Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផលិតផលប្រទេសណា ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ អឺរ៉ុបមិនអនុញ្ញាតឲ្យនាំចូលទៀតឡើយ!

Admin Alynana | Dec 08, 2022
ផលិតផលប្រទេសណា ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ អឺរ៉ុបមិនអនុញ្ញាតឲ្យនាំចូលទៀតឡើយ!
Clinic narith

សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារដើម្បីដាក់ការហាមឃាត់ទៅលើការនាំចូលផលិតផលមួយចំនួន រួមមានផលិតផលកាហ្វេ កាកាវ និងសណ្តែកសៀងផងដែរ នៅក្នុងករណីដែលការដាំដុះ និងប្រមូលផលផលិតផលទាំងនេះត្រូវបានគេចាត់ទុកថាមានការរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួន។

សេចក្តីព្រាងច្បាប់ ដែលមានបំណងធានាបាននូវ«ខ្សែចង្វាក់ផ្គត់ផ្គង់គ្មានការកាប់បំផ្លាញព្រៃឈើ»សម្រាប់សហភាពអឺរ៉ុបទាំង ២៧ ប្រទេសនេះ ទទួលបានការសាទរពីក្រុមបរិស្ថានយ៉ាងខ្លាំង ដោយគេចាត់ទុកថា វាគឺជា «ការបំបែករនាំងឧបសគ្គមួយ»។

ច្បាប់នេះតម្រូវឱ្យក្រុមហ៊ុនដែលនាំចូលទៅសហភាពអឺរ៉ុបត្រូវធានាបានថា ផលិតផលទាំងអស់ គឺមិនត្រូវបានផលិតនៅលើដីដែលរងការកាប់បំផ្លាញព្រៃឈើ គិតនៅក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងធានាបានថា ពួកគេត្រូវគោរពតាមច្បាប់ទាំងអស់ នៃប្រទេសជាប្រភពនាំចូល។

វិសាលភាពនៃច្បាប់ថ្មីនេះគ្របដណ្ដប់លើផលិតផលដូចជា ប្រេងដូង សណ្តែក កាហ្វេ កាកាវ ឈើ និងកៅស៊ូ សាច់គោ គ្រឿងសង្ហារឹម និងសូកូឡាជាដើមផងដែរ។

ផលិតកម្មខុសច្បាប់បានជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននៅប្រទេសមួយចំនួនដូចជាប្រេស៊ីល ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នីហ្សេរីយ៉ា កុងហ្គោ អេត្យូពី ម៉ិកស៊ិក និងក្វាតេម៉ាឡា។

អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ផ្ទៃដីសរុបធំជាងផ្ទៃដីសហភាពអឺរ៉ុប ឬក៏ប្រហែល ៤២០ លានហិកតាត្រូវបានកាប់បំផ្លាញព្រៃឈើនៅជុំវិញពិភពលោកក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។

សហភាពអឺរ៉ុបគឺជាទីផ្សារធំទី២សម្រាប់ការប្រើប្រាស់នៃផលិតផលតាមគោលដៅបន្ទាប់ពីប្រទេសចិន។ លោក ផាស្កាល់ ខេនហ្វីន (Pascal Canfin) ប្រធានគណៈកម្មាធិការបរិស្ថាននៅសភាអឺរ៉ុបបានសាទរចំពោះកិច្ចព្រមព្រៀងនេះ។

ក្រុមអ្នកតស៊ូមតិខាងបរិស្ថានក៏បានហៅសេចក្តីព្រាងច្បាប់ដែលបានព្រមព្រៀងគ្នារវាងសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបនេះថាជា«ការបំបែកឧបសគ្គដ៏សំខាន់» ហើយអង្គការមូលនិធិសត្វព្រៃសម្រាប់ធម្មជាតិពិភពលោក (WWF) បានហៅច្បាប់នេះថាជា«របត់ថ្មីជាប្រវត្តិសាស្ត្រ»។

អង្គការ WWF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ច្បាប់នេះគឺជាលើកដំបូងនៅក្នុងពិភពលោកដើម្បីដោះស្រាយការកាប់បំផ្លាញព្រៃឈើជាសកល៕