Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​សេដ្ឋកិច្ច ដាក់ឱ្យ​ដំណើរការ​ស្តង់ដា​គណនេយ្យ​សាធារណៈ​មូលដ្ឋាន​បង្គរ​នៅ​កម្ពុជា​

Admin Alynana | Dec 01, 2022
ក្រសួង​សេដ្ឋកិច្ច ដាក់ឱ្យ​ដំណើរការ​ស្តង់ដា​គណនេយ្យ​សាធារណៈ​មូលដ្ឋាន​បង្គរ​នៅ​កម្ពុជា​
Clinic narith

 

Content image - Phnom Penh Post

 

​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ឲ្យ​ដំណើរការ​ស្តង់ដា​គណនេយ្យ​សាធារណៈ​មូលដ្ឋាន​បង្គរ​នៅ​កម្ពុជា ទៅដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​ការប្រើប្រាស់ និង​ត្រួតពិនិត្យ​នូវ​របាយការណ៍​អំពី​លំហូរ​សាច់ប្រាក់ ដែល​រាជរដ្ឋាភិបាល​ទម្លាក់​ថ​វិកា​ដាក់ជូន​លើ​ផ្នែក​ចំណូល ឬ​ការចំណាយ​ផ្សេងៗ​របស់​ក្រសួង​-​ស្ថាប័ន​នីមួយៗ​។​

​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក ងី តា​យី បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​យុទ្ធសាស្ត្រ ស្តីពី​ការអនុវត្ត​ស្តង់ដា​គណនេយ្យ​សាធារណៈ​មូលដ្ឋាន​បង្គរ​នៅ​កម្ពុជា ២០២១-២០៣១ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ថា ស្តង់ដា​គណនេយ្យ​សាធារណៈ​មូលដ្ឋាន​សាច់ប្រាក់ មាន​ចំណុចខ្សោយ​មួយចំនួន​ពាក់ព័ន្ធ​នឹង​តម្រូវការ​ព័ត៌មាន​ហិរញ្ញវត្ថុ​ចាំបាច់​នានា​។​

​លោក​បាន​បន្តថា ដោយហេតុថា ប្រតិបត្តិការ​គណនេយ្យ​មូលដ្ឋាន​សាច់ប្រាក់ ត្រូវបាន​ទទួលស្គាល់​តែ​ទៅ​ពេលដែល​ស្ថាប័ន​បានទទួល​សាច់ប្រាក់ ឬ​បាន​ទូទាត់​សាច់ប្រាក់​ប៉ុណ្ណោះ ដោយ​មិន​បានគិត​អំពី​ពេលវេលា​នៃ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង ឬ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​នៃ​ប្រតិបត្តិការ​ទាំង​នោះទេ​។​

​លោក ងី តា​យី បាន​មានប្រសាសន៍ថា ៖ «​វឌ្ឍនភាព​ទាំងនេះ​បាន​ចូលរួមចំណែក​ដល់​រាជរដ្ឋាភិបាល ក្នុង​ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ហើយ​ជា​លទ្ធផល​គុណភាព និង​ភាព​ស៊ីជម្រៅ​នៃ​ទិន្នន័យ​ព្រមទាំង​ព័ត៌មាន​ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កំពុងមាន​នាពេល​បច្ចុប្បន្ន បានធ្វើឱ្យ​គុណភាព​នៃ​របាយ​ការ​ណ៏​ហិរញ្ញវត្ថុ និង​របាយការណ៍​ពាក់ព័ន្ធ​ផ្សេងៗ​កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង សម្រាប់​អ្នកប្រើប្រាស់​របាយការណ៍​ហិរញ្ញវត្ថុ​»​។​

​បើតាម​លោក ងី តា​យី រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នានា​ទូទាំង​សកលលោក រួមទាំង​កម្ពុជា​ផង បាននិងកំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​គណនេយ្យភាព និង​តម្លាភាព​ហិរញ្ញវត្ថុ ក្នុងការ​ចែករំលែក​ទិន្នន័យ​ដល់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​នានា ព្រមទាំង​យកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការប្រើប្រាស់​ធនធាន​រប​ស់​ប្រទេស ក្នុង​ការផ្តល់​សេវាសាធារណៈ​។​

 

​លោក​បាន​សង្កត់ធ្ងន់ថា ៖ «​ស្តង់ដា​គណនេយ្យ​នេះ ប្រទេសមួយ​ចំនួន​ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ពីព្រោះ​យើង​បាន​បង្កើត​ស្តង់ដា​នេះ​ឡើង​មិនមែន​សម្រាប់តែ​ប្រទេស​យើង​តែមួយ​ទេ គឺ​សម្រាប់​ប្រទេស​សឹងតែ​មួយ​សកលលោក នៃ​ការវិវត្ត​និង​ការរីកចម្រើន​គណនេយ្យ​សាធារណៈ​នេះ ដែល​វា​បាន​នាំមក​នូវ​តម្លាភាព​ចំពោះ​ការប្រើប្រាស់​ថវិកាជាតិ​ផងដែរ​»​។​

​ជាមួយគ្នានេះដែរ លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ស្តង់ដា​គណនេយ្យ​ដែល ក្រសួង​សេដ្ឋកិច្ច​បានដាក់​ឱ្យ​ដំណើរការ​នេះ នឹងមាន​ប្រសិទ្ធភាព​ពីព្រោះ បើ​ក្រសួង​ស្ថាប័ន​មិន​អនុវត្តតាម​ការកំណត់​ស្តង់ដា​គណនេយ្យ​មូលដ្ឋាន​សាច់ប្រាក់ នេះ​ទេ និង​ហិរញ្ញប្បទាន​សម្រាប់​ប្រើប្រាស់​នៅតាម​ក្រសួង​ស្ថាប័ន​មិន​ត្រូវបាន​ផ្តល់ជូន​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ ចង់​មិន​ចង់​ស្តង់ដា​នេះ នឹង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​»​។

​សូមបញ្ជាក់ថា គណនេយ្យ​មូលដ្ឋាន​សាច់ប្រាក់ និង​គណន​យ្យ​មូលដ្ឋាន​បង្គរ ត្រូវបាន​ធ្វើឡើង​ដោយ ផ្អែកលើ​គោលការណ៍​ថា ចំណូល ចំណាយ និង​គណនេយ្យ សម្រាប់​ទ្រព្យសកម្ម​និង​បំណុល​ពាក់ព័ន្ធ ឆ្លុះបញ្ចាំង​ពិ​ប្រតិបត្តិការ ឬ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ ជាជាង​ប្រតិបត្តិការ ឬ​ព្រឹត្តិការណ៍​ដែល​ត្រូវបាន​កត់ត្រា​នៅពេលដែល​ស្ថាប័ន​បានទទួល​សាច់ប្រាក់ ឬ​បាន​ទូទាត់​សាច់ប្រាក់​។ ការប្រើប្រាស់ និង​ការដាក់​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​សំខាន់ៗ​ទាំង ៣ រួមមាន របាយការណ៍​លទ្ធផល​ហិរញ្ញវត្ថុ របាយការណ៍​ស្ថានភាព​ហិរញ្ញវត្ថុ និង​របាយការណ៍​លំហូរ​សាច់ប្រាក់​៕