Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសជប៉ុនបានងាកទៅរកកិច្ចព្រមព្រៀងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយបង្អស់ជាមួយអង់គ្លេស និងអ៊ីតាលី

Admin Alynana | Nov 21, 2022
ប្រទេសជប៉ុនបានងាកទៅរកកិច្ចព្រមព្រៀងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយបង្អស់ជាមួយអង់គ្លេស និងអ៊ីតាលី
Clinic narith

ប្រទេសជប៉ុនបានឈានចូលដំណាក់កាលចុងក្រោយនៃកិច្ចចរចាជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដើម្បីរួមគ្នាអភិវឌ្ឍ និងសាងសង់យន្តហោះចម្បាំងជំនាន់ចុងក្រោយ ដែលជាចំណុចរបត់មួយសម្រាប់ប្រទេសតំបន់អាស៊ីមួយនេះ ប៉ុន្ដែ វាត្រូវបានគេមើលឃើញថា ទីក្រុងតូក្យូហាក់កំពុងមើលរំលងបងធំ របស់ខ្លួន គឺសហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

ទីក្រុងតូក្យូក៏នឹងពិចារណាកែសម្រួលច្បាប់នាំចេញសព្វាវុធរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការលក់ឧបករណ៍យោធាទៅបរទេសដោយសង្ឃឹមថា វិធានការនេះនឹងជួយកាត់បន្ថយការចំណាយលើការអភិវឌ្ឍសម្រាប់យន្តហោះជំនាន់ថ្មី និងជំរុញឧស្សាហកម្មការពារជាតិក្នុងស្រុកជប៉ុនផងដែរ។

បើតាមកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនគ្រោងនឹងដាក់ពង្រាយយន្តហោះចម្បាំងជាផ្លូវការដែលចាប់ផ្តើមនៅឆ្នាំ ២០២៥។ ក្រុមហ៊ុនឧស្សាហកម្មធន់ធ្ងន់ Mitsubishi (MHI) របស់ជប៉ុន ក្រុមហ៊ុនអាកាសចរណ៍និងការពារជាតិ (BAE Systems) របស់អង់គ្លេស និងក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី (Leonardo S.p.A.) នឹងត្រួតពិនិត្យការអភិវឌ្ឍរួមគ្នា ហើយកិច្ចព្រមព្រៀងផ្លូវការមួយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំនេះ។

នេះជាលើកដំបូងហើយដែលជប៉ុនចាប់ដៃគូជាមួយប្រទេសតំបន់អឺរ៉ុបក្នុងការអភិវឌ្ឍយន្តហោះចម្បាំង។ ក្នុងនោះ យន្តហោះចម្បាំងថ្មីនេះត្រូវបានគេគ្រោងទុកថា នឹងចូលមកស្នងតំណែងយន្តហោះចម្បាំង (Mitsubishi F-2) ដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុន Lockheed Martin របស់អាមេរិក។

ដំបូងឡើយ ក្រសួងការពារជាតិជប៉ុនគ្រោងនឹងសហការជាថ្មីម្តងទៀតជាមួយក្រុមហ៊ុនអាមេរិកមួយនេះ ដែលបច្ចុប្បន្នកំពុងអភិវឌ្ឍយន្តហោះចម្បាំង F-35 ជំនាន់ចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lockheed បានបដិសេធក្នុងការចែករំលែកព័ត៌មានបច្ចេកវិទ្យាសម្ងាត់ជាមួយជប៉ុន បន្ទាប់ពីមានការព្រួយបារម្ភថា ទីក្រុងតូក្យូអាចយកបច្ចេកវិទ្យាទាំងនោះទៅបម្រើក្នុងវិស័យអាកាសចរណ៍ក្នុងស្រុកក្រោយពីដាក់ពង្រាយ។

ទន្ទឹមនឹងនោះ ចក្រភពអង់គ្លេសបានប្រកាសពីផែនការដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទីប្រាំមួយ Tempest របស់ខ្លួននៅឆ្នាំ ២០៣៥។ ជាមួយនឹងកាលវិភាគអភិវឌ្ឍន៍របស់ខ្លួនត្រួតស៊ីគ្នាជាមួយជប៉ុន និងការមិនមានឆន្ទៈក្នុងការចែករំលែកព័ត៌មានរបស់ក្រុមហ៊ុន Lockheed ផងនោះ បានផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ប្រទេសជប៉ុនក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការការពារជាតិជាលើកដំបូងជាមួយអឺរ៉ុប។ បញ្ហាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាដើមចមសំខាន់មួយ ក្នុងចំណោមហេតុផលសំខាន់ផ្សេងទៀត ដែលជំរុញឱ្យទីក្រុងតូក្យូខិតខំពង្រឹងវិស័យការពារជាតិរបសខ្លួននាពេលនេះ ក៏ដូចជាអនាគត។

មែនទែនទៅ ការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ចុងក្រោយ ទាមទារការរួមបញ្ចូលធាតុដ៏ស្មុគស្មាញ ដូចជាប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីល ក៏ដូចជាបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់។ ក្រសួងការពារជាតិចង់ឱ្យយន្តហោះចម្បាំងជំនាន់ក្រោយមានសមត្ថភាពទំនាក់ទំនងជាមួយយន្តហោះគ្មានមនុស្សបើក និងយោធាអាមេរិក និងមានប្រព័ន្ធ Sensor ដែលអាចចាប់បាន និងឆ្លើយតបយ៉ាងរហ័សទៅនឹងយន្តហោះសត្រូវ។ រួមជាមួយនឹងការអភិវឌ្ឍន៍របស់យន្តហោះចម្បាំង ជប៉ុននឹងពិចារណាបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើការនាំចេញឧបករណ៍យោធាការបស់ខ្លួនដែរ។

គួរជម្រាបថា «គោលការណ៍បីយ៉ាងស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ» របស់ក្រសួងការពារជាតិជប៉ុនបច្ចុប្បន្នកំណត់ដោយរឹតត្បិតការនាំចូលចំពោះការដឹកជញ្ជូនប្រព័ន្ធការពារជាតិ និងឧបករណ៍ឃ្លាំមើល។ ដូច្នេះហើយ មានតែវិសោធនកម្មច្បាប់អាចអនុញ្ញាតឱ្យឧបករណ៍វាយលុកដូចជាយន្តហោះចម្បាំងត្រូវបាននាំចូលក្រោមលក្ខខណ្ឌជាក់លាក់ជាងមុនបាន៕