Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកធ្វើដំណើរតាមផ្លូវអាកាស កើនឡើងជាង៧៥០%​ ខណៈជើងហោះហើរមាន ជាង២ម៉ឺនជើង កើនជាង១៥០%

Admin Alynana | Nov 23, 2022
អ្នកធ្វើដំណើរតាមផ្លូវអាកាស កើនឡើងជាង៧៥០%​ ខណៈជើងហោះហើរមាន ជាង២ម៉ឺនជើង កើនជាង១៥០%
Clinic narith

(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២២ មានចំនួន១.៧លាននាក់ គឺមានការកើនឡើងជាង៧០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ រយៈពេល១០ខែដូចគ្នា មានចំនួនត្រឹមតែជាង១៩០ពាន់នាក់។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា រីឯចំនួនជើងហោះហើរ ក្នុងរយៈពេល១០ខែ ដូចគ្នាគិតត្រឹមបំណាច់ខែតុលា ឆ្នាំ ២០២២ មានចំនួនជាង២ម៉ឺនជើង គឺមានការកើនឡើងជាង១៥០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ រយៈពេល១០ខែដូចគ្នា។ ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បើធៀបនឹងរយៈពេល១០ខែដូចគ្នា ទៅនឹងឆ្នាំ២០២១ គឺមានការថយចុះប្រមាណជាង១៨ភាគរយ ដោយសារមូលហេតុផ្សេងៗ។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងផងដែរថា ការព្យាករណ៍ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា មានការកើនឡើងកាន់តែប្រសើរឡើងពីមួយខែ ទៅមួយខែ ហើយនឹងអាចត្រឡប់ មកដូចដើមដូចនៅឆ្នាំ២០១៩ មុនកូវីដ១៩ នៅចុង ឆ្នាំ២០២៣ ឬនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បើសិនជាគ្មាននូវបញ្ហាសកលអ្វីៗ ដែលបានកើតឡើងទេនោះ។

បន្ថែមពីនោះទៀត លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ គិតត្រឹមខែតុលានេះ ពិនិត្យឃើញថា មានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញ ចំនួន២៧ ក្រុមហ៊ុន ក្នុងនោះឃើញថា មានការបន្ថែមជើងហោះហើរ ជាបណ្តើរៗ របស់ក្រុមហ៊ុនទាំងនោះ ហើយក៏មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ៕