Alynana Media Cambodia
Icon Collap
clinic narit

សហព័ន្ធស្រូវអង្ករថា រោងម៉ាស៊ីនជាសមាជិកខ្លួនបាននិងកំពុងប្រមូលទិញស្រូវពីកសិករបានប្រសើរឡើងវិញជាបណ្ដើរៗហើយ

Admin Alynana | Nov 22, 2022
សហព័ន្ធស្រូវអង្ករថា រោងម៉ាស៊ីនជាសមាជិកខ្លួនបាននិងកំពុងប្រមូលទិញស្រូវពីកសិករបានប្រសើរឡើងវិញជាបណ្ដើរៗហើយ
Clinic narith

ក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឲ្យមន្រ្តីកសិកម្មចុះពិភាក្សាបន្ទាន់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្ដាខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដែលបាននិងកំពុងជួបបញ្ហាស្រូវចុះថោកនោះ មកទល់ពេលនេះស្ថានភាពប្រមូលទិញស្រូវ និងតម្លៃទីផ្សារហាក់បានប្រសើរឡើងវិញជាបណ្ដើរៗហើយ។

ទោះបីជា មិនបង្ហាញតួលេខពីចំនួនស្រូវជាក់លាក់ដែលសហព័ន្ធស្រូវ-អង្ករកម្ពុជា បានប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក្ដី តែអគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា បានអះអាងថា ពេលនេះស្ថានភាពមានភាពប្រសើរឡើងវិញជាបណ្ដើរៗហើយ ហើយខាងសហព័ន្ធនៅតែបន្តប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ក្នុងតម្លៃដែលបានកំណត់ ខណៈ សហព័ន្ធស្រូវ-អង្ករ កម្ពុជា អាចប្រមូលទិញស្រូវពីប្រជាកសិករនៅតាមបណ្ដាខេត្ត ក្នុងបរិមាណ ៥ម៉ឺនតោនជាមធ្យមក្នុងមួយថ្ងៃ។

ចាប់តាំងពីមានបញ្ហាស្រូវធ្លាក់ថ្លៃនៅប៉ុន្មានថ្ងៃមកនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់ឲ្យមន្រ្តីកសិកម្ម ចុះជួបពិភាក្សាផ្ទាល់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកំណត់តម្លៃសមរម្យមួយក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងនោះ ក្រុមហ៊ុន Amru Rice ដែលជាសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវជាច្រើនទៀត បានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមដ៏លំបាកនេះ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា បាននិងកំពុងមមាញឹកក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលបានជួបប្រទះនូវបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្រូវ។ បើតាមលោក លន់ យ៉េង មិនមែនមានតែខេត្តបាត់ដំបង និងបន្ទាយមានជ័យ នោះទេ ដែលសហព័ន្ធស្រូវ-អង្ករ បាននិងកំពុងប្រមូលទិញស្រូវពីកសិករ ជាបន្តបន្ទាប់ នៅខេត្តផ្សេងៗទៀតក៏មានការប្រមូលទិញដែរ។ ទោះបីជា មិនបង្ហាញតួលេខស្រូវដែលសហព័ន្ធស្រូវ-អង្ករកម្ពុជា បានប្រមូលទិញស្រូវពីប្រជាកសិករ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តែលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា បានអះអាងថា ជាមធ្យមក្នុងមួយថ្ងៃ សហព័ន្ធស្រូវ-អង្ករ កម្ពុជា អាចប្រមូលទិញស្រូវពីប្រជាកសិករ ប្រមាញ ៥ម៉ឺនតោន នៅទូទាំងប្រទេស។ ដោយឡែក ចំពោះស្ថានភាពការកកស្ទះស្រូវនៅតាមបណ្ដាខេត្ត ក៏កាន់តែមានភាពប្រសើរឡើងវិញ ជាបណ្ដើរៗ ហើយដែរ។

ដោយឡែក លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានគូសបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង បញ្ហាលើការធ្លាក់ថ្លៃស្រូវនេះ បានកើតមានបញ្ហាប្រឈម តែនៅតាមបណ្ដាឃុំមួយចំនួន នៃស្រុកបរវិល ស្រុកបាណន់ តែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ស្ថានភាពហាក់បានប្រសើរឡើងវិញជាបណ្ដើរៗ ហើយ។ បើតាមលោក ឈឹម វជិរា មន្ទីរកសិកម្មខេត្ត បានសហការជាមួយថ្នាក់រដ្ឋបាលឃុំ និងរោងម៉ាស៊ីនកិនស្រូវខេត្ត ដើម្បីរួមគ្នាដោះស្រាយបន្ទាន់លើបញ្ហាប្រឈមចំពោះការធ្លាក់ចុះនៃតម្លៃស្រូវ នាពេលនេះ។ យ៉ាងណាក៏ដោយ លោក ឈឹម វជិរ៉ា ក៏បានអះអាងទៀតថា បណ្ដារោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង នៅតែមមាញឹក ក្នុងសកម្មភាពនៃការចុះប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលបាននិងកំពុងជួបបញ្ហាធ្លាក់ថ្លៃ ក្នុងតម្លៃសមរម្យមួយដែលកំណត់ និងប្រជាពលរដ្ឋអាចទទួលយកបាន។

បើតាមឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករ កម្ពុជា បច្ចុប្បន្ន គ្រប់រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅតាមបណ្ដាខេត្ត ដូចជា ខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង កំពង់ស្ពឺ និងបាត់ដំបង ជាដើម បានសម្រេចប្រមូលទិញស្រូវប្រភេទផ្ការំដួលពីប្រជាកសិករ ក្នុងតម្លៃ ១ ០៣៥រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវលេខ១, តម្លៃ ៩៧០រៀល សម្រាប់ស្រូវផ្ការំដួលលេខ២ និងតម្លៃ ៩២០រៀល សម្រាប់ស្រូវផ្ការំដួលលេខ៣៕