Alynana Media Cambodia
Icon Collap
clinic narit

ជួយមេបាន តែមិនអាចជួយកូនបាន ដោយសារតែជាប់អន្ទាក់ ធ្លាក់ពីលើជ្រលងភ្នំ

Admin Alynana | Nov 23, 2022
ជួយមេបាន តែមិនអាចជួយកូនបាន ដោយសារតែជាប់អន្ទាក់ ធ្លាក់ពីលើជ្រលងភ្នំ
Clinic narith

បាត់ដំបង៖ សត្វកែះញីមួយក្បាលដែលមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះបានក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានសុខភាពល្អបន្តិចវិញ ប៉ុន្តែជាអកុសលវាបានរលូតកូន ដោយកូនរបស់វាបានស្លាប់បាត់បង់ជីវិតទៅហើយ។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វកែះញីនេះអាចស៊ីចំណីបានតិចតួចដោយក្រុមពេទ្យសត្វកំពុងបន្តតាមដានសុខភាព។ ប៉ុន្តែជាអកុសលកូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតបាត់បង់ជីវិតទៅហើយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋលេខាធិការបានសម្តែងការសោកស្តាយដែលកូនសត្វកែះបានរលូតនិងស្លាប់ ក្រោយពីមេរបស់វាបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ និងធ្លាក់ពីលើជ្រលងភ្នំ ថ្លោះចង្កេះ និងបាក់ជើង។

តែយ៉ាងណាលោកថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋដែលបានសហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រុមអ្នកអភិរក្សនឹងនៅតែបន្តតាមដានសុខភាពសត្វកែះញីមួយក្បាលនេះបន្ថែមទៀតមុននឹងបញ្ជូនមកកាន់ទីតាំងថែរក្សាអភិរក្ស។

សត្វកែះមួយក្បាលនេះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងប្រជាពលរដ្ឋពីកណ្តាប់ដៃព្រានព្រៃ។

បើតាមឯកឧត្តមរដ្ឋលេខាធិការ សត្វកែះគឺជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

មន្រី្តនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថាបច្ចុប្បន្នសត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក និងការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ។

លោក នេត្រ ភក្ត្រា បានអំពាវនាវដល់សាធារណជន បញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរបាញ់ និងលក់ដូរសាច់សត្វព្រៃ។

លោកបានអំពាវនាវដូច្នេះថា៖ «សូមកុំជឿថា សំណាកសត្វ ឆ្អឹង សាច់ឬឈាមសត្វព្រៃជួយបំប៉នសុខភាព ឬព្យាបាលជំងឺឱ្យសោះ តែផ្ទុយទៅវិញនាំឱ្យអន្តរាយដល់សុខភាព និងធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតព្រោះសាច់ ឈាម សំណាកសត្វព្រៃពោរពេញដោយមេរោគ។ សូមនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការដាក់អន្ទក់ និងបរបាញ់សត្វ ការជយញដូរសត្វព្រៃខុសច្បាប់»។

លោកបន្តថា សត្វព្រៃមានតម្លៃជាសកលសម្រាប់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។ សត្វព្រៃក៏ជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរតាមរយៈទេសចរណ៍ធម្មជាតិដែលជាមាសបៃតងរបស់កម្ពុជា។ ថែរក្សាព្រៃឈើ សត្វព្រៃ នោះគឺជាមូលដ្ឋាន យ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានរួមនឹងដៃគូបាននឹងកំពុងជំរុញលើការបង្កើតមុខរបរ ការងារ បង្កើនប្រាក់ចំណូលជូនពលរដ្ឋសហគមន៍ដែលជាមូលដកឋានគ្រឹះយ៉ាងសំខាន់កាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោកនិយាយថា៖ «កម្ពុជាក៏បានឈានជើងដល់របត់ថ្មីដែលអាចរកប្រាក់ចំណូលពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ហេតុដូច្នេះបានជា ការចូលរួមថែរក្សាព្រៃឈើ សត្វព្រៃថ្ងៃនេះគឺសម្រាប់អនាគតដ៏រុងរឿង»