![តើការដោះស្រាយបញ្ហាអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុដំណើរការដល់ណាហើយ?](https://www.alynana.com/storage/untitled-1-128.jpg)
(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដែលមានសមាជិកចម្រុះមកពីស្ថាប័នរដ្ឋ និងឯកជនកំពុងសិក្សា និងរៀបចំយន្តការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ។ ជាក់ស្តែង កាលពីពេលថ្មីៗ គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាជាមួយម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅពីឫសគល់នៃបញ្ហា ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំយន្តការក្នុងការដោះស្រាយ។
បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ កត្តាដែលធ្វើឲ្យការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនៅតែគ្មានច្រកចេញ គឺដោយសារម្ចាស់ទីតាំងភាគច្រើនជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នៅមានការខ្វែងគំនិតគ្នាលើចំណុចមួយចំនួន។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមកទល់ពេលនេះមិនទាន់រកឃើញច្រកចេញ ១០០%នៅឡើយទេ ពោលគឺការដោះស្រាយកំពុងស្ថិតក្នុងដំណើរការនៅឡើយ។ ជាក់ស្តែង កាលពីពេលថ្មីៗគណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយបញ្ហានេះបានបើកកិច្ចប្រជុំមួយ ដែលមានការចូលរួមពីម្ចាស់គម្រោង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំផែនការ និងយន្តការសម្រាប់ដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ រាជរដ្ឋាភិបាលគ្រោងដាក់ចេញយន្តការលើកទឹកចិត្តផ្នែកពន្ធដារ និងមិនពន្ធដារក្នុងការដោះស្រាយបញ្ហាអគារជាប់គាំងទាំងនេះ។ ឯកឧត្តមរំពឹងថា បញ្ហាអគារជាប់គាំងនៅខេត្តជាប់មាត់សមុទ្រមួយនេះ នឹងត្រូវបានដោះសា្រយ ក្រោយរាជរដ្ឋាភិបាលដាក់ចេញនូវយន្តការលើកទឹកចិត្តរួច។
ជាមួយគ្នានេះឯកឧត្តម ឡុង ឌីម៉ង់ បានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឲ្យការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនៅតែគ្មានច្រកចេញគឺដោយសារភាគីម្ចាស់ទីតាំងនិងក្រុមហ៊ុនអភិវឌ្ឍន៍បរទេសភាគច្រើននៅមានការខ្វះគំនិតគ្នាលើចំណុចមួយចំនួន និងខ្វះការសម្បទានឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តមយល់ថា ការខ្វះការយោគយល់គ្នានេះអាចបណ្តាលមកពីម្ចាស់ទីតាំងភាគច្រើនមិនទាន់យល់ច្បាស់ពីបញ្ហាវិបត្តិសេដ្ឋកិច្ច និងស្ថានភាពវិនិយោគសកលនាពេលបច្ចុប្បន្ន ដែលកំពុងមានការគំរាមកំហែង។
បើតាមឯកឧត្តម ឡុង ឌីម៉ង់ បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាង១ពាន់កន្លែងត្រូវបានជាប់គាំងការសាងសង់ បន្ទាប់ពីអ្នកជួល ដែលភាគច្រើនជាជនចិនបានបោះបង់ការអភិវឌ្ឍ ក្រោយរាជរដ្ឋាភិបាលរឹតបន្តឹងល្បែងអនឡាញ គួបផ្សំពួកគេជួបបញ្ហាហិរញ្ញវត្ថុដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ អគារជាប់គាំងទាំងនេះកំពុងជះឥទ្ធិពលអវិជ្ជមានទាំងលើរូបភាពជាក់ស្តែងនៃការអភិវឌ្ឍន៍ និងការទាក់ទាញការវិនិយោគថ្មីៗមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ។ ជាពិសេស វាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការមេរបស់រាជរដ្ឋាភិបាល ដែលគ្រោងអភិវឌ្ឍន៍ខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលអនាគតផងដែរ៕