ពិតជាគួរឲ្យភ្ងាក់ផ្អើលធនាគារ HSBC ដែលជាធនាគារធំបំផុតរបស់អស់គ្លេសមានអាយុកាលជាង១៥០ឆ្នាំបានប្រកាសថានឹងសម្រេចបិទសាខាចំនួន ១១៤សាខាបន្ថែមទៀតនៅក្នុងឆ្នាំ២០២៣ខាងមុខ នេះបើយោងតាមការចុះផ្សាយសាររបស់សារព័ត៌មានThe Guardian របស់អង់គ្លេស។
ប្រភពដដែលបានឲ្យដឹងថា ធនាគារ HSBC គ្រោងនឹងបិទសាខាចំនួន ១១៤សាខាបន្ថែមនៅចក្រភពអង់គ្លេស ពោលគឺជាងមួយភាគបីនៃបណ្ដាញសាខារបស់ខ្លួន ខណៈចំនួនអតិថិជនតាមបណ្ដាញសាខាមានការធ្លាក់ចុះ២ភាគ៣ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
មូលហេតុចម្បងដែលធ្វើឲ្យធនាគារចាស់វស្សារបស់អង់គ្លេសមួយនេះ បង្ខំចិត្តបិទទ្វារសាខារបស់ខ្លួនរាប់រយបែបនេះគឺដើម្បីឆ្លើយទៅនឹងការផ្លាស់ប្ដូរទម្លាប់នៃការប្រើប្រាស់សេវាធនាគាររបស់អតិថិជន។ ត្រង់នេះដែរ ធនាគារ HSBC បានបញ្ជាក់ប្រជាជនជាច្រើនចាប់ផ្ដើមប្ដូរទម្លាប់នៃការប្រើប្រាស់សេវាធនាគារ ដោយពួកគាត់ប្ដូរពីការប្រើប្រាស់សេវាធនាគារ បែបប្រពៃណីមកការប្រើប្រាស់សេវាធនាគារបែបឌីជីថលវិញម្ដង។ ដូច្នេះហើយធនាគារ HSBC ត្រូវបង្ខំចិត្តបិទសាខារបស់ខ្លួនជាបន្តបន្ទាប់ខណៈអតិថិជនកាន់តែច្រើនឡើងងាកមកប្រើប្រាស់សេវាធនាគារអនឡាញវិញ។
ដោយសារតែការផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់សេវាធនាគាររបស់តិថិជន ធនាគារ HSBC បាននិងកំពុងវិនិយោគលុយរាប់លានដុល្លារដើម្បីធ្វើបច្ចុប្បន្នភាព( update) សាខារបស់ខ្លួនដែលនៅសេសសល់ ដើម្បីបម្រើអតិថិជនឲ្យសមស្របទៅនឹងរបៀបប្រើប្រាស់សេវាធនាគារបស់អតិថិជន។
គួរបញ្ជាក់ផងដែរ HSBC គឺជាធនាគារធំបំផុតរបស់អង់គ្លេស ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៦៥ ចំណែកទ្រព្យសកម្មរបស់ធនាគារយក្សមួយនេះមានដល់ទៅជាង២ពាន់ពាន់លានដុល្លារ៕