Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន សែន អញ្ជើញដល់សៀមរាប ដើម្បីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានៅថ្ងៃស្អែក

Admin Alynana | Nov 22, 2022
សម្តេច ហ៊ុន សែន អញ្ជើញដល់សៀមរាប ដើម្បីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានៅថ្ងៃស្អែក
Clinic narith

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទៅដល់ទឹកដីខេត្តសៀមរាបហើយនៅរសៀលម៉ោងជិត១ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅសាលសន្និសីទសុខាសៀមរាប នៅព្រឹកស្អែកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទទួលបដិសណ្ឋារកិច្ចវត្ដមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញមកដល់ខេត្តសៀមរាប។

ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (gh ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្តែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរ ជាតិ» និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម»។

បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ សម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធាន រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និង កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា។

នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនលោក ប្រាបូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣។

សម្តេចពិជ័យ ទៀ បាញ់ ក៏នឹងទទួលទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការពារជាតិ ចិន អូស្ត្រាលី - សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ អាស៊ានបូក ដើម្បីពិភាក្សាការងារលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និងបណ្តាប្រទេសខាងលើ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT)" ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុង ពេលបច្ចុប្បន្ន និងអនាគត តាមស្មារតី “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម“៕