Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធក្នុងតម្លៃសរុប ១ពាន់លានដុល្លារដល់ប្រទេសកាតា

Admin Alynana | Dec 01, 2022
សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធក្នុងតម្លៃសរុប ១ពាន់លានដុល្លារដល់ប្រទេសកាតា
Clinic narith

(វ៉ាស៉ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តលើកិច្ចព្រមព្រៀងលក់អាវុធ ដែលអូសបន្លាយយូរជាមួយប្រទេសកាតា ដោយការយល់ព្រមផ្គត់ផ្គង់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាមួយនេះ នូវយន្តហោះដ្រូន (UAV) ដែលមានតម្លៃ ១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេសកាតាបានដាក់សំណើរដើម្បីទិញ UAV រួមទាំងយន្តហោះដ្រូនប្រភេទ MQ-9 តាំងពីឆ្នាំ២០២០មកម្ល៉េះ។ ប៉ុន្តែ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបនឹងបានប្រកាសអំពីការអនុម័តនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះរួមមានការលក់ប្រព័ន្ធដ្រូនទំនើបចំនួន១០ ឧបករណ៍ស្ទាក់ចាប់យន្តហោះដ្រូនចំនួន២០០ និង សម្ភារពាក់ព័ន្ធផ្សេងទៀត។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ការលក់ UAV ទៅឲ្យកាតា គឺជាផ្នែកមួយនៃគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្នុងន័យជួយកែលម្អសន្តិសុខនៃប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ វាក៏នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសកាតា ក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត តាមរយៈការផ្តល់នូវសមត្ថភាព ប្រឆាំងប្រព័ន្ធយន្តហោះដ្រូន ជាដើម។

គួរបញ្ជាក់ថា ទោះបីជាទំនាក់ទំនងរវាងទីក្រុងដូហា (Doha) និងទីក្រុងវ៉ាស៊ីនតោន មានភាពជិតស្និទ្ធក្តី ក៏មន្ត្រីសហរដ្ឋអាមេរិកមានការយឺតយ៉ាវក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ ដោយសារតែមានការព្រួយបារម្ភពីទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ រួមទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ផងដែរ។ អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា នៅក្នុងឆ្នាំ២០១៧ ដោយចោទប្រកាន់ប្រទេសនេះថាគាំទ្រពួកភេរវករ៕