ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវចំនួន២ នៅក្នុងភាគខាងជើង និងខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ ស្លាប់ និង១៥ នាក់ផ្សេងទៀត រងរបួស។
ការបំផ្ទុះទី១ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ នៅភាគកណ្ដាលនៃទីក្រុង Mazar-i- Sharif ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ។ តំបន់នេះ ត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់។
នគរបាលក្រោមការដឹកនាំក្រុមអ៊ីស្លាមមួយនេះ បាននិយាយថា គ្រាប់បែកនោះត្រូវបានដាក់ក្នុងរទេះមួយនៅតាមផ្លូវ។ វាបានផ្ទុះនៅពេលរថយន្តក្រុងដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿងបានទៅដល់។ ពួកគេនិយាយថា មនុស្ស៧នាក់បានស្លាប់ រួមទាំងក្រុមអ្នកដំណើរនៅលើរថយន្តក្រុងនោះ និងមានមនុស្ស៦នាក់របួស។
ការបំផ្ទុះទី២ បានកើតឡើងនៅពេលរសៀលថ្ងៃដដែល នៅផ្សារប្ដូរប្រាក់ក្នុងទីក្រុង Jalalabad ភាគខាងកើតប្រទេស។ ក្រុមអាជ្ញាធរនិយាយថា មនុស្ស៩នាក់រងរបួស។ ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះទាំងនោះទេ។
សន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែអស្ថិរភាព ដោយសារតែការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលប្រឆាំងនឹងក្រុមតាលីបង់៕