ក្រុមអ្នកវិភាគនៅក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ថៃ PTT Plc បាននិយាយថា តម្លៃប្រេងឆៅសកលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះមកនៅត្រឹមចន្លោះពី ៨៥ ដុល្លារទៅ ៩៥ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែលនៅឆ្នាំក្រោយនេះ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានទំនោរទៅរកការថមថយចុះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
ក្រុមអ្នកវិភាគបាននិយាយថា ការប៉ាន់ប្រមាណតម្លៃនេះត្រូវបានធ្វើឡើងដោយផ្អែកតាមតម្លៃគោលនៅទីក្រុងឌូបៃ ហើយតម្លៃនេះគឺនៅតែខ្ពស់នៅឡើយបើធៀបនឹងតម្លៃជាមធ្យម ៩៩ ដុល្លារក្នុងឆ្នាំនេះ និងចន្លោះពី ៦០-៧០ដុល្លារកាលពីពេលមុន។
ការប៉ាន់ប្រមាណនេះ បានធ្វើឡើងនៅពេលដែលធនាគារពិភពលោកបានព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ បន្ទាប់ពីធនាគារកណ្តាលនានាបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងអតិផរណាដែលចេះតែកើនឡើង។
លោកស្រី នីទីផាត សេងដៅចៃ (Nitipat Saengdaochai) អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន PTT Prism ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ PTT Group បាននិយាយថា ការផ្គត់ផ្គង់ប្រេងនឹងលើសពីតម្រូវការនៅឆ្នាំក្រោយនេះ ប៉ុន្តែតម្លៃប្រេងពិភពលោកនៅតែមានការប្រែប្រួល ដែលអាចឡើងបានគ្រប់ពេលវេលាប្រសិនបើការផ្គត់ផ្គង់ត្រូវបានរំខានម្តងទៀតដោយប្រការណាមួយនោះ។
នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃប្រេងពិភពលោកបានកើនឡើងលើស ១០០ ដុល្លារក្នុងមួយធុងបារ៉ែលបន្ទាប់ពីមានការព្រួយបារម្ភពីការរំខានការផ្គត់ផ្គង់ប្រេងបណ្ដាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ស៊ីរ៉ាវីស សំរ៉ាតតាណាគុល (Sirawish Somrattanakul) អ្នកវិភាគនៅក្រុមហ៊ុន PTT Prism បាននិយាយថា ទីផ្សារប្រេងហាក់ដូចជាមានប្រតិកម្មខ្លាំងពេកចំពោះសង្រ្គាមនេះ។
លោកបាននិយាយថា ដំបូងឡើយទីផ្សារនេះជឿថា ជម្លោះនេះនឹងនាំឱ្យមានការបាត់បង់ការផ្គត់ផ្គង់ប្រេងពី ៣ ទៅ ៤ លានបារ៉ែលក្នុងមួយថ្ងៃ (MBD) ឬប្រហែល ៤% នៃការផ្គត់ផ្គង់ប្រេងពិភពលោកពីប្រទេសរុស្ស៊ី។ ប្រការនេះបានធ្វើឲ្យប្រទេសជាសមាជិកOPEC និងមិនមែនOPEC ព្រមទាំងឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្ររបស់អាមេរិកបង្កើនការផ្គត់ផ្គង់ប្រហែល ៥លាន៤សែនធុងបារ៉ែលក្នុងមួយថ្ងៃ។
ប្រទេសរុស្ស៊ីដែលជាអ្នកនាំចេញប្រេងធំបំផុតទី២បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតនោះមិនបានកាត់បន្ថយការនាំចេញប្រេងនោះទេ ប៉ុន្ដែ ដោយសារប្រឈមមុខនឹងទណ្ឌកម្មលើការនាំចេញប្រេងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនោះ ប្រទេសរុស្ស៊ីបាននាំចេញប្រេងកាន់តែច្រើនទៅឥណ្ឌា និងចិន។
ប្រការនេះបានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះ បើទោះជាវានៅតែមានតម្លៃខ្ពស់ក៏ដោយដោយបច្ចុប្បន្ននេះ វាមានតម្លៃប្រហែល ៩០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយវានៅតែថ្លៃនេះ គឺមួយផ្នែកដោយសារការចំណាយច្រើនសម្រាប់ការដឹកជញ្ជូនទៅប្រទេសឥណ្ឌា និងចិន។
ក្រុមអ្នកវិភាគកំពុងតាមដានប្រតិកម្មនៅពេលសហភាពអឺរ៉ុបហាមប្រាមការនាំចូលប្រេងឆៅពី រុស្សីចាប់ពីថ្ងៃទី៥ ខែធ្នូខាងមុខនេះ និងហាមប្រាមការនាំចូលផលិតផលប្រេងចម្រាញ់ហើយរបស់រុស្ស៊ីចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក នីទីផាង បាននិយាយថា គេរំពឹងថា តម្រូវការប្រេងនឹងកើនឡើង ១,៨% នៅឆ្នាំក្រោយបើធៀបនឹងកំណើន ២,២% នៅឆ្នាំនេះ។ ការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ផលិតផលក្នុងស្រុកសរុបពិភពលោកនឹងកើនឡើងត្រឹមតែ ២,៧% នៅឆ្នាំ២០២២ និងបន្ដកំណើន ៣,៤%នៅឆ្នាំ២០២៣៕