Alynana Media Cambodia
Icon Collap
clinic narit

តើកត្តាអ្វីខ្លះជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា?

Admin Alynana | Nov 28, 2022
តើកត្តាអ្វីខ្លះជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា?
Clinic narith

(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជានៅមួយទសវត្សរ៍ចុងក្រោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយការរក្សាកំណើនក្នុងរង្វង់៧%ក្នុងមួយឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើពិពិធកម្មលើវិស័យគាំទ្រមួយចំនួន។ ទោះយ៉ាងនេះក្តី បើតាមសេដ្ឋវិទូសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាបន្តទាមទារឲ្យមានការធ្វើពិពិធកម្មបន្ថែមទៀត ដើម្បីបង្កើតមូលដ្ឋានសេដ្ឋកិច្ចឲ្យកាន់តែរឺងមាំ ក៏ដូចប្រជាប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

ទោះយ៉ាងណាសេដ្ឋវិទូអះអាងថា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដែលជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច។ ការណ៍នេះ ទាមទារឲ្យកម្ពុជាត្រូវធ្វើការកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមឲ្យបានឆាប់ ដើម្បីពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្ម និងការប្រកួតប្រជែងក្នុងតំបន់។

ក្នុងអំឡុងធ្វើជាវាគ្មិនក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩របស់ធនាគារជាតិនៃកម្ពុជាលោក ស៊ាន មនោរិទ្ធ សេដ្ឋវិទូសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញបញ្ហាប្រឈមមួយចំនួន ដែលជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏ដូចជាទាក់ទាញការវិនិយោគរបស់កម្ពុជា។ បញ្ហាប្រឈមទាំងនោះរួមមានតម្លៃអគ្គិសនី និងការដឹកជញ្ចូនមានតម្លៃខ្ពស់ កង្វះកម្លាំងពលកម្មជំនាញ កង្វះឧស្សាហកម្មប្រតិគមន៍ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បើតាមការសិក្សាស្រាវជ្រាវរបស់សេដ្ឋវិទូរូបនេះ តម្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូននៅកម្ពុជានៅតែស្ថិតក្នុងកម្រិតខ្ពស់ បើធៀបនឹងប្រទេសក្នុងតំបន់ គឺដោយសារកម្ពុជាជាប្រទេសនាំចូលអគ្គិសនី និងប្រេងឥន្ធនៈ ដែលកត្តានេះបានធ្វើឲ្យកម្ពុជាបាត់បង់នូវភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។

ពាក់ព័ន្ធកង្វះកម្លាំងពលកម្មជំនាញ សេដ្ឋវិទូរូបនេះអះអាងថា បើតាមការសិក្សារបស់អង្គការយូណេស្កូក្នុងឆ្នាំ២០២០ ក្នុងចំណោមកម្លាំងពលកម្មសរុបមានកម្លាំងពលកម្មប្រមាណ៨,៥%ប៉ុណ្ណោះបានបញ្ចប់មធ្យមសិក្សា និងមានប្រមាណ១,៥%ប៉ុណ្ណោះបានបញ្ចប់ថ្នាក់ឧត្តមសិក្សា ដែលជាកម្រិតមួយទាបមែនទែនបើធៀបនឹងប្រទេសក្នុងតំបន់។ ហើយបើតាមការសិក្សារបស់ធនាគារពិភពលោកបញ្ហាបង្វះកម្លាំងពលកម្មជំនាញបានក្លាយជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុន សហគ្រាស ដែលផលិតផលិតសម្រាប់នាំចេញ ដ្បិតវាបានធ្វើឲ្យការផលិតមានភាពយឺតយ៉ាវ និងមិនអាចផលិតផលិតផលតាមការចង់បានអតិថិជនជាដើម។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីវិស័យកម្មន្តសាលនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់យ៉ាងណាក្តី តែកម្ពុជាហាក់នៅខ្វះឧស្សាហកម្មប្រតិគមន៍ (backward linkage) ដែលជាឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់វត្ថុធាតុដើមទៅនឹងឧស្សាហកម្មដែលបម្រើឲ្យការនាំចេញ។ ជាក់ស្តែងបើតាមការសិក្សារបស់ធនាគារពិភពលោក ក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការនៅកម្ពុជាបានប្រើប្រាស់វត្ថុធាតុនាំចូលប្រមាណជិត៩២% ដើម្បីបម្រើឲ្យអាជីវកម្មរបស់ពួកគេ។ លោក មនោរិទ្ធ បានគូសបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឲ្យក្រុមហ៊ុនបរទេសទាំងនេះនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស គឺដោយសារវត្ថុធាតុដើមទាំងនោះពុំមានផលិតនៅកម្ពុជា និងក្រុមហ៊ុនមិនចំណាយពេលយូរក្នុងការស្វែងរកវត្ថុធាតុដើមក្នុងស្រុក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុកពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផលិតផលិតឲ្យស្របតាមស្តង់ដារជាដើម។

សេដ្ឋវិទូរូបនេះកក់សម្គាល់ឃើញផងដែររថា បើទោះបីនៅប៉ុន្មានឆ្នាំចុងក្រោយកម្ពុជាបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលខ្លាំងយ៉ាងណាក្តី តែការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជានៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។ បើតាមការលើកឡើងរបស់លោក មនោរិទ្ធ នៅកម្ពុជាមានក្រុមហ៊ុន សហគ្រាសប្រមាណ១,៣% ប៉ុណ្ណោះបានប្រើប្រាស់ប្រព័ន្ធឌីជីថល ខណៈជាង៩០%ផ្សេងទៀតពុំបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលពេញលេញនៅឡើយទេ។ កត្តាដែលបន្ទច់បង្អាក់ដល់ក្រុមហ៊ុនទាំងនេះក្នុងការចាប់យកប្រព័ន្ធឌីជីថល គឺដោយសារថ្លៃដើមខ្ពស់ កង្វះជំនាញ និងការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន។

ទន្ទឹមនឹងជំរុញឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗបន្ថែមទៀត សេដ្ឋវិទូ ស៊ាន មនោរិទ្ធ បន្តជំរុញឲ្យរាជរដ្ឋាភិបាលបង្កើនការរយកចិត្តទុកដាក់អភិវឌ្ឍន៍ និងធ្វើទំនើបកម្មលើវិស័យសក្តានុពលដែលមានស្រាប់ ដែលជាជន្ទល់នៃសេដ្ឋកិច្ចកម្ពុជា៕