ឧស្សាហកម្មសព្វាវុធរបស់ប្រទេសនៅអឺរ៉ុបខាងកើតកំពុងត្រូវប៉ាន់ និងបង្កើនផលិតកម្មកាំភ្លើង កាំភ្លើងធំ និងការផ្គត់ផ្គង់សម្ភារៈយោធាផ្សេងទៀតក្នុងល្បឿនមួយដែលមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ ឧស្សាហកម្មផលិតសព្វាវុធកំពុងកើនឡើងខ្លាំងនេះ គឺស្របពេលដែលរដ្ឋាភិបាលនៃបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងអាមេរិកកំពុងខិតខំជួយផ្គត់ផ្គង់ជំនួយយោធា និងលុយកាក់ ដល់អ៊ុយក្រែនយ៉ាងសស្រាក់សស្រាំ ដើម្បីបន្ដប្រយុទ្ធទប់ទល់នឹងការឈ្លាពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
បើយោងតាមតាមទិន្នន័យរបស់វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel បានបង្ហាញថា សហរដ្ឋអាមេរិក និងអង់គ្លេសបានប្តេជ្ញាផ្តល់ជំនួយផ្នែកយោធាដោយផ្ទាល់ធំជាងគេបំផុតដល់អ៊ុយក្រែននៅចន្លោះថ្ងៃទី ២៤ ខែមករា ដល់ថ្ងៃទី ៣ ខែតុលាឆ្នាំនេះ បន្ទាប់មកគឺប្រទេសប៉ូឡូញស្ថិតនៅលំដាប់ទី៣ និងសាធារណរដ្ឋឆេកឈរលេខរៀងទី៩។
គេមិនអាចប្រកែកបានឡើយថា អតីតរដ្ឋខ្លះនៃសមាជិកនៃកតិកាសញ្ញាវ៉ាសូវីនៅតែមានការព្រួយបារម្ភពីកាគំរាមកំហែងពីសំណាក់បងធំរបស់ខ្លួនសម័យសហភាពសូវៀត ដែលបច្ចុប្បន្នគឺប្រទេសរុស្ស៊ី ដូច្នេះហើយការជួយអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខក្នុងតំបន់។ ប៉ុន្តែបើតាមមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុន រួមទាំងអ្នកវិភាគជិតរាប់សិបនាក់ ដែលបាននិយាយជាមួយទីភ្នាក់ងារ រ៉យទ័រ បានឱ្យដឹងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏បានបង្ហាញពីឱកាសថ្មីសម្រាប់ឧស្សាហកម្មសព្វាវុធនៅក្នុងតំបន់នេះដែរ។
លោក សេបាស្ទាន ខ្វាលេក (Sebastian Chwalek) នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្សាហកម្មអាវុធ (PGZ) របស់ប្រទេសប៉ូឡូញ បាននិយាយថា «ដោយគិតគូរពីការពិតនៃសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន និងអាកប្បកិរិយាដែលអាចដឹងយ៉ាងច្បាស់របស់ប្រទេសជាច្រើនក្នុងគោលបំណងបង្កើនការចំណាយក្នុងវិស័យយោធា នោះវាជាឪកាសពិតដ៏ប្រាកដក្នុងការចូលទៅក្នុងទីផ្សារថ្មី និងបង្កើនប្រាក់ចំណូលនាំចេញរបស់ក្រុមហ៊ុនផលិតអាវុធនៅក្នុងឆ្នាំខាងមុខនេះ»។
ក្រុមហ៊ុនឧស្សាហកម្មអាវុធ (PGZ) គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសប៉ូឡូញនេះ ក៏មានការគ្រប់គ្រងក្រុមហ៊ុនជាង ៥០ ផ្សេងទៀតដែលផលិតអាវុធ និងគ្រាប់រំសេវ សព្វាវុធដឹកជញ្ជូនរថពាសដែក រហូតដល់ប្រព័ន្ធការពារដែនអាកាសដោយមិចាំបាច់ប្រើមនុស្សជាដើម។
លោក ខ្វាលេក នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្សាហកម្មអាវុធ បានបន្ថែមទៀតថា ឥឡូវនេះក្រុមហ៊ុនលោកគ្រោងនឹងវិនិយោគរហូតដល់ជិត ២ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ឬច្រើនជាងនេះក៏ថាបាន ដោយវានឹងរួមបញ្ចូលទាំងកន្លែងផលិតអាវុធថ្មីៗបន្ថែមទៀត ដែលនឹងមានទីតាំងនៅឆ្ងាយពីព្រំដែនជាមួយប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។
មែនទែនទៅ ក្រុមហ៊ុនផលិតសព្វាវុធរបស់ប៉ូឡូញនេះគូសបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ និងកាំភ្លើងត្បាល់ កាំភ្លើងយន្ត អាវការពារគ្រាប់កាំភ្លើង អាវុធធុនតូច ព្រមទាំងគ្រាប់រំសេវដល់អ៊ុយក្រែន ដែលការផ្គត់ផ្គងទាំងនេះ គឺនឹងផ្ដល់ប្រាក់ចំណូលលើសពីគោលដៅចំណូលនៅមុនសង្គ្រាមឆ្នាំ២០២២ នេះរហូតដល់ទៅជាង១ពាន់លានដុល្លារបន្ថែមទៀត។
លោក គ្រីស្តូភ ត្រេបេសឆ៍ (Christoph Trebesch) សាស្ត្រាចារ្យនៅវិទ្យាស្ថាន Kiel បាននិយាយថា «បណ្តាប្រទេសនៅអឺរ៉ុបខាងកើតគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំង» ហើយនៅក្នុងពេលជាមួយគ្នានេះ វាជាឱកាសសម្រាប់ពួកគេក្នុងការបង្កើនលផលិតកម្មយោធារបស់ខ្លួនផងដែរ»។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋឆេក លោក ថូម៉ាស កូភេនី (Tomas Kopecny) បានប្រាប់រ៉យទ័រថា អ៊ុយក្រែនបានទទួលគ្រឿងសព្វាវុធ និងបរិក្ខារយោធាចំនួនជាង ២ពាន់លានដុល្លារពីក្រុមហ៊ុនឧស្សាហកម្មអាវុធរបស់ប្រទេសខ្លួន ដែលប្រហែល ៩៥% ជាការចែកចាយបែបពាណិជ្ជកម្ម។ លោកបានបន្តថា ការនាំចេញអាវុធរបស់សាធារណរដ្ឋឆេកនៅឆ្នាំនេះ នឹងមានកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ បានបន្ថែមផលិតកម្ម និងសមត្ថភាពរបស់ខ្លួន៕