Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានប្រមាណជិត១៩០លានដុល្លារអាមេរិកនៅ១០ខែឆ្នាំនេះ

Admin Alynana | Nov 23, 2022
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានប្រមាណជិត១៩០លានដុល្លារអាមេរិកនៅ១០ខែឆ្នាំនេះ
Clinic narith

(ភ្នំពេញ)៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ប្រមាណជិត ៦៦០លានដុល្លារអាមេរិក មានការកើនឡើងជាង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េខាងត្បូង សម្រេចបានប្រមាណជិត១៩០លានដុល្លារអាមេរិក កើនឡើងជាង ២០% ខណៈការនាំចូលពីទីផ្សារកូរ៉េខាងត្បូងមកវិញ មានទំហំទឹកប្រាក់ជាង ៤៦០លានដុល្លារអាមេរិក ថយចុះជិត ៣%។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច​អះអាងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង បច្ចុប្បន្ន​មានភាពល្អប្រសើរកើនឡើងជាបន្តបន្ទាប់ ខណៈនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េចូលជាធរមាននោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានការកើនឡើងទ្វេដងផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានអះអាងថា ទីផ្សារប្រទេសកូរ៉េខាងត្បូង គឺជាទីផ្សារធំមួយរបស់កម្ពុជាក្នុងការធ្វើកិច្ចពាណិជ្ជកម្មទ្វេភាគី ហើយទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េ នាពេលបច្ចុប្បន្ន គឺមានកំណើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។ លោក បន្ថែមថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកាន់តែមានការរីកចម្រើនថែមទៀត ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​​រវាង​ប្រទេស​ទាំង​២ ចូល​ជា​ធរមាន​ ដោយកម្ពុជានឹងខិតខំសម្រិតសម្រាំងផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសផលិតផលកសិផលតែម្តងដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ។ ជាពិសេស តាមរយៈកិច្ចព្រមព្រៀងនេះដែរ កម្ពុជាក៏អាចទាក់ទាញវិនិយោគិនកូរ៉េ មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមលើវិស័យអទិភាពមួយចំនួន ដែលមានតម្រូវការខ្ពស់នៅប្រទេសកូរ៉េ ដើម្បីផលិត និងនាំចេញទៅទីផ្សារប្រទេសកូរ៉េតែម្តងផងដែរ។

មិនខុសគ្នានោះទេ បើតាមឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងដោះដូរពាណិជ្ជកម្មរទ្វេភាគីវាងកម្ពុជា និងកូរ៉េខាងត្បូង គឺហាក់មានភាពល្អប្រសើរមកជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ ចូលជាធរមានទៀតនោះ ឧកញ៉ា លឹម ហេង រំពឹងថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងទ្វេដង ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល​បានធ្វើកំណែទម្រង់ល្អប្រសើរជាច្រើន​សម្រាប់​បរិយាកាសធុរកិច្ច និងការវិនិយោគ​នៅកម្ពុជា។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជិត១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕