Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញផលិតផលកសិកម្មសរុបនៅតែបន្តកើនឡើង ខណៈវិស័យនេះកំពុងជួបបញ្ហាប្រឈមច្រើនក្តី

Admin Alynana | Nov 19, 2022
ការនាំចេញផលិតផលកសិកម្មសរុបនៅតែបន្តកើនឡើង ខណៈវិស័យនេះកំពុងជួបបញ្ហាប្រឈមច្រើនក្តី
Clinic narith

នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជាង៤លានតោន មានការកើនឡើងជាង១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទំហំទឹកប្រាក់មានជាង ២ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ដ្បិតការនាំចេញផលិតផលកសិកម្ម នៅរយៈពេល១០ខែ មានកំណើនក៏ពិតមែន ប៉ុន្ដែ ការនាំចេញផលិតផលខ្លះ ក៏បានជួបបញ្ហាប្រឈមជាច្រើនដែរ។

តួយ៉ាង ការនាំចេញផ្លែស្វាយ​ស្រស់ ​គ្រាប់ស្វាយចន្ទី ហើយថ្មីៗនេះ គឺកំពុងកើតមាន​បញ្ហាស្រូវធ្លាក់ថ្លៃជាដើម​។ ក្រុមអ្នកជំនាញ​បានវាយតម្លៃថា សម្រាប់ស្ថានភាពនៃវិស័យកសិកម្ម កម្ពុជា ហាក់មិនសូវមានសុខភាពល្អប៉ុន្មាននោះទេ នារយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជាង ៤លានតោន បានកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ខណៈគិតជាទឹកប្រាក់សរុបមានជាង ២ពាន់៦រយលានដុល្លារអាមេរិក។

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងកសិកម្ម បានគូសបញ្ជាក់ថា អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មខ្ពស់,និងកង្វះរោងចក្រកែច្នៃ នៅតែជា កត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំកសិកម្ម ជាពិសេសដំណាំអាទិភាព ដូចជា ដំណាំស្វាយ ដំណាំស្វាយចន្ទី ម្រេច និងដំណាំស្រូវ ជាដើម។

លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា ការនាំចេញផលិតផលកសិកម្ម នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ នៅតែរក្សាបាននូវកំណើនគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែ បញ្ហាប្រឈមក្នុងវិស័យនេះនៅតែបន្តកើតមាន ជាពិសេស បញ្ហាតម្លៃកសិផលធ្លាក់ចុះ។ បើតាមលោក ចន្ទ សុផល ជារួម ទិន្នផលសម្រាប់កសិផល​នៅឆ្នាំនេះ ហាក់មាន​ភាពល្អប្រសើរ ក៏ប៉ុន្តែ បើងាកទៅមើលពីតម្លៃរបស់កសិផល មួយចំនួន បែរជាបានធ្លាក់ចុះទៅវិញ ដូចជា ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំម្រេច និងដំណាំស្រូវ ជាដើម។ អ្នកជំនាញរូបនេះ នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈម​របស់វិស័យកសិកម្មសម្រាប់ប្រជាកសិករ ព្រោះបញ្ហាទាំងនេះ មិនមែនជាបញ្ហាថ្មីសម្រាប់វិស័យកសិកម្មឡើយ ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំង​ដល់សេដ្ឋកិច្ចប្រជាកសិករ ដោយសារតែថ្លៃកសិផលធ្លាក់ចុះ តែការចំណាយលើធាតុចូល​កសិកម្មវិញ បែរជាកាន់តែកើនឡើងទៅវិញ។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជាអ្នកជំនួយនាំចេញផ្លែស្វាយស្រស់ និងចេកស្រស់ បានកត់សម្គាល់ឃើញថា នៅរយៈពេល ១០ខែ ឆ្នាំ២០២២ ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ​ នៅតែមានដំណើរការជាធម្មតា។ ក៏ប៉ុន្តែ បើទោះជា ការនាំចេញស្វាយដំណើរការជាធម្មតា ក៏ដោយចុះ តែឧកញ៉ា ហ៊ុន ឡាក់ បានកត់សម្គាល់ថា សម្រាប់ទិន្នផល និងគុណភាព ផ្លែស្វាយ នាឆ្នាំនេះ ហាក់មិនសូវជាល្អ ប៉ុន្មាននោះទេ ប៉ុន្ដែ តម្លៃផ្លែស្វាយវិញ ហាក់ប្រសើរជាងមុន ក៏ព្រោះតែបរិមាណនៃការនាំចេញតិច។ បើផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ជាង ១៣ម៉ឺនតោន បានថយចុះជាង ៣១% បើធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ដោយឡែក ចំពោះការនាំចេញផ្លែចេកស្រស់វិញ នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ជាង ៣២ម៉ឺនតោន ថយចុះជិត ១២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជាង ៤លានតោន ដែលគិតជាទំហំទឹកប្រាក់មានជាង ២ពាន់លានដុល្លារ។ ដោយឡែក នៅរយៈពេល ១០ខែ ឆ្នាំ២០២២ កម្ពុជា ក៏ទទួលបានចំណូលបន្ថែមពីការនាំចេញអង្ករ ចំនួនជាង ៤៣៥លានដុល្លារ និងចំណូលជាង ៤៩២លានដុល្លារ ពីការនាំចេញស្រូវទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕