(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃពុធនេះ ខ្លួនបានចល័តយន្តហោះចម្បាំងឆ្លើយតប បន្ទាប់ពីយន្តហោះយោធាចំនួន ២គ្រឿងរបស់ចិន ហើយនិងយន្តហោះយោធាចំនួន៦គ្រឿងរបស់រុស្ស៉ី បានហោះចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណសម្រាប់ការពារអាកាស ឬហៅកាត់ថា ADIZ របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
យោធាកូរ៉េខាងត្បូងបានប្រាប់ថា យន្តហោះយោធាចិនទាំង២គ្រឿង ដែលជាយន្តហោះទម្លាក់គ្រាប់បែក H-6 បានហោះចេញ-ចូលតំបន់ ADIZ នៅភាគខាងត្បូងនិងភាគឦសានប្រទេសកូរ៉េខាងត្បូង បន្តបន្ទាប់គ្នាប៉ុន្មានលើកកាលពីវេលាម៉ោង៥៖៥០នាទីព្រឹក ហើយយន្តហោះទាំងពីរ ក៏បានចូលមកក្នុងតំបន់ ADIZ របស់កូរ៉េខាងត្បូងជាថ្មីទៀត នៅប៉ុន្មានម៉ោងក្រោយមក ខណៈលើកនេះគឺពីខាងសមុទ្រជប៉ុន ឬសមុទ្រខាងកើត និងអមដំណើរដោយក្រុមយន្តហោះយោធារុស្ស៉ី ដែលរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក Tu-95 និងយន្តហោះចម្បាំង Su-35។
គួរបញ្ជាក់ថា បើតាមទីក្រុងសេអ៊ូល ក្រុមយន្តហោះយោធារបស់ចិននិងរុស្ស៉ី ទំនងជាស្ថិតក្នុងការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ប៉ុន្តែយន្តហោះយោធាកូរ៉េខាងត្បូង ដែលរួមមានទាំងយន្តហោះចម្បាំង F-15K ត្រូវបានចល័តឆ្លើយតបដើម្បីត្រៀមក្នុងករណី ដែលស្ថានការណ៍អាសន្នណាមួយកើតមានឡើង។ ក្រុមយន្តហោះយោធាចិននិងរុស្ស៉ី ពុំបានបំពានចូលដែនអាកាសកូរ៉េខាងត្បូងផ្ទាល់នោះឡើយ។
តំបន់ ADIZ លាតសន្ធឹងហួសដែនអាកាសអធិបតេយ្យរបស់ប្រទេសនីមួយៗ ហើយតំបន់នេះ គឺត្រូវបានគូសវាសឡើង សម្រាប់ការស្នើសុំឱ្យយន្តហោះបរទេស បង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដោយអចេតនាណាមួយ៕