Alynana Media Cambodia
Icon Collap
clinic narit

នៅ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មសរុបរបស់វៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤៥ពាន់លានដុល្លារ

Admin Alynana | Nov 21, 2022
នៅ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មសរុបរបស់វៀតណាម សម្រេចបានក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤៥ពាន់លានដុល្លារ
Clinic narith

នៅ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មសរុបរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤៥ពាន់លានដុល្លារ កើនឡើងជាង ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលផលិតផលកសិកម្មវិញ មានជាង៣៧ពាន់លានដុល្លារ កើនឡើងជិត៦% នាំឲ្យប្រទេសវៀតណាម មានអតិរេកពាណិជ្ជកម្មក្នុងវិស័យកសិកម្មនេះប្រមាណជិត ៨ពាន់លានដុល្លារ កើនឡើងដល់ទៅជិត៨៤%ឯណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ពីការិយាល័យស្ថិតិទូទៅវៀតណាម។

រហូតមកទល់នឹងពេលនេះ ការនាំចេញកសិផលវៀតណាមនៅតែបន្ដមានឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចជាតិជារួម ទោះបីជាមានការប្រែប្រួលជាច្រើននៅក្នុងទីផ្សារទំនិញ បញ្ហាដឹកជញ្ជូន ការចំណាយផលិតកម្មខ្ពស់ ដោយសារតែការកើនឡើងប្រមាណជិត៥០% នៃតម្លៃប្រេង និងប្រេងសាំង តាំងពីដើមឆ្នាំនេះមកក្ដី។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានបញ្ជាក់ថា ការកើនឡើងជាបន្ដបន្ទាប់នៅក្នុងការនាំចេញផលិតផលកសិកម្ម ដោយសារតែនៅប្រទេសចិននាពេលកន្លងកន្លងមក ជួបរងគ្រោះបញ្ហារាំងស្ងួតប៉ះពាល់ដល់ផលិតកម្មកសិកម្ម ដូច្នេះ វាជាឱកាសសម្រាប់ផលិតផលកសិកម្មវៀតណាមនាំចេញទៅកាន់ទីផ្សារចិន។ បន្ថែមពីនេះ បញ្ហាអតិផរណានៅអឺរ៉ុប សង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងកម្ដៅជាសាកល ក៏បានធ្វើឲ្យមានបញ្ហាសន្ដិសុខស្បៀងអាហារកើតឡើងកាន់តែធ្ងន់ធ្ងរផងដែរ។

ទោះយ៉ាងណា កាលពីពេលកន្លងទៅនេះ ការរិតបន្ដឹងវិធានការគ្មានកូវីដរបស់រដ្ឋាភិបាលចិន ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងដំណំដល់ការនាំចេញ ផលិតផលកសិកម្មរបស់វៀតណាមមួយចំនួនទៅកាន់ប្រទេសចិនផងដែរ។

បើមើលទៅលើមុខផលិតផលកសិកម្មដែលមានការនាំចេញបានក្នុងតម្លៃរាប់ពាន់លានដុល្លារនោះ មានដូចជាអាហារសមុទ្រ អង្ករ និងកាហ្វេជាដើម។ តួយ៉ាង ការនាំចេញ ផលិតផលអាហារសមុទ្ររបស់វៀតណាមត្រូវបានកំណត់គោលដៅនឹងនាំចេញដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ ខណៈដែលនៅ១០ខែមកនេះ សម្រេចបានប្រមាណ៩ពាន់៤រយលានដុល្លារកើនឡើងជិត៣៣%។ ជាមួយគ្នានេះ ការនាំចេញគ្រាប់កាហ្វេវិញ សម្រេចបានជាង៣ពាន់លានដុល្លារ កើនឡើងជាង៣៣%។

រីឯ ការនាំចេញអង្កររបស់វៀតណាម នៅ១០ខែមកនេះ សម្រេចបានជាង៦លានតោន កើនជាង១៧% និងមានតម្លៃទឹកប្រាក់ជិត ៣ពាន់៣រយលានដុល្លារ កើនឡើងជាង៧%។ ទន្ទឹមនឹងការនាំចេញអង្ករដ៏ច្រើននេះ ប្រទេសវៀតណាម ក៏មានការនាំចូលអង្ករពីក្រៅប្រទេសមកវិញច្រើនគួរសមដែរ ពោលគឺនៅឆ្នាំ២០២១ មានការនាំចូលដល់ទៅជិត១លានតោន ដោយក្នុងនោះ មានជាង៧០% ជាការនាំចូលអង្ករដែលមានតម្លៃទាបពីប្រទេសឥណ្ឌា សម្រាប់បំពេញតម្រូវការក្នុងស្រុក និងប្រើប្រាស់សម្រាប់ជាការផលិតចំណីសត្វជាដើម។

សមាគមស្បៀងអាហារវៀតណាមបានព្យាករថា នៅពេញ១ឆ្នាំ២០២២នេះ ការនាំចេញអង្ករសរុប នឹងមានដល់ទៅ ៦លាន៧សែនតោន ដែលអាចមានតម្លៃជាទឹកប្រាក់ដល់ ៣ពាន់៦រយលានដុល្លារ។

គួររំឭកបន្ដិចថា តម្លៃអង្ករវៀតណាមបានកើនឡើងខ្ពស់ជាងតម្លៃអង្កឥណ្ឌា និងថៃទៅទៀតនាពេលបច្ចុប្បន្ន ដោយកាលពីខែតុលា ប្រភេទអង្ករបាក់៥% របស់វៀតណាមលក់បានក្នុងតម្លៃប្រមាណ៤២៥ ទៅ៤៣០ដុល្លារក្នុងមួយតោន សម្រាប់តម្លៃជាមធ្យមលើទីផ្សារសាកល ពោលគឺ ថ្លៃខ្ពស់ជាងអង្ករឥណ្ឌាប្រមាណ៤៨ ទៅ៥១ដុល្លារក្នុងមួយតោន និងថ្លៃជាងអង្កររបស់ថៃចន្លោះពី ១៨ ទៅ២៣ដុល្លារក្នុងមួយតោន។

ប្រទេសហ្វីលីពីន គឺជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដោយមានចំណែកទីផ្សារដល់ទៅ ៤៥% នៃការនាំចេញអង្ករសរុប បន្ទាប់មកគឺ ប្រទេសចិន ដែលមានចំណែកទីផ្សារ ១៣% និងប្រទេសផ្សេងៗទៀត៕