ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករដែលប្រមូផលនៅឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ចេញទុនកម្ចីជាបន្ដបន្ទាប់សម្រាប់រោងម៉ាស៊ីនក្នុងការប្រមូលទិញស្រូវ ដោយគិតមកទល់ពេលនេះ ថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិកហើយ ដែលត្រូវបានបញ្ចេញសម្រាប់ការប្រមូលទិញស្រូវពីប្រជាកសិករ ខណៈរដូវប្រមូលផលស្រូវវស្សាឆ្នាំនេះ ពោលចាប់ពីពាក់កណ្ដាល ខែវិច្ឆិកាមក តម្លៃស្រូវបានជួបបញ្ហាធ្លាក់ថ្លៃយ៉ាងខ្លាំងនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ដោយសារតែមានការសម្រុកប្រមូលផលច្រើន។
យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយបញ្ហានេះជូនប្រជាកសិករ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា បានសហការគ្នាក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ក្នុងតម្លៃមួយសមរម្យ។
រោងម៉ាស៊ីនកិនស្រូវ ជាសហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅតែបន្តសកម្មភាពរបស់ខ្លួន ក្នុងសកម្មភាពប្រមូលទិញស្រូវពីប្រជាកសិករនៅតាមបណ្ដាខេត្តនានា ដែលបានជួបប្រទះនូវបញ្ហាប្រឈមស្រូវធ្លាក់ថ្លៃ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីរដូវច្រូតកាត់ក្នុងរដូវវស្សាមក ខាងរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានប្រមូលទិញស្រូវពីប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងសៀមរាប បានចំនួន ៥០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ទៅ១២០លានដុល្លារហើយ។ បើតាមការវាយតម្លៃរបស់ឧកញ៉ា ចាន់ សុឃាំង បរិមាណស្រូវនៅសល់ដែលរោងម៉ាស៊ីនកិនស្រូវមិនទាន់បានប្រមូលទិញពីកសិករ មានប្រមាណពី ២០% ទៅ២៥% ខណៈកសិករបាននិងកំពុងច្រូតកាត់ប្រមូលស្រូវជាបណ្ដើរៗ ផងដែរ។
សូមបញ្ជាក់ថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវ ដែលនាំឲ្យថវិកាប្រើប្រាស់លើការប្រមូលទិញស្រូវសរុបនៅឆ្នាំនេះបានកើនដល់ជាង ១០០លានដុល្លារអាមេរិក ក្រោយពេលដែលទីផ្សារស្រូវកំពុងប្រឈមនឹងការធ្លាក់ថ្លៃ។ យោងតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ បែបនេះ៕