(ភ្នំពេញ)៖ ស្ថាប័នពាក់ព័ន្ធបានចាត់ទុកថា វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ប៉ុណ្ណោះទេ តែវិស័យទាំង ២ នេះ ក៏កំពុងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានរង្វង់ ៧ ភាគរយ ក្នុង ១ ឆ្នាំ នារយៈពេល ២ ទសវត្សរ៍កន្លងមក ។
ជាមួយគ្នានេះ បើក្រឡេកមកមើលរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករាដល់ខែតុលា ពោលគឺរយៈពេល ១០ នៃឆ្នាំ ២០២២ នេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេផងដែរ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC លោក សុខ ចិន្តាសោភា តាមរយៈវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នាពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា៖ «គិតពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥ គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ ១,៣%»។
លោកបន្តថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករាដល់ខែតុលា ទាំង១៦១ គម្រោងនេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥% និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១%។
លោកបានបញ្ជាក់ដែរថា មូលហេតុដែលវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ គឺដោយសារតែវិស័យទាំង ២ នេះ កំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ខណៈរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា និងបណ្តាប្រទេសនានា។
ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មនេះដែរ ថ្លែងក្នុងពិធីប្តូរឈ្មោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលថ្ងៃទី ១៧ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២២ ចំនួនរោងចក្រកាត់ដេរ ដែលចុះបញ្ជីមានចំនួន ១ ៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួនជាង ៩០ ម៉ឺននាក់។ ហេតុនេះ វិស័យនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទើបជំរុញឱ្យកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧ ភាគរយ ក្នុង ១ ឆ្នាំ។
ដោយឡែកពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធវិញ កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា សម្រេចសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភ័ស្តុភារកម្ម និងជាពិសេស ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ហេតុនេះ លោកថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានសារៈសំខាន់មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង ជួយជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតផង។
គួរបញ្ជាក់ដែរថា បើតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៣ ដែលក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលចុងខែតុលា ឆ្នាំ ២០២២ នេះ ក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ ភាគរយ នៅឆ្នាំ ២០២៣ ខាងមុខ ក្នុងនោះ វិស័យឧស្សាហកម្ម នឹងបន្តកើនឡើងក្នុងអត្រា ៩,២ ភាគរយ ក្នុងឆ្នាំ ២០២៣ ដែលកំណើននេះ នឹងជួយគាំទ្រ និងរុញច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានតាមការព្យាករទុកថា នឹងមានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ឆ្នាំ ២០២៣ ផងដែរ៕