Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការលក់អាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះបានកើនឡើងដល់ ១៧ ពាន់លានដុល្លារ កើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំធៀបនឹងឆ្នាំមុន

Admin Alynana | Nov 23, 2022
ការលក់អាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះបានកើនឡើងដល់ ១៧ ពាន់លានដុល្លារ កើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំធៀបនឹងឆ្នាំមុន
Clinic narith

ការលក់អាវុធរបស់កូរ៉េខាងត្បូងក្នុងឆ្នាំនេះបានកើនឡើងដល់ ១៧ ពាន់លានដុល្លារ កើនឡើងទ្វេដងនៃកំណត់ត្រាពេញមួយឆ្នាំធៀបនឹងឆ្នាំមុន ហើយអ្នកអង្កេតការរំពឹងថា កំណើនឧស្សាហកម្មយោធានឹងនៅតែបន្តសន្ទុះកាន់តែខ្លាំងថែមទៀត ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកាសែត South China Morning។

ក្តីសុបិនរបស់ទីក្រុងសេអ៊ូល ដើម្បីក្លាយទៅជាប្រទេសនាំចេញអាវុធលំដាប់ទី៤ក្នុងពិភពលោក ដោយត្រូវតែវ៉ាឱ្យទាន់ប្រទេសចិនបានក្លាយជាការពិតហើយ។ ទោះបីជាបែបនេះក្តី​ អ្នកវិភាគមើលឃើញថា ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ​ទំនងជាមិនអាចទៅរួចទេ ក៏ព្រោះតែគោលដៅទីផ្សាររបស់ពួកគេមានមូលដ្ឋានខុសគ្នាឆ្ងាយដាច់។

កម្លាំងរុញច្រានដ៏សំខាន់នៅពីក្រោយកំណើនយ៉ាងឆាប់រហ័សនៃការលក់អាវុធរបស់ប្រទេសកូរ៉េខាងត្បូង គឺការនាំចេញទៅកាន់​ប្រទេសប៉ូឡូញ ដែលក្នុងឆ្នាំ២០២១មានទំហំទឹកប្រាក់​ ៧,៥ ពាន់លានដុល្លារ។ ប៉ូឡូញដែលគេដឹងថា ជាសមាជិកអង្គការណាតូ និងជាប្រទេសក្បែរខាងរបស់អ៊ុយក្រែនបានទិញសព្វាវុធយោធាពីកូរ៉េខាងត្បូងជាង​១០ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៅឆ្នាំនេះ។

នៅមុនពេលចុះហត្ថលេខាលើកិច្ចសន្យា​តម្លៃជាង ៣ ពាន់លានដុល្លារ​ជាមួយក្រុមហ៊ុន​អវកាស Hanwha របស់កូរ៉េខាងត្បូងកាលពីខែមុន​ក្នុងការទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ Chunmoo រាប់រយគ្រឿង រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារ៉ីស ប្ល៉ាសស្កាក (Mariusz Blaszczak) បានសរសើរប្រព័ន្ធរ៉ុក្កែតឆុនមូនេះថា មានលក្ខណៈស្រដៀងនឹងប្រព័ន្ធរ៉ុក្កែត HIMARS របស់សហរដ្ឋអាមេរិក ដែលប៉ូឡូញបានបញ្ជាទិញពីមុនដែរ។ ទីក្រុងវ៉ាសូវីក៏បានប្រកាស​រួចហើយថា​ ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិ​ជាង១២ពាន់លានដុល្លារ​ក្នុងឆ្នាំ២០២២នេះ និងបែកចែកប្រហែល​៣%នៃផលិតផលក្នុងស្រុកដើម្បីបង្កើនកញ្ចប់ថវិកាការពារជាតិឱ្យដល់២១ពាន់លាន​ដុល្លារនៅឆ្នាំ២០២៣។

ដូចនេះ កូរ៉េ​ខាងត្បូងអាច​ចាប់​យក​ឱកាស​មួយនេះ ដើម្បីផ្គត់ផ្គង់តម្រូវការជាបន្ទាន់របស់ប៉ូឡូញ​ក្រោយពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។​ បើតាមលោក គីម មីជុង (Kim Mi-jung) អ្នកស្រាវជ្រាវផ្នែកវិស័យឧស្សាហកម្មការពារជាតិ​វិទ្យាស្ថានកូរ៉េសម្រាប់សេដ្ឋកិច្ចឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា «ការលក់សព្វាវុធ​ចុងក្រោយរបស់កូរ៉េខាងត្បូង​សម្រាប់ឆ្នាំ ២០២២ អាចនឹង​ខ្ពស់​ជាងការរំពឹងទុក ដោយសារតែ​កិច្ចព្រមព្រៀង​អាចនឹងត្រូវ​បានចុះហត្ថលេខា​ជាមួយម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត​នៅក្នុងខែខាងមុខនេះ។ ហើយនិន្នាការនៃ​ការកើនឡើង​នៃការលក់សព្វាវុធ​របស់ទីក្រុងសេអ៊ូល​នឹងបន្ត​នៅរយៈពេល៣-៤ឆ្នាំខាងមុខទៀត គឺដោយសារតែ​សង្រ្គាមអ៊ុយក្រែន​នៅតែអូសបន្លាយ ហើយតម្រូវការអាវុធនឹងកើនឡើង​ដូចគ្នា​នៅអឺរ៉ុបទាំងមូល»។

មែនទែនទៅ ការពង្រីកការនាំចេញសព្វាវុធ​របស់កូរ៉េ​ខាងត្បូង គឺជាកិច្ចការនៃគោលនយោបាយដ៏សំខាន់មួយក្នុងចំណោម ១១០គោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោក Yoon Suk-yeol ដើម្បីប្រែក្លាយប្រទេស​ឱ្យមានសក្តានុពល និងរួមចំណែកក្នុងការទិញដូរសព្វាវុធទូទាំងពិភពលោក។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម ​​(SIPRI) បានឱ្យដឹងថា ប្រទេសនាំចេញអាវុធធំៗទាំងបួននៅចម្លោះ ២០១៧ ដល់ឆ្នាំ ២០២១ គិតជាភាគរយនៃសព្វាវុធសាកលលោកគឺមានសហរដ្ឋអាមេរិក ៣៩% បារាំង១៩% រុស្ស៊ី១១% និងចិន៤,៦% កូរ៉េខាងត្បូងមាន ២,៨% ពោលគឺកូរ៉េខាងត្បូងឈរលំដាប់លេខរៀងទី៥។ ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងសេអ៊ូលកំពុងនាំមុខប្រទេសចិនវិញ ដែលស្ថិតក្នុងលំដាប់កំពូលទាំងបួន។

បើតាមទិន្នន័យរបស់វិទ្យាស្ថានស្តុកហូម ក្នុងឆ្នាំ ២០២១ ជិត ៧០% នៃការនាំចេញអាវុធសរុបរបស់ប្រទេសចិន គឺទៅកាន់ប្រទេសប៉ាគីស្ថាន ខណៈដែលប្រទេសនីហ្សេរីយ៉ាជាប់ចំណាត់ថ្នាក់លេខ២។ ប៉ុន្តែគ្មានប្រទេសអឺរ៉ុបណាទិញ​អាវុធពី​ប្រទេសចិននោះទេ៕