សហរដ្ឋអាមេរិក កំពុងប្រឹងប្រែងបង្កើនការលក់អាវុធទៅឱ្យវៀតណាម នៅខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មវិស័យការពារអន្តរជាតិទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។
ព្រឹត្តិការណ៍ដែលត្រូវប្រារព្ធឡើងរហូតដល់ថ្ងៃទី១០ ខែធ្នូនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការពង្រីកការផ្គត់ផ្គង់អាវុធរបស់ខ្លួន។
ចាប់តាំងពីសហរដ្ឋអាមេរិក លុបចោលការហាមឃាត់លើការលក់អាវុធទៅឱ្យវៀតណាមក្នុងខែឧសភាឆ្នាំ ២០១៦ មក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងការពារជាតិជាច្រើនរួមមានដូចជា យន្តហោះគ្មានមនុស្សបើក ScanEagle ចំនួន៦ គ្រឿង និងយន្តហោះហ្វឹកហាត់ Beechcraft T-6 Texan II ចំនួន ១២ គ្រឿង។
លោកឧត្តមសេនីយ ជេរ៉េដ ហេលវីក (Jered Helwig) អគ្គបញ្ជាការនៃកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិក បាននិយាយថា៖ «យើងសម្លឹងរកការបន្តនូវអ្វីដែលយើងបានធ្វើ និងពង្រីកសក្តានុពលក្នុងល្បឿនណាដែលវៀតណាមចង់ទៅ»។
គួរជ្រាបថា យន្តហោះប្រភេទ T-6 ចំនួន ៣គ្រឿងដំបូងនឹងត្រូវដឹកបញ្ជូនទៅឱ្យវៀតណាមនៅឆ្នាំ ២០២៤ ចន្លោះខែមីនា និងខែមិថុនា។ ហើយការប្រគល់យន្តហោះ T-6 ដែលនៅសេសសល់ទៅឱ្យទីក្រុងហាណូយ នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៤ និង ២០២៧។ នេះ បើតាមមន្ត្រីយោធាអាមេរិកម្នាក់ ប្រាប់សារព័ត៌មាន CNA។
ចំណែក យន្តហោះចម្បាំង ScanEagle UAVs ត្រូវបានគេរំពឹងថានឹងបញ្ជូនទៅកាន់ប្រទេសវៀតណាម នៅពេលដែលឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសនេះ បានបញ្ចប់ការបណ្តុះបណ្តាលលើប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក។
គួរបញ្ជាក់ជូនដែរថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ឱ្យវៀតណាមនូវនាវាដ៏ធំ (Hamilton-class cutters) ចំនួនពីរគ្រឿង ដើម្បីបង្កើនសមត្ថភាពរបស់វៀតណាមក្នុងការយាមល្បាតនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ សហរដ្ឋអាមេរិកបានបន្ថែមថា កិច្ចចរចាកំពុងតែដំណើរការសម្រាប់ការបញ្ជូននាវាប្រភេទ Hamilton-class ទី៣ទៅឱ្យប្រទេសវៀតណាម។
ទន្ទឹមនេះ ក្រុមអ្នកជំនាញបាននិយាយដែរថា ការទិញយន្តហោះហ្វឹកហាត់របស់អាមេរិកពីសំណាក់វៀតណាម គឺជាសញ្ញាបង្ហាញថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងទិញយន្តហោះចម្បាំងពីអាមេរិកទៀតនាពេលអនាគត៕