កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បន្ទាប់លោកស្រីបានចាញ់ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រី សៃ អ៊ីងវេន បានលើកឡើងថា ពិភពលោកកំពុងមើលពីរបៀបដែលតៃវ៉ាន់ការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាជាមួយចិន ដែលចិនអះអាងថាដែនកោះមួយនេះជាទឹកដីរបស់ខ្លួន។
គណបក្សប្រឆាំងដ៏ធំ គឺគណបក្សគួមីងតាង (Kuomintang) ឬ KMT ទទួលបាន១៣អាសនៈ ក្នុងចំណោម២១អាសនៈ នៃតំណែងជាចៅហ្វាយក្រុង និងចៅហ្វាយស្រុក រួមទាំងរដ្ឋធានីតៃប៉ិ បើប្រៀបធៀបទៅនឹងគណបក្សគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលទទួលបានតែ៥អាសនៈ។
លោកស្រី សៃ អ៊ីងវេន បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅឯទីស្នាក់ការកណ្ដាលគណបក្សថា៖ «លទ្ធផលបានបរាជ័យផ្ទុយពីការរំពឹងទុករបស់យើង។ យើងទទួលយកលទ្ធផលនេះ ដោយបន្ទាបខ្លួន និងទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។
ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន ហើយការបោះឆ្នោតនេះផ្ដោតសំខាន់លើបញ្ហានៅក្នុងស្រុក ដូចជា ជំងឺកូវីដ-១៩ និងឧក្រិដ្ឋកម្ម។
ប្រភពសារព័ត៌មានដដែលបន្តថា ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់នេះទៀតសោត កើតមានឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីសមាជបក្សកុម្មុយនីស្ដចិន លើកទី២០ ដែលលោក ស៊ី ជីនពីង ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងប្រធានាធិបតិចិនសម្រាប់អាណត្តិទី៣។
គួរបញ្ជាក់ថា ចាប់តាំងពីលោកស្រី សៃ អ៊ីងវេន ឡើងកាន់អំណាចមក ចិនបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបានបង្កើនសមយុទ្ធយោធារបស់ខ្លួនជាបន្តបន្ទាប់។ ភាពតានតឹងរវាងតៃវ៉ាន់ និងចិន កាន់តែខ្លាំងឡើងកាលពីខែសីហា នៅពេលប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានទៅធ្វើទស្សនកិច្ចនៅដែនកោះមួយនេះ៕