Alynana Media Cambodia
Icon Collap
clinic narit

អត្រាប្រាក់ឈ្នួល ដែលនៅទ្រឹងរបស់ប្រទេសជប៉ុននឹងលែងទាក់ទាញកម្មករពីអាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំខាងមុខនេះ

Admin Alynana | Dec 06, 2022
អត្រាប្រាក់ឈ្នួល ដែលនៅទ្រឹងរបស់ប្រទេសជប៉ុននឹងលែងទាក់ទាញកម្មករពីអាស៊ីអាគ្នេយ៍នៅប៉ុន្មានឆ្នាំខាងមុខនេះ
Clinic narith

(ជប៉ុន)៖ អត្រាប្រាក់ឈ្នួល ដែលនៅទ្រឹងរបស់ប្រទេសជប៉ុន កំពុងបង្កភាពមិនច្បាស់លាស់សម្រាប់ប្រទេសដែលមានតម្រូវការកម្លាំងពលកម្មពីក្រៅប្រទេសដ៏ច្រើនមួយនេះ ដោយសារតែវាលែងមានភាពទាក់ទាញសម្រាប់ក្រុមកម្មករមកពីតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិនតទៅទៀតហើយ នៅត្រឹមដើមទសវត្សរ៍ឆ្នាំ២០៣២។ នេះបើតាមការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន។

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន ហៅកាត់ថា ជេស័រ (JCER) បានសិក្សាទៅលើ ប្រាក់ឈ្នួលកម្មករក្នុងស្រុក ដូចជានៅក្នុងប្រទេសចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនបេស៊ី និង ប្រទេសថៃ ដោយប្រៀបធៀបនឹងប្រាក់ឈ្នួលរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ផ្តល់ឱ្យកម្មករបរទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស។

លទ្ធផលនៃការសិក្សាបង្ហាញថា នៅឆ្នាំ២០៣២ ប្រាក់ឈ្នួលនៅតាមរោងចក្រជាច្រើន លើកលែងតែនៅប្រទេសហ្វីលីពីន ត្រូវបានគេព្យាករថា នឹងមានច្រើនជាងពាក់កណ្តាលនៃប្រាក់ឈ្នួលកម្មករនៅប្រទេសជប៉ុន។ នៅពេលដែលប្រាក់ឈ្នួលក្នុងស្រុកឈានដល់កម្រិតលើស៥០%នៃប្រាក់ឈ្នួលក្រៅស្រុក នោះកម្មករអាចនឹងមានការស្ទាក់ស្ទើរក្នុងការចាកចេញពីប្រទេសកំណើត មកធ្វើការក្នុងប្រទេសជប៉ុន។ ជាក់ស្តែង ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់យ៉េនជប៉ុននៅមួយរយៈចុងក្រោយ កំពុងជំរុញពលករបរទេសមួយចំនួនរួចទៅហើយ ចាកចេញពីប្រទេសមួយនេះ ខណៈប្រទេសមានសេដ្ឋកិច្ចរីកចម្រើននៅអាស៊ីផ្សេងទៀត កំពុងប្រកួតប្រជែងគ្នាដើម្បីទាក់ទាញកម្លាំងពលកម្មបន្ថែម ពិសេសកម្លាំងពលកម្មជំនាញ។

ការសិក្សាដដែលនេះ ក៏បានពិនិត្យមើលប្រាក់ឈ្នួលរោងចក្រធម្មតា ក្នុងទីក្រុងប៉េកាំង សៀងហៃ ហាណូយ ទីក្រុងហូជីមិញ ម៉ានីល ហ្សាកាតា និងបាងកក ដោយប្រើទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន និងការព្យាកររបស់ JCER។

ប្រាក់ឈ្នួលកម្មករបច្ចេកទេសរបស់ប្រទេសជប៉ុន គឺផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ដោយសម្រាប់ប្រាក់ឈ្នួលនៅឆ្នាំ២០២១ និងបន្តរហូតដល់ឆ្នាំ២០៣០ ការសិក្សារបស់ JCER សន្មត់ថាការកើនឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យមមានត្រឹមតែ ១,៦%ប៉ុណ្ណោះក្នុងមួយឆ្នាំ។

គួរជម្រាបថា ទិន្នន័យរបស់ក្រសួងយុត្តិធម៌បង្ហាញថា ជនជាតិវៀតណាមគឺជាជនជាតិច្រើនជាងគេបំផុតនៃជនបរទេសមកធ្វើការនៅក្នុងប្រទេសជប៉ុន បន្ទាប់មកគឺជនជាតិចិន។ ក្នុងនោះកម្មករវៀតណាមបានកើនឡើង១២ដងក្នុងរយៈពេល១០ឆ្នាំមកនេះ ដល់ចំនួនសរុបប្រមាណ១៦ម៉ឺននាក់។

ការសិក្សារបស់ JCER បានរកឃើញថា កម្មកររោងចក្រនៅប្រទេសវៀតណាម ទទួលបានប្រាក់ឈ្នួលប្រហែល២១៥ដុល្លារក្នុងមួយខែក្នុងកាលពីឆ្នាំ២០២១ ខណៈសិក្ខាកាមកម្មករបច្ចេកទេសនៅជប៉ុនអាចរកបានប្រមាណ ១២០០ដុល្លារក្នុងមួយខែ។ យើងស្តាប់មើលទៅថាប្រាក់ឈ្នួលនេះមានច្រើនជាងក៏ពិតមែន តែចូរកុំភ្លេចថា ការចំណាយលើការរស់នៅក្នុងប្រទេសជប៉ុន និងការធ្វើដំណើរជាដើម អាចត្រូវប្រើប្រាស់ច្រើនជាងពាក់កណ្តាលនៃប្រាក់ឈ្នួលនេះ។

ការសិក្សារកឃើញទៀតថា កម្មករនៅឥណ្ឌូនេស៊ី និងប្រទេសថៃ រកបានតិចជាងនៅជប៉ុនតែ ២៦% និង ២៩%ប៉ុណ្ណោះ ហើយការចំណាយនៅប្រទេសកំណើតក៏មានតិចជាងផងដែរ ធ្វើឱ្យពួកគេផ្តើមមរារែកចាកចេញទៅធ្វើការនៅក្រៅប្រទេស ពិសេសគឺប្រទេសជប៉ុន។

ការសិក្សាបានព្រមានថា ប្រសិនបើអត្រាប្រាក់ឈ្នួលនៅជប៉ុនបន្តមានកំណើនទ្រឹង ឬយឺតជាង ប្រទេសអាស៊ីអាស៊ីអាគ្នេយ៍ កម្មករក្នុងប្រទេសទាំងនេះ នឹងលែងជ្រើសយកជប៉ុនជាគោលដៅរបស់ខ្លួនទៀត ឬមួយពួកគេអាចជ្រើសធ្វើការនៅក្នុងស្រុកតែម្តង ហើយជប៉ុននឹងបាត់បង់កម្លាំងពលកម្មយ៉ាងច្រើន។

លើសពីនេះ ប្រជាជននៅអាស៊ីអាគ្នេយ៍មានជម្រើសទីតាំងការងារជាច្រើន លើសពីប្រទេសជប៉ុន។ ក្នុងនោះ អាចមានទីផ្សារនៅកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងនៅមជ្ឈិមបូព៌ាក៏ចង់បានកម្លាំងពលកម្មកាន់តែច្រើនដែរ ខណៈលក្ខខណ្ឌការងារ និងការចាយវាយក៏ល្អជាងនៅប្រទេសជប៉ុនផងដែរ៕