ក្រុមហ៊ុន មីនេបៀ Minebea(Cambodia)ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុន បានត្រៀមបង្កើតរោងចក្រថ្មីមួយទៀតរបស់ខ្លួន នៅក្នុងខេត្ដពោធិ៍សាត់។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia)។
ថ្លែងនៅក្នុងពិធីខាងលើសម្ដេចតេជោបានមានប្រសាសន៍ថា «តាមដឹងលោក កែវ រតនៈ រាយការណ៍ឲ្យខ្ញុំថានឹងនាំលោក កៃនុម៉ា ទៅពោធិ៍សាត់ ដើម្បីទៅដាក់រោងចក្រមួយ ដែលមានកម្លាំង ៩០ មេហ្គាវ៉ាត់ ដែលនៅទីនោះស្រាប់ ដែលប្រើដោយថាមពលពន្លឺព្រះអាទិត្យសុទ្ធសាត»។ សម្ដេចមានប្រសាសន៍បន្ដថា «អ៊ីចឹងទេបើដំឡើងរោងចក្រមួយទៀត នៅឯខេត្ដពោធិ៍សាត់គឺដំឡើងនៅក្បែរនោះតែម្ដងទៅ ហើយយកថាមពលចេញពី ពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់រោងចក្រ»។
សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ បានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក៕