Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់វិមាន៧មករា

Admin Alynana | Dec 02, 2022
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់វិមាន៧មករា
Clinic narith

 

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧០០នាទីព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅវិមាន៧មករា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ, រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស ចរាចរចំពោះយានយន្ត គ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕