(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ១៦២នាក់ហើយ និងរាប់រយនាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីមួយ កម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យរដ្ឋបាលក្រុងសៀនជួរ (Cianjur) ដែលស្ថិតនៅកោះជ្វាខាងលិច និងជាកន្លែងរងការវាយប្រហារចំដោយគ្រោះរញ្ជួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សជាង១៣,០០០នាក់ ដែលផ្ទះរបស់ពួកគេរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្ន ខណៈមនុស្សជាង៣២៦នាក់ បានរងរបួស។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង តែមិនទាន់មានការវាយតម្លៃថ្មីណាមួយនៅឡើយទេ រីឯប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង។
ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ ក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងបាន ទោះរញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕