(កោះកុង)៖ តាមផែនការពីមុន គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០២៣ ខាងមុននេះ។ ប៉ុន្តែគម្រោងនេះទំនងជាមិនអាចប្រព្រឹត្តទៅតាមការគ្រោងទុកនោះទេ ព្រោះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការដាក់ឲ្យដំណើរការព្រលានយន្តហោះនេះ អាចត្រូវពន្យារពេលពី៣ទៅ៦ខែបន្ថែមទៀត។
យ៉ាងណាមិញយើងមិនទាន់ដឹងមូលហេតុជាក់លាក់នៃការសុំពន្យារពេលដាក់ឲ្យដំណើរការព្រលានយន្តហោះនេះនោះទេ គ្រាន់តែដឹងថា កន្លងមកក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះធ្លាប់រងពិន័យពីសហរដ្ឋអាមេរិក និងមានបញ្ហាលំហូរសាច់ប្រាក់ក្រោមវិធានការគ្មានកូវីដរបស់រដ្ឋាភិបាលចិន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា គម្រោងដាក់ឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិតារាសាគនៅខេត្តកោះកុងនៅដើមឆ្នាំ២០២៣ខាងមុខ អាចត្រូវពន្យារពេលពី៣ទៅ៦ខែបន្ថែមទៀត។ ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការតែប៉ុណ្ណោះ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះពុំទាន់បានដាក់សំណើរផ្លូវការមកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជុំវិញបញ្ហានេះនោះទេ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា។
ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ជុំវិញការអាចពន្យារពេលនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការពន្យារពេលនេះទំនងជាអាចបណ្តាលមកពីក្រុមហ៊ុនជួបបញ្ហាលំហូរសាច់ប្រាក់មានភាពយឺតយ៉ាវ និងរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារបរិក្ខាមួយចំនួន ដោយសារវិធានការគ្មានកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានការរាំងស្ទះក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព គួបផ្សំបច្ចុប្បន្នសេដ្ឋកិច្ចសកលកំពុងរងការគំរាមកំហែងពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ។
តាមផែនការដំបូងអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីអំឡុងឆ្នាំ២០២១ មកម៉្លេះ តែត្រូវបានក្រុមហ៊ុនសុំពន្យារពេលជាបន្តបន្ទាប់ ក្រោយមានការរំខានពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាស្តែង កាលពីពេលកន្លងទៅថ្មីៗ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានដាក់ពាក្យស្នើមកកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីសុំពន្យារពេលការដាក់ឲ្យដំណើរការសាកល្បងព្រលានយន្តហោះនេះកាលពីខែកក្កដា មកទល់ចុងឆ្នាំ២០២២ ក្រោមហេតុផលក្រុមហ៊ុនមានការរាំងស្ទះក្នុងការបំពេញបែបបទពាក់ព័ន្ធសន្តិសុខ និងសុវត្ថិភាព។
សូមបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ញូញៀន ឌិវេលុបមេន អភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ ដែលជាការវិនិយោគគាំទ្រវិស័យទេសចរណ៍។
តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២១-២០៣០ និងទទួលបានអ្នកដំណើរ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជាអ៊ាបើស និងប៊ូអ៊ីង 777 អាចចុះចតបាន៕