទៅកាន់អាមេរិក និងសម្ព័ន្ធមិត្ត ហើយទីក្រុងព្យុងយ៉ាងបានព្រមាន ពីការឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា ចំពោះការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែលេងល្បែងសង្គ្រាមដែលនឹងធ្វើឲ្យខ្លួនឯងត្រូវសោកស្តាយបំផុត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងជាច្រើននៅក្នុងឆ្នាំនេះរួមទាំងការបាញ់កាំភ្លើងធំរាប់រយគ្រាប់ចូលទៅក្នុងសមុទ្ររបស់ខ្លួនក្នុងពេលថ្មីៗនេះផងដែរ នៅពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែលមានការចូលរួមពីប្រទេសជប៉ុនខ្លះៗផងដែរ។

យោធាកូរ៉េខាងត្បូងបាននិយាយថា មានការបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយចេញពីទីក្រុង វ៉ុនសាន (Wonsan) នៅឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី ១៧វិច្ឆិកាដោយហោះបានចម្ងាយ ២៤០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៤៧ គីឡូម៉ែត្រ។

ការបាញ់បង្ហោះមីស៊ីលនៅចុងក្រោយនេះ បានកើតឡើងមិនដល់២ម៉ោងផង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆូ សុន ហួ (Choe Son Hui) បានរិះគន់កិច្ចប្រជុំត្រីភាគីកាលពីថ្ងៃទី១៣វិច្ឆិកា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា។ ជំនួបត្រីភាគីនោះ សម្ព័ន្ធមិត្តទាំងបី បានរិះគន់ការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង និងបានសន្យាកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែខ្លាំងថែមទៀត។

នៅក្នុងកិច្ចពិភាក្សានេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងការទប់ស្កាត់បន្ថែមទៀត និងការពារសម្ព័ន្ធមិត្តអាស៊ីទាំង២ គឺកូរ៉េខាងត្បូងនិងជប៉ុនជាមួយ «សមត្ថភាពពេញលេញ» រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

លោកស្រី ឆូ បាននិយាយថា សមយុទ្ធសង្រ្គាមសម្រាប់ការឈ្លានពានរបស់ប្រទេសទាំង៣នេះមិនអាចទប់ស្កាត់តំបន់ភាគខាងជើងបានឡើយ ប៉ុន្តែវានឹងនាំមកនូវការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាក់ស្តែង និងមិនអាចជៀសបានទៅលើខ្លួនពួកគេវិញឡើយ។

លោកស្រី ឆូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា នៅពេលសហរដ្ឋអាមេរិកអន្ទះសារផ្តល់ការពង្រឹងបន្ថែមសមត្ថភាពរារាំងដល់សម្ព័ន្ធមិត្តរបស់ខ្លួនកាន់តែខ្លាំង ហើយពួកគេបានបង្កើនសកម្មភាពយោធាបង្កហេតុ និងបំប៉ោងកាន់តែខ្លាំង គឺប្រទេសកូរ៉េខាងជើងនឹងចាត់វិធានការយោធាតបតវិញកាន់តែខ្លាំងដូចគ្នាដែរ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងបានឃើញច្បាស់ថា អាមេរិកកំពុងតែលេងល្បែងសង្គ្រាម ដែលវាពិតជាធ្វើឱ្យអាមេរិកត្រូវសោកសា្ដយជាមិនខានឡើយ។

អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធការពារមីស៊ីលបន្ទាប់ពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងនេះ ហើយក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់នេះផងដែរ។

អគ្គសេនាធិការចម្រុះរបស់ក្រុងសេអ៊ូលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កូរ៉េខាងត្បូងបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើងព្រោះវាជាការបង្កហេតុយ៉ាងធ្ងន់ធ្ងរដែលបានបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់៕